
លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាក្នុងពិធីមួយនាពេលកន្លងមក។ រូបថត CRC
ភ្នំពេញៈ ក្នុងឱកាស “ទិវាឆ្មបជាតិ ៥ ឧសភា” ដែលនឹងប្រារព្ធឡើងនៅខាងមុខនេះ កាកបាទក្រហមកម្ពុជាអំពាវនាវដល់បុគ្គលិកសុខាភិបាលផ្តល់សេវាថែទាំ សម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ ខណៈអត្រាមរណភាពមាតាបន្តធ្លាក់ចុះ រីឯអត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញមានការកើនឡើង។
ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ លោកស្រី ប៊ុន រ៉ានី បានចេញសារលិខិតជូនបងប្អូនជនរួមជាតិក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ក្រោមប្រធានបទ “វិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋមសំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល”។
លិខិតបញ្ជាក់ថា៖ «ថ្ងៃនេះយើងប្រារព្ធទិវាឆ្មបជាតិ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងតាំងពីបាតដៃទទេ ប្រមូលផ្ដុំកម្លាំងឆ្មបកម្ពុជា ដែលនៅសេសសល់រស់រានមានជីវិត ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានពុះពារគ្រប់ឧបសគ្គ ជម្នះរាល់ការលំបាកជួយស្ត្រីក្នុងការថែទាំផ្ទៃពោះ ការសម្រាល និងការថែទាំក្រោយសម្រាលរហូតសម្រេចបានជាជំហានៗនូវកម្រិតអភិវឌ្ឍសព្វថ្ងៃនេះ»។
លិខិតបន្តថា៖ «ដែលជារួម សមាគមឆ្មបកម្ពុជា គណៈឆ្មបកម្ពុជាបាននិងកំពុងតែសកម្មក្នុងការជួយតម្រង់ទិសការងារឆ្មប និងការពារវិជ្ជាជីវៈឆ្មប។ សាកលវិទ្យាល័យ វិទ្យាស្ថានបណ្តុះបណ្តាលជាច្រើនកំពុងដំណើរការបណ្ដុះបណ្ដាលឆ្មប ហើយមូលដ្ឋានសុខាភិបាលមួយចំនួនទៀតក៏ចូលរួមយ៉ាងសកម្មក្នុងការបង្វឹកឆ្មបនេះផងដែរ»។
ក្នុងសារលិខិតរបស់ប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវបុគ្គលិកសុខាភិបាលផ្តល់ប្រឹក្សា អប់រំដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន។ ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា និងផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល ក៏ដូចជាផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។
លិខិតបន្តថា បើទោះបីជា ស្ថានភាពជំងឺកូវីដ ១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចបានលទ្ធផល ទៅតាមគោលដៅ ដូចជា អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី ១៧០ ក្នុងចំនួនទារកកើតរស់ ១០០ ០០០ នាក់ នៅឆ្នាំ ២០១៤ មកនៅត្រឹម ១៤១ នាក់ ក្នុងទារកកើតរស់ចំនួន ១០០ ០០០ នាក់ នៅឆ្នាំ ២០១៩។
ជាមួយគ្នានេះ អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី ៨៥% នៅឆ្នាំ ២០១៦ ទៅដល់ ៨៩% នៅឆ្នាំ ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាលក៏បានកើនពី ៨០% ទៅ ៨៩% ក្នុងអំឡុងពេលដូចគ្នានេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំលោក ស្រី ស៊ិន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅការសម្រាលកូននៅមន្ទីរសុខាភិបាលក៏ដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងពិគ្រោះយោបល់ពេលមានផ្ទៃពោះមានការកើនឡើង។
លោកថ្លែងថា៖ «ដោយសារមានការផ្សព្វផ្សាយ ហើយយើងបង្កើននូវគុណភាពនៃការផ្តល់សេវានៅមូលដ្ឋាន អ៊ីចឹងយើងឃើញថា នៅកំពង់ធំ ការសម្រាលកូនដោយឆ្មបបុរាណលែងមានទៀតហើយ ដោយសារគាត់ជឿទុកចិត្តមកលើឆ្មបជំនាញរបស់យើង ដែលធានាបាននូវសុវត្ថិភាពរបស់ពួកគាត់»។
លោកបន្តថា បន្ថែមពីនេះគួបផ្សំជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់លើស្រី្តមានផ្ទៃពោះផងនោះ ទើបធ្វើឱ្យអត្រាមរណភាព មាតាមានការធ្លាក់ចុះជាបន្តបន្ទាប់។
លោកថា៖ «ដោយសារស្ត្រីមានផ្ទៃពោះ ដែលមានបណ្ណក្រីក្រក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺផ្តល់ជូនតាំងពីមានផ្ទៃពោះ ហើយក្រោយពីសម្រាលដល់កូនអាយុ ២ ឆ្នាំ គាត់មកចាក់វ៉ាក់សាំង និងពិនិត្យផ្ទៃពោះ ក្រោយសម្រាល ថែមទាំងទទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀត»។
ទោះយ៉ាងណា លោកស្រីប្រធានកាកបាទក្រហមក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១ មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារក ឬកូនតូចគ្រុនក្តៅ ឬមានអាការខុសប្រក្រតី ឬពិបាកដកដង្ហើម។
លិខិតបញ្ជាក់ថា កាកបាទក្រហមកម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល តាមបណ្ដាញព័ត៌មាន ដោយពាំនាំនូវសារគន្លឹះសំខាន់ៗលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីជាមាតា។ ស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីមានផ្ទៃពោះស្តីពីសារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ ការទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ។ ការថែទាំក្រោយសម្រាល ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន ការបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារូបត្ថម្ភមានជីវជាតិដល់កុមារ និងការដោះស្រាយផ្តល់ស្បៀងសម្រាលការលំបាកដល់ស្ត្រីរាប់ពាន់គ្រួសារក្នុង ១ ឆ្នាំៗ៕