កំពង់ស្ពឺៈ កម្លាំង​នគរបាល​ស្រុក​ឱរ៉ាល់​បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង ខណៈ​អ្នក​បើកបរ​រថយន្ត​បាន​រត់គេចខ្លួនបាត់​នៅពេល​ចុះ​ល្បាត​រក្សា​សន្តិសុខ​នៅ​ភូមិ​ត្រពាំងអង្គ្រង ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​នៅ​យប់​ថ្ងៃទី ១ ខែឧសភា និង​បាន​បញ្ជូន​រថយន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ភ្លាមៗ​។

លោក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱរ៉ាល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២ ឧសភា​ថា រថយន្ត​ដឹកឈើ​នោះ​ត្រូវបាន​ចាប់​ឃាត់​ម៉ោង ២ យប់​ថ្ងៃទី ១ ឧសភា ហើយ​បាន​បញ្ជូន​ភា្លមៗ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​វាស់វែង​ជាមួយ​អ្នកជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ជនសង្ស័យ​ជា​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ លោក​ថា​៖ «​យើង​ប្រគល់​ទៅឱ្យ​ជំនាញ​សេដ្ឋកិច្ច​ខេត្ត​គេ​យកទៅ​ទាំងអស់​ហ្នឹង អត់​មាន​ធ្វើការ​វាស់វែង​នៅ​កន្លែង​យើង​នេះ​ទេ​ការវាស់វែង​គឺ​នគរបាល​សេដ្ឋកិច្ច​ខេត្ត គេ​សហការ​ជាមួយ​ជំនាញ​មេព្រៃ​»​។ កម្លាំង​នគរបាល​មិនដឹង​ច្បាស់​ថា រថយន្ត​នោះ ធ្វើដំណើរ​ទៅកាន់​ទីណា​ប្រាកដ​ឡើយ តែ​អាច​ដឹកឈើ​ចេញពី​ឃុំ​ត្រពាំងជោរ​បម្រុង​ធ្វើដំណើរ​ឆ្ពោះទៅ​ស្រុក​ថ្ពង​។ ឈើ​ក្នុង​រថយន្ត​នោះ​ជា​ប្រភេទ​ឈើ​ម្រេញ​អារ​ជា​បន្ទះៗ​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែឧសភា​ថា រថយន្ត​ដឹកឈើ​កំពុង​ត្រូវបាន​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​ចំនួន​ឈើ​នៅ​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ ដោយ​កំពុង​រង់ចាំ​ខាង​រដ្ឋបាល​ព្រៃឈើ មក​ធ្វើការ​វាស់វែង​រួមគ្នា​។ លោក​ថ្លែងថា​៖ «​កាលណា​មេព្រៃ​មក​យើង​វាស់វែង​ទាំងស់​គ្នា​ហើយ​ខាង​ខ្ញុំ​នឹងធ្វើ​កំណត់ហេតុ​ប្រគល់ជូន​គាត់​ហើយ​គាត់​យកទៅ​ណា​អាហ្នឹង​ខ្ញុំ​អត់​ដឹង​»​។

រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​បាន​នេះ ម៉ាក​សាំងយ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2H-6592 គ្មាន​លិខិតអនុញ្ញាត​ក្នុង​ការដឹកជញ្ជូន​អនុផល​ព្រៃឈើ​។ វត្ថុតាង​ពិនិត្យ​ជាក់ស្ដែង​មាន​ឈើ​អារ​ប្រភេទ​ចម្រុះ​ប្រមាណ​ ៤០ ​សន្លឹក រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ដ​ស្រាវជ្រាវ​៕