ភ្នំពេញៈ គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ​របៀប​រៀបរយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ​,​ឡាវ​-​កម្ពុជា នៅ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០២២ បាន​បើក​កិច្ចប្រជុំ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ថែរក្សា​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ហើយ​បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយចំនួន​ទាក់ទង​នឹង​ការធ្វើឱ្យ​មាន​ស្ថិរភាព សន្តិសុខ​កាន់តែ​ល្អ និង​ព្រំដែន​សន្តិភាព​ពិតប្រាកដ​។

លោក ឥត សារ៉ាត់ ប្រធាន​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ (Video Conference) ​ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាគី​ទាំង​ ២ ក្នុង​ការពង្រឹងពង្រីក​ចំណង​ទាក់ទង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ថែរក្សា​សន្តិសុខ​របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា​-​ឡាវ ឱ្យមាន​ស្ថិរភាព សន្តិសុខ​កាន់តែ​ល្អ និង​ព្រំដែន​សន្តិភាព​ពិតប្រាកដ​។

លោក​បាន​បន្តថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី ​២ រវាង​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​យើង​ទាំង​ ២ តែ​ក៏​ជា​លើក​ទី​ ១ ​ផងដែរ​របស់​ប្រធាន​ភាគី​ឡាវ ដើម្បី​បានបង្ហាញ​អំពី​សមាសភាព​គ្នា​ទៅវិញ​ទៅមក​រវាង​ភាគី​ទាំង​ ២ ​បាន​ស្គាល់គ្នា តាមរយៈ​នៃ​កិច្ចប្រជុំ​នេះ ដោយ​លោក​មានជំនឿថា ភាគី​កងទ័ព​ទាំង ​២ នឹង​អនុវត្ត​បាន​ល្អ ត្រឹមត្រូវ​តាម​អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២​។

លោក​បាន​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​ទាក់ទង​គ្នា និង​ជំរុញ​ឱ្យ​​មាន​សន្តិសុខ​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​, ឡាវ​-​កម្ពុជា ព្រមទាំង​បន្ត​សហការគ្នា​ដែលជា​ប្រពៃណី​តាំងពី​យូរលង់​ណាស់​មកហើយ និង​ការរស់នៅ​ដោយ​ភាព​សុខដុម​ជាមួយ​គ្នា​ជា​ប្រទេស​ជិត​ខាង​ល្អ​ភូមិ​ផង​របង​ជាមួយ​»​។

បើតាម​លោក ឥត សារ៉ាត់ តប​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​លើក​ទី​ ១ គណៈកម្មាធិការ​ប្រទេស​ទាំង ​២ ធ្លាប់បាន​ដាក់ចេញ​នូវ​កម្មវិធី​ប្រជុំ​ជាមួយគ្នា តាម​កាលវិភាគ​ប្រចាំឆ្នាំ តែ​ការប្រជុំ​កន្លងមក​មិនអាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​មានការ​រាតត្បាត​ពី​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​យើង​ទាំង​ ២ រហូតមកដល់​ពេលនេះ​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​នៅ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ ហើយ​ការរាតត្បាត​ក៏បាន​ធូរស្រាល​ជា​បណ្ដើរៗ​​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​។

តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​លើ​ ៣ ​ចំណុច​សំខាន់ៗ រួមមាន ១-​ ភាគី​ទាំង​ ២ ត្រូវមាន​ឆន្ទៈ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​​របស់​ប្រទេស​ទាំង​ ២ ​មាន សន្តិភាព មិត្តភាព សាមគ្គីភាព សហការ​ និង​ការអភិវឌ្ឍ​តាម​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​​ទាំង​ ២​។ ២-​ ជំរុញ​ទំនាក់ទំនង​​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ ​ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព ជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ ដោយ​បង្កើត​ឱ្យមាន​ការលេង​​កីឡា សិល្បៈ​កម្សាន្ត ទៅវិញទៅមក និង​ ៣- ​បន្ត​យន្តការ​ការងារ​​របស់​គណៈកម្មការ​កងទ័ព​ប្រទេស​ទាំង​ ២ ​ដែល​បាន​ដាក់ចេញ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ១ នាពេល​កន្លងមក​។

លោក វ៉ាន់ថន ប៊ុតតាក់វង្ស ប្រធាន​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ របៀប​រៀបរយ​តាម​បណ្ដោយ​ព្រំដែន ឡាវ​-​កម្ពុជា ថ្លែងថា ភាគី​ឡាវ​បាន​ឯកភាព​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ដោយបាន​សំណូមពរ​ដល់​ភាគី​កម្ពុជា​បន្ត​ជួបពិភាក្សា​គ្នា​បន្តទៀត តាមរយៈ​នៃ​ការជួបប្រជុំ​គ្នា​ផ្ទាល់​មុខ​ដោយ​ភាគី​ឡាវ​សុំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ប្រជុំ​មុន នៅក្នុង​ប្រទេស​ឡាវ ទៅតាម​ពេលវេលា​ជាក់ស្តែង និង​រួមគ្នា​ដោះស្រាយ​គ្រប់​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​ជាយ​ថាហេតុ​ណាមួយ​ដោយ​សន្តិវិធី​។

គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ​របៀប​រៀបរយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ​.​ឡាវ​-​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ពី​ឆន្ទៈ​នៃ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២ ​ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ កាលពី​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​​ក្នុង​គោលបំណង​ជំរុញ​ឱ្យមាន​ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ តាម​បណ្ដោយ​ព្រំដែន​ដែលមាន​ប្រពៃណី​ទំនាក់ទំនង​​ជា​បងប្អូន និង​អ្នកជិតខាង​ល្អជា​យូរ​មកហើយ ស្របតាម​គោលបំណង​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ​២ ​ដែល​តែងតែមាន​ទំនាក់នង​ និង​ជួយ​គ្នា​ទៅវិញ​ទៅមក​។

គណៈកម្មការ​ទាំង​ ២ មាន​ភារកិច្ច​សំខាន់​ក្នុងការ​ធ្វើឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ មាន​សន្តិភាព ស្ថិរភាព ដោយ​ភាព​សុខដុម​គ្រប់បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្ដោយ​ព្រំដែន និង​បង្កលក្ខណៈ​ឱ្យ​ស្ថាប័ន​ជំនាញ​សហការ​គ្នា​ទប់ស្កាត់​នូវ​រាល់​បទល្មើស​នានា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ ២ ​មាន​ការរីកចម្រើន​៕