ភ្នំពេញៈ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) កំពុង​ធ្វើ​សិក្ខាសាលា​ស្តីពី​ «​ជនរងគ្រោះ និង​ការផ្សព្វផ្សាយ​របាយការណ៍​ប្រឹក្សា​អំពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​នៅ​អំឡុងពេល​អនុវត្ត​ការងារ​សេសសល់​ក្រោយ​តុលាការ​របស់ អ.វ.ត.ក​.» រយៈពេល​ ៣ ​ថ្ងៃ​ពីថ្ងៃ​ទី​ ៣ ដល់ទី​ ៥ ខែឧសភា​នេះ​នៅ​រាជធានី​ភ្នំពេញ​។

លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ អ.វ.ត.ក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សិក្ខាសាលា​នេះ​កាលពី​ថ្ងៃទី​ ២ ឧសភា​នេះ តាមរយៈ​ប្រព័ន្ធ​ហ្ស៊ូម​ថា សិក្ខាសាលា​ស្តីពី​ «​ជនរងគ្រោះ និង​ការផ្សព្វផ្សាយ​របាយការណ៍​ប្រឹក្សា​អំពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​នៅ​អំឡុងពេល​អនុវត្ត​ការងារ សេសសល់​ក្រោយ​តុលាការ​របស់ អ.វ.ត.ក​.» រយៈពេល​ ៣​ ថ្ងៃនេះ គឺ​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​ជាមួយនឹង​ជនរងគ្រោះ និង​ការផ្សព្វផ្សាយ​របាយការណ៍​ប្រឹក្សា​អំពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​នៅ​អំឡុងពេល​អនុវត្ត​ការងារ​សេសសល់​ក្រោយ​តុលាការ​របស់ អ.វ.ត.ក.។

លោក​ថ្លែងថា​៖ «​សិក្ខាសាលា​នេះ​នឹង​ធ្វើឡើង​រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៣ ដល់ទី​ ៥ ខែឧសភា​នេះ គឺមាន​គោលបំណង​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​ជនរងគ្រោះ​នៅក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្ដី ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​សំណង​ដែល​បាន​អនុវត្ដ​នាពេល​កន្លងទៅ និង​ការងារ​ដែល​នៅ​សេសសល់​ក្រោយពេល អ.វ.ត.ក បិទ​បញ្ចប់​ដំណើរការ​នីតិវិធី​ច្បាប់​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​»​។ លោក​បានឱ្យដឹងថា​សិក្ខាសាលា​នេះ ក៏​ជា​សិក្ខា​-​សាលា​មួយ​ដើម្បី​ស្ដាប់​នូវ​មតិយោបល់​របស់​ជនរ​ង​គ្រោះ គឺត្រូវធ្វើ​អ្វី​បន្ថែមទៀត​ ដើម្បីឱ្យ​ដំណើរការ​កិច្ចការងារ​ក្រោយពេល​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​នៅ​ចំពោះ​អង្គជំនុំជម្រះ​ផ្ដល់​ផលប្រយោជន៍​ទៅដល់​ជនរងគ្រោះ​ដែល​ជនរងគ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានទទួល​រងទុក្ខវេទនា​ជាច្រើន​នៅក្នុង​របប​នេះ​។ លោក​បញ្ជាក់ថា នៅក្នុង​សិក្ខាសាលា​រយៈពេល ៣ ថ្ងៃនេះ​ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​អ្នកជំនាញ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែល​នឹងចូលរួម​នៅក្នុង​ការផ្ដល់​យោបល់ ក៏ដូចជា​ផ្ដល់នូវ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយនឹង​ការចូលរួម​របស់​ជនរងគ្រោះ​ក្រោយ​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​ផងដែរ​។

បើតាម​លោក ភត្ដ្រា ប្រធានបទ​ជាច្រើន​នឹងត្រូវ​លើកឡើង​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​មេរៀន​ដែល​ដក​បទពិសោធ​ពី​កិច្ចការងារ​ដែល​អង្គជំនុំជម្រះ​ធ្វើ​ជាមួយ​ជនរងគ្រោះ​ក៏ដូចជា​​ជាមួយ​អង្គភាព​នានា​របស់​អង្គជំនុំជម្រះ​។ តាមរយៈ​សិក្ខាសាលា​នេះ ក៏​នឹង​ចែករំលែក​នូវ​តម្លៃ និង​គោលការណ៍​ផ្សេងៗ​សម្រាប់​ការ​អនុវត្ដ​កម្មវិធី​នាពេល​អនាគត​ថា​តើ​ត្រូវ​ធ្វើយ៉ាងណា​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​កើត​ជំនាន់​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​មានការ​ចងចាំ​នូវ​រឿងរ៉ាវ​សោកនាដកម្ម​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ដូចជា​ចូលរួម​នៅក្នុង​ការផ្សះផ្សា​ជាតិ​។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​ជនរងគ្រោះ ដែលជា​ដើមបណ្ដឹង​រដ្ឋប្បវេណី នៅក្នុង​សំណុំរឿង ០០១ និង ០០២ ដើម្បី​ចូលរួម​ជា​មតិយោបល់​ផងដែរ​។

លោក​បន្តថា​៖ «​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ទាញ​ភ្ជាប់​ជាមួយ​របាយការណ៍​ប្រឹក្សា​អំពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ដែល​រៀបចំឡើង​ដោយ​សហចៅក្រម​នៃ អ.វ.ត.ក ដែល​ត្រូវបាន​កាត់ក្ដី​ដោយ​អង្គជំនុំជម្រះ​កាលពី​ឆ្នាំ​ ២០២១​ កន្លងទៅ​»​។ លោក​ថា មុខងារ​នៅ​សេសសល់ នៃ អ.វ.ត.ក. គឺ​មានន័យថា នៅពេលដែល អ.វ.ត.ក​. បិទ​បញ្ចប់​នូវ​យុត្ដាធិការ​របស់ខ្លួន គឺ​មានន័យថា បញ្ចប់​ដំណើរការ​នីតិវិធី​នៅ​ចំពោះមុខ​តុលាការ គឺ​យើង​នឹង​នៅមាន​កិច្ចការងារ​សេសសល់​មួយចំនួន​ទៀត​ដែល​ត្រូវ​អនុវត្ដ​។ នៅក្នុង​នេះ គឺ​យើង​មាន​កិច្ចព្រមព្រៀង​បន្ថែម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ដែលមាន​រយៈពេល ៣ ​ឆ្នាំ​នៅក្នុង​ការអនុវត្ត​ដំបូង​ទៅលើ​ផែនការ​ការងារ​នៅ​សេសសល់​៕