ភ្នំពេញៈ មន្ដ្រី​កិច្ចការ​ព្រំដែន​បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ និង​កម្ពុជា​ឡាវ​ដែលជា «​នយោបាយ​កសាង​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​អមដំណើរ​ដោយ​លោក លោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​នាយទាហាន​ជំនាញ​ជាច្រើនរូប​ទៀត​បាន​ចុះសួរសុខទុក្ខ​កងទ័ព និង​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឡាវ​។ បេសកកម្ម​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​មាន​រយៈពេល ៥ ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ រួច​មកដល់​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២ លោក វ៉ា គឹមហុង និង​ក្រុមការងារ​បាន​បន្ត​ចុះសួរសុខទុក្ខ​កងទ័ព និង​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ភូមិសាស្ត្រ ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង និង​ព្រៃវែង​។

តាម​របាយការណ៍​របស់​បញ្ជាការដ្ឋាន​វិស្វកម្ម​បាន​ឱ្យដឹងថា ក្នុង​បេសកកម្ម​នេះ លោក វ៉ា គឹមហុង និង​ក្រុមការងារ​បាន​បន្ត​សួរសុខទុក្ខ​កងទ័ព និង​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌ​សីមា​ព្រំដែន និង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​ស្ថាបនា​ដោយ​កងឯកភាព​លេខ​ ៧១៨ កងឯកភាព​ស្ថាបនា​ថ្នល់​-​ស្ពាន លេខ​ ៧១៥ កងឯកភាព​ស្ថាបនា​ថ្នល់​លេខ​ ៧១៣ កងឯកភាព​ស្ថាបនា​សំណង់​សិល្បការ្យ​លេខ​ ៧៤ និង​កងឯកភាព​វត្ថុ​រារាំង​លេខ​ ៧២ នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង និង​ព្រៃវែង​។

លោក វ៉ា គឹមហុង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងឯកភាព​ទាំង​ ៥ ដែល​ក្នុង​រយៈពេល​កន្លងមក​បាន​យកចិត្ត​ទុកដាក់​ពុះពារ​ជម្នះ​នូវ​រាល់​ឧបសគ្គ ការលំបាក​គ្រប់បែបយ៉ាង ខិតខំ​ប្រឹងប្រែង​ធ្វើការ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន និង​ផ្លូវ​តភ្ជាប់​ក្នុង​ភូមិសាស្ត្រ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង ដែល​រហូតមកដល់​ថ្ងៃនេះ​សម្រេច​បាន​លទ្ធផល​យ៉ាងច្រើន​។

លោក​ថ្លែងថា សមិទ្ធផល​នេះ​គឺ​សំដៅ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ «​នយោបាយ​កសាង​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​» ដោយ​ដើរ​ទន្ទឹមនឹង​ការអនុវត្ត «​គោលការណ៍​កសាង​ខឿន​ការពារ​ប្រទេស​គឺជា​របស់​ប្រជាជន​គ្រប់រូប​» រួមទាំង​ «​ការងារ​កសាង​បោះបង្គោល​ខណ្ឌសីមា និង​ការកសាង​ផ្លូវ​ជា​ដែ​គូ​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​មិនអាច​ខ្វះ​បាន​»​។

លោកស្រី​ កុយ ពិសី បញ្ជាក់ថា សមិទ្ធផល​បណ្ដាញ​ផ្លូវ​គមនាគមន៍​តំបន់​ព្រំដែន​ជា​កត្ដា​កំណត់​ចម្បង​នាំមុខ​ឱ្យ​វិស័យ​ផ្សេងទៀត​ចូលទៅ​អភិវឌ្ឍ​តាម​ក្រោយ ទន្ទឹមនឹង​ការកសាង​បោះបង្គោល​ព្រំដែន កំណត់​ខណ្ឌសីមា​បាន​ឆាប់រហ័ស​ ដើម្បី​កសាង​ខ្សែ​ព្រំដែន​មួយ​របស់​ប្រជាជាតិ​ទាំង​ ២ ជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ មាន​ស្ថិរភាព​មិនអាច​កែប្រែបាន និង​ប្រកបដោយ​សុខសន្តិភាព យូរអង្វែង​បង្ក​ឱកាស​ឱ្យ​ប្រជាជាតិ​ទាំង​ ២ ប្រទេស​បានរស់នៅ​កសាង​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន​។ លោកស្រី​បញ្ជាក់ថា​៖ «​ផ្លូវ​គមនាគមន៍​ព្រំដែន​បាន​ស្ថាបនា​ទៅដល់​ទីកន្លែង​ណា​គឺមាន​ប្រជាជន​ទៅ​តាំង​លំនៅ បង្កើតបាន​ភូមិ​ឃុំ​យុទ្ធសាស្ត្រ​នៅ​ទីនោះ​ជាច្រើន​កន្លែង​មាន​ប្រជាជន​រស់នៅ​កុះករ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​រួមមាន​ទាំង​ការបើក​ច្រកទ្វារ​ព្រំដែន​នានា​ជាមួយ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ជា​បន្តបន្ទាប់​»​។

លោក​ ខ្វាន់ ស៊ាម បាន​ណែនាំ និង​ក្រើនរំឭក​ដល់​មេបញ្ជាការ មេបញ្ជាការរង និង​នាយ​ទាហាន នាយទាហានរង ពលទាហាន​នៃ​កងឯកភាព​ទាំង​ ៥ ត្រូវ​យកចិត្តទុកដាក់​បន្តធ្វើ​ការ​ស្ថាបនា​ផ្លូវ និង​រាល់​សំណង់​សិល្បការ្យ​ឱ្យបាន​ត្រឹមត្រូវ តាម​គោលការណ៍ លក្ខខណ្ឌ​បច្ចេកទេស​សំដៅ​ធានា​ឱ្យ​សំណង់​គ្រប់​ប្រភេទ​មាន​គុណភាព​ខ្ពស់ ប្រកប​ដោយ​សោភណភាព និង​ត្រឹមត្រូវ​តាម​បែបបទ​នីតិវិធី​។

លោក​បាន​ថ្លែងថា «​ការ​ស្ថាបនា​បណ្ដាញ​ផ្លូវ​គមនាគមន៍​នៅ​តំបន់​ព្រំដែន ដែល​អនុវត្ត​បានសម្រេច​រួចមកហើយ​នេះ​ជា​មធ្យោបាយ​តែមួយគត់​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ស័ក្តិសិទ្ធិភាព​បំផុត ដែលមាន​លទ្ធភាព​សមត្ថភាព កសាង​ពង្រឹង និង​ថែរក្សា​ការពារ​បាន​នូវ «​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​» នៅតាម​តំបន់​ព្រំដែន​ប្រកបដោយ​ស្ថិរភាព​គង់វង្ស​ចីរកាល​យូរអង្វែង​៕