ភ្នំពេញៈ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក លោក​ Daniel Kritenbrink​ ប្រកាស​ពន្យារពេល​ធ្វើដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយសារ​លោក​ត្រូវបាន​ធ្វើតេស្ត​មាន​វិជ្ជមាន​កូវីដ​ ១៩​។

លោក​បានបញ្ជាក់​ក្នុង​បណ្តាញ Twitter ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នា​ថ្ងៃទី​ ១ ខែឧសភា ថា​៖ «​បន្ទាប់ពី​មាន​រោគសញ្ញា ខ្ញុំ​ជា​អកុសល​បានធ្វើ​តេស្ត​មាន​វិជ្ជមាន​កូវីដ​ ១៩​។ គួរឱ្យ​សោកស្តាយ​នេះ​មានន័យថា​ខ្ញុំ​សូម​ពន្យារពេល​ធ្វើ​ដំណើរ​របស់ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា និង​ឡាវ ហើយនឹង​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ឱកាស​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំង​ ២ ​នាពេល​ខាងមុខ​»​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​សរសេរ​លើ​បណ្តាញ Twitter នា​ថ្ងៃទី​ ១ ឧសភា​ថា​៖ «​យើង​ជូនពរ​លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស Daniel Kriten-brink ឱ្យមាន​សុខភាព​ល្អ ហើយ​ទន្ទឹងរង់ចាំ​ឱកាស​នាពេល​ខាងមុខ ដើម្បី​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់លោក​នៅ​កម្ពុជា​»​។

លោក Kritenbrink គ្រោង​ធ្វើដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឡាវ ចាប់ពី​ថ្ងៃទី​ ១-៧ ខែឧសភា ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស នា​ថ្ងៃទី​ ២៩ មេសា ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សង្គម​ ២ ដែល​ក្មេង​ជាងគេ​ និង​ប្រកបដោយ​ថាមពល​បំផុត​ក្នុងចំណោម​សង្គម​ដែល ក្មេង​ជាងគេ​ និង​ប្រកបដោយ​ថាមពល​បំផុត​ផ្សេងទៀត​ក្នុង​តំបន់​។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ពង្រឹង​មជ្ឈភាព​អាស៊ាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាពជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន និង​លើកកម្ពស់​អនុតំបន់​មេគង្គ​ប្រកប​ដោយ​សុវត្ថិភាព បើកចំហ និង​វិបុលភាព​។

នៅ​កម្ពុជា លោក Kritenbrink នឹង​ជួប​ជាមួយ​លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ព្រមទាំង យុវជន និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក និង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ​។

ប្រភព​ដដែល​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំង ​២​ នេះ លោក Kritenbrink នឹង​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​១២-១៣ ខែឧសភា នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​លោក​Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​នេះ​។

មន្ត្រីការទូត​រូបនេះ​បញ្ជាក់​នៅលើ​បណ្តាញ​ Twitter ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ ១ ​ថ្ងៃមុន​លោក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ថា លោក​ទន្ទឹងរង់ចាំ​មក​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​-​ភ្នំពេញ​ និង​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​បញ្ហា​ប្រឈម ចំពោះ​តំបន់​មេគង្គ ក៏ដូចជា​ឱកាស​ដើម្បី​ពង្រីក​វិបុលភាព និង​សេរីភាព​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣០ មេសា ថា ស្ថានទូត​ទន្ទឹងរង់ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់លោក Kritenbrink ដែល​នឹង​ផ្តោត​ពី​ការប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រជាជន​កម្ពុជា និង​ការបន្ត​គាំទ្រ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​ ២០២២​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden លើកឡើង​ក្នុង​លិខិតអញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋ​អាមេរិក​ពី​ខែ​មុន​ថា នៅ​ចំពោះមុខ​នៃ​ការ​ប្រឈម ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​ និង​កាលានុវត្តភាព​ដ៏ចម្បង​ដែល​កើតចេញពី​ការ​ប្រឈម​នេះ សហរដ្ឋអាមេរិក​ និង​អាស៊ាន​បាន​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​តំបន់ បង្កើន​មហិច្ឆតា​របស់​ភាគី​ទាំង​ ២ ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​លើក​កម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែលមាន​ភាព​ធន់ ពន្លឿន​នវានុវត្តន៍ និង​រឹតចំណង​មិត្តភាព​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​ប្រជាជន​ទាំង​ ២​ បូករួម​គ្នា​មាន​ចំនួន​ ១ ​ប៊ីលាន​នាក់​។

លោក​ថា ក្នុង​កិច្ចប្រជុំ​កំពូល​ខាងមុខ អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៤៥ នៃ​ភាពជា​ដៃគូ​យូរអង្វែង​ និង​លើក​ពី​មហិច្ឆតា​រួម​រវាង​ភាគី​ទាំង ២​ សម្រាប់​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​ដៃ​គូសន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​៕