ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) កាលពី​ម្សិលមិញ បានចាប់ផ្ដើម​បើក​វគ្គបណ្ដុះបណ្ដាល​រយៈពេល​ខ្លី​ដល់​មន្ត្រី​នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប) តំណាង​គណបក្ស​នយោបាយ​នានា អង្គការ​សង្គមស៊ីវិល​ដែល​ពាក់ព័ន្ធ​ការងារ​បោះឆ្នោត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ដីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

មន្ត្រី​អ្នកនាំពាក្យ គ.ជ.ប ​ថ្លែងថា​៖ «​អ្វីដែល​ថ្មី គឺ​ការប្រើប្រាស់​កុំព្យូទ័រ ស្កេនន័រ និង​ព្រីនធ័រ ពួកគាត់​ត្រូវបញ្ជូន​លទ្ធផល​បោះឆ្នោត​ទៅក្នុង​កម្មវិធី​គ្រប់គ្រង​នៃ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅតាម​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​។ កម្មវិធី​នេះ​ជួយ​ដល់​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ការត្រួតពិនិត្យ ​ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កន្លង​មកនេះ យើង​​អនុវត្ត​ដោយ​ដៃ​»​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ដែលមាន​រយៈពេល​ ៣ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២-៤ ខែឧសភា ថា​ក្នុង​ដំណើរ​ត្រៀម​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​ឆ្នាំ​ ២០២២ ​នេះ គ.ជ.ប បាន​អនុវត្ត​សម្រេច​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២១ ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០២២ ការកសាង​ប្រតិទិន និង​ផែនការ​នៃ​ការបោះឆ្នោត ការអនុម័ត​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ការជ្រើសរើស និង​តែងតាំង​មន្ត្រី គ.ជ.ប សមាសភាព គធ.ខប មន្ត្រី គធ.ខប និង​សមាសភាព គឃ.សប ព្រមទាំង​បានធ្វើការ​បណ្តុះបណ្តាល​ដើម្បី​បំពាក់បំប៉ន​ចំណេះដឹង​ និង​ជំនាញ​អំពី​បទបញ្ជា​ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ និង​ការអនុវត្ត​ដល់​មន្ត្រី​បោះឆ្នោត​ទាំងអស់​ និង​ភាគី​ពាក់ព័ន្ធ​ក្នុងដំណាក់កាល​ទី​ ១ ​រួចរាល់​ហើយ​។

លោក​បាន​បន្តថា​៖ «​ពេលនេះ​គឺជា​ការបណ្តុះបណ្តាល​អំពី​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ដំណាក់កាល​ទី​ ២ លើ​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត (​ឯ.អ​) ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត​ការគ្រប់គ្រង និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជា​ជំនួយ​ដល់​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ការធ្វើ​ប្រមាណ​វិធី​ដោយ​ដៃ​ ឬ​ដោយ​ម៉ាស៊ីន​គិត​លេខ​របស់​មន្ត្រី​បោះឆ្នោត​»​។

លោក​ថ្លែងថា ក្រោយពី​បានទទួល​ការបណ្តុះបណ្តាល​នេះហើយ សិក្ខាកាម​ទាំងអស់​បន្ត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​បន្ថែមទៀត​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ ឆ្នាំ​ ២០២២ ​សេចក្តី​ណែនាំ​រួម​រវាង​ក្រសួងមហាផ្ទៃ និង គ.ជ.ប ព្រមទាំង​លិខិតបទដ្ឋាន គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​ជា​ធរមាន ដើម្បី​ឱ្យ​មានការ​យល់ដឹង​កាន់តែច្បាស់​ថែមទៀត​លើ​កិច្ចការ​បោះឆ្នោត សម្រាប់​អនុវត្ត និង​សហការ​អនុវត្តតាម​សមត្ថកិច្ច​រៀងខ្លួន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោក សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គ.ជ.ប ពន្យល់​បន្ថែមថា ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​នៅពេលនេះ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ការរាប់​សន្លឹកឆ្នោត​រហូត​ទៅដល់​ការ​បូក​លទ្ធផល​នៃ​ការបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ ឆ្នាំ ២០២២​។

លោក​ថ្លែងថា​៖ «​កិច្ចការ​ទាំងអស់​នេះ​នឹងត្រូវ​បណ្តុះបណ្តាល​ទៀត​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ហើយ​ចុងក្រោយ បែបបទ និង​នីតិវិធី​នៃ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ត្រូវបាន​យកទៅ​បណ្តុះបណ្តាល​នូវ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ទៀត​។ អ៊ីចឹង​ទេ អ្វី​ដែល​ថ្មី គឺ​ប្រើប្រាស់​កុំព្យូទ័រ ស្កេនន័រ និង​ព្រីនធ័រ ពួកគាត់​ត្រូវបញ្ជូន​លទ្ធផល​បោះឆ្នោត​ទៅក្នុង​កម្មវិធី​គ្រប់គ្រង​នៃ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅតាម​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។ កម្មវិធី​នេះ ជួយ​ដល់​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កន្លងមកនេះ យើង​អនុវត្ត​ដោយ​ដៃ​»​។

លោក សំ សុគន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​របស់ គ.ជ.ប មិនមាន​អ្វី​ប្លែក​នោះទេ ព្រោះ​ឱ្យតែ​ជិត​ដល់​ការបោះឆ្នោត​មកដល់ គឺ គ.ជ.ប តែងតែ​ហៅ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​។ លោក​ថ្លែងថា​៖ «​គេ​បណ្តុះបណ្តាល​យើង​ដឹងថា នៅពេលដែល​យើង​ទៅ​សង្កេតការណ៍ យើង​ដឹង​ពី​នីតិវិធី​ក្រុមការងារ​រៀបចំ​ការបោះឆ្នោត គេ​ធ្វើ​យ៉ាងម៉េច​ខ្លះ ដូចជា​យើង​ដឹង​ពី​នីតិវិធី​នៃ​ការវេចខ្ចប់​សន្លឹកឆ្នោត ការរាប់​សន្លឹកឆ្នោត ហើយ​ទាំងអស់​នេះ វា​ជា​នីតិវិធី​ដដែល​ទេ ដូច​តែ​លើក​មុនៗ​ដែរ​»៕