បាត់ដំបងៈ ក្នុង​រយៈពេល​ ២​ ថ្ងៃ​មាន​ពលករ​ចំនួន​ ៨៦​ នាក់​រួមទាំង​ក្មេងៗ​ផង បាន​ឆ្លងដែន​មកពី​ថៃ​វិញ​ ប៉ុន្តែ​មិនមាន​ពលករ​ណា​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ចត្តាឡីស័ក​នោះទេ ដោយសារតែ​ពួកគាត់​សុទ្ធ​តែមាន​បណ្ណ​ចាក់​វ៉ាក់សាំង​។

លោក ប្រាក់ សាយ ​មេបញ្ជាការ​វរសេនាតូច នគរបាល​ការពារ​ព្រំដែន​លេខ​ ៨១៧ ​ប្រចាំ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​ ១៣ ភូមិ​ពោធិ៍ជ្រៃ ឃុំ សិរី​មានជ័យ​ស្រុក​សំពៅលូន ថ្លែង​នៅ​ថ្ងៃទី​ ២ ឧសភា ថា ចាប់ពី​ថ្ងៃទី​ ១​ ដល់​ថ្ងៃទី​ ២ ឧសភា មាន​ពលករ​ចំនួន ៨៦ ​នាក់ ​(​ស្រី​ ២៥ នាក់ ក្មេង​ ៥​ នាក់​) ​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​តាម​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​ ១៣​។ ប៉ុន្តែ​ពលករ​ទាំងនោះ​មិន​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​ទេ ដោយសារតែ​ពួកគេ​សុទ្ធ​តែមាន​បណ្ណ​ចាក់​វ៉ាក់សាំង​។ លោក​ថា​៖ «​ពលករ​ទាំងនោះ បើ​ពួកគាត់​ណា​ម្នាក់ គ្មាន​បណ្ណ​ចាក់​វ៉ាក់សាំង​ទេ​គឺ​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ទៅផ្ទះ​ទេ គឺ​ត្រូវ​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ​១៤ ​ថ្ងៃ​សិន​»​។

លោក​បន្តថា​ចាប់តាំងពី​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ចប់​ចំនួន​នៃ​ការ​សម្រុក​មក​ប្រទេស​វិញ​របស់​ពលករ​កម្ពុជា​ក្នុង​ ១​ ថ្ងៃ​មាន​មិន​ដល់ ​១០០ ​នាក់​ផង​ទេ​។ ចំពោះ​អ្នក​ដែល​បន្ត​ឆ្លងដែន​ពី​ប្រទេស​ថៃ​វិល​មក​ស្រុក​វិញ​នាពេលនេះ គឺ​ដោយសារ​ភាគច្រើន​ពួកគាត់​អស់​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ឬក៏​ស្បើយ​មិនសូវមាន​ការងារ​ធ្វើ និង​ម្យ៉ាងទៀត ពួកគាត់​ចង់​មក​រស់​នៅឯ​ស្រុកភូមិ​របស់​ពួកគាត់​វិញ​។ រីឯ​ពលករ​ដែល​វិល​មកលេង​បុណ្យចូលឆ្នាំ​ខ្មែរ​ហើយ​ត្រូវ​វិល​ទៅធ្វើការ​នៅ​ថៃ​វិញ គឺ​ពួកគាត់​ចូលទៅ​តាម​ច្រក​អន្តរជាតិ​ស្របច្បាប់ ឈប់​លួច​ឆ្លងដែន​ដូច​មុន​ទៀតហើយ​។

លោក​បញ្ជាក់ថា​៖ «​រឿង​មេខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​ពេលនេះ​ស្ងប់ស្ងាត់​អស់ហើយ​។ ការ​ស្ងប់ស្ងាត់​នេះ​ដោយសារ​កម្លាំង​សមត្ថកិច្ច​យើង​ចាប់ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​»​។ ចំពោះ​មេខ្យល់​ដែល​សមត្ថកិច្ច​ចាប់បាន និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​នោះ​គឺ​ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​៕