តាកែវៈ សៀវភៅ​សត្វ​ស្លាប​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ក្នុង​ខេត្តតាកែវ ដែលមាន​រូបភាព​សត្វ​ស្លាប និង​ព័ត៌មាន​នៃ​សត្វ​ស្លាប​ ៨៦​ ប្រភេទ​ត្រូវបាន​ចងក្រង និង​បោះពុម្ព​ផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ជាពិសេស​កុមារា​-​កុមារី​ ដើម្បី​ស្វែងយល់ និង​ជួយ​ចូលរួម​ការពារ​ និង​អភិរក្ស​សត្វ​ស្លាប​ទាំងនេះ​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា សៀវភៅ​សត្វ​ស្លាប​តំបន់​ការពារ​​ទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​គឺ​​ជា​ស្នាដៃ​មួយ​ដែល​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​ចងក្រង​ឡើង​ដោយបាន​សហការ​ជាមួយ​​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​។

ការផលិត​សៀវភៅ​នេះ​ឡើង​​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ប្រភេទ​សត្វ​ស្លាប​ដែលមាន​វត្តមាន​នៅក្នុង​តំបន់​ការពារ​​ទេសភាព​បឹង​ព្រែក​ល្ពៅ​ដល់​សាធារណជន​ទូទៅ ជាពិសេស​សិស្សានុសិស្ស​នៅ​មូលដ្ឋាន​ជុំវិញ​​តំបន់​ការពារ​នេះ អ្នកសិក្សា​ស្រាវជ្រាវ ភ្ញៀវទេសចរ និង​អ្នកធ្វើ​សេចក្តី​សម្រេចចិត្ត​។

លោក ឆយ ម៉ុនលី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែឧសភា​ថា សៀវភៅ​នេះ​ជា​ស្នាដៃ​អ្នក​ថតរូប​ដែលជា​ឧទ្យានុរក្ស​ និង​អ្នក​ចងក្រង​ដែលជា​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ជនជាតិខ្មែរ តែ​វា​មាន​សារ:សំខាន់​ណាស់​សម្រាប់​​អ្នកសិក្សា​ស្រាវជ្រាវ និង​ចូលរួម​បង្កើន​ចំណេះដឹង​អំពី​សត្វ​ស្លាបទឹក​ដល់​អ្នកអាន​គ្រប់​វ័យ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សៀវភៅ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេងៗ​ពី​ជំនាន់​នេះ​រហូតដល់​ជំនាន់​ក្រោយៗ​​ទៀត​បាន​ស្គាល់​សត្វ ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ជាការ​អប់រំ​ពួកគាត់​ឱ្យបាន​ស្គាល់ និង​ចេះ​ស្រឡាញ់​សត្វ​ក្នុងប្រទេស​យើង និង​ជាការ​ជួយ​ឱ្យ​ពួកគាត់​ចេះ​ថែរក្សា ការពារ​សត្វ​ស្លាប​»​។

សៀវភៅ​មាន​រក្សាទុក​ក្នុង​បណ្ណាល័យ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ចែក​តាម​សាលារៀន និង​វត្តអារាម​ផងដែរ សម្រាប់​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្វែងយល់​ពី​សត្វ​ស្លាប​ទាំងនេះ​។

លោក ឆយ ម៉ុនលី បាន​បន្ថែមថា ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​នេះ មាន​ការយល់ដឹង​ច្រើន បើ​ប្រៀបធៀប​ជាមួយនឹង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ទាក់ទង​នឹង​ការការពារ ការស្រឡាញ់ និង​អភិរក្ស​សត្វ​ស្លាប​នៅ​ជិត​តំបន់​ដែល​ពួកគាត់​រស់នៅ​។

លោក​បាន​ប្រាប់ថា៖ «​យើង​ឧស្សាហ៍​មានកម្ម​វិធី​ជួបជុំ​សិស្ស ប្រជាសហគមន៍ និង​អ្នក​ដែល​ទទួល​អាស្រ័យផល​នៅក្នុង​តំបន់​នោះ​ដើម្បី​ធ្វើការ​អប់រំ និង​ណែនាំ​ពួកគាត់​ពី​សារៈសំខាន់​របស់​សត្វ​ស្លាប​ទាំងនេះ ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​កែប្រែ​ដែល​កាលពី ​៣-៤ ​ឆ្នាំមុន នៅពេល​​ដែល​ពួកគាត់​មករក​ត្រី គឺ​ពួកគាត់​ឆ្លៀត​លួច​បរបាញ់​សត្វ​ ឬ​លួច​ពង​សត្វ​ផងដែរ ប៉ុន្តែ​ពេលនេះ​គឺ​មិនមាន​ទៀត​ទេ​»​។

ក្នុង​សៀវភៅ​នេះ បណ្តុំ​ដោយ​រូបភាព ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​របាយប្រជាសាស្ត្រ ពេលវេលា​ដែលមាន​វត្តមាន​ព័ត៌មាន​មូលដ្ឋាន​ក្នុង​ការធ្វើ​អត្តសញ្ញាណ និង​ចំណាត់ថ្នាក់​សម្រាប់​ការអភិរក្ស​នៃ​ប្រភេទ​សត្វ​ស្លាប​នីមួយៗ​ដូចជា​ប្រភេទ​សម្បូរ​បង្គួរ ប្រភេទ​ជិត​រង​ការគំរាមកំហែង ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​ជិត​ផុត​ពូជ និង​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា សៀវភៅ​នេះ​មាន​រូបភាព​សត្វ​ស្លាប និង​ព័ត៌មាន​នៃ​សត្វ​ស្លាប​នេះ​ត្រូវបាន​អង្កេត​តាមដាន​ដោយ​ក្រុមការងារ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ដោយ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​អស់​រយៈពេល​ជាង​ ១៥​ ឆ្នាំ​មកហើយ​។

នាយករង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ លោក លឹម វ៉ាត ថ្លែងថា សៀវភៅ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការ​លើកស្ទួយ​អំពី​តម្លៃ​ជីវចម្រុះ​​ក្នុង​តំបន់ដីសើម​។

លោក​ថា​៖ «​វា​នឹង​ជំរុញ​ឱ្យមាន​ការចូលរួម​យ៉ាងសកម្ម​ថែមទៀត​ក្នុងការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​វត្តមាន​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់ដីសើម​បឹង​ព្រែកល្ពៅ​នេះ​»​។

ចំណែក លោក ប៊ូ វរសក្ស នាយក​កម្មវិធី​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា ក៏​បានឱ្យដឹង​ដែរ​ថា សៀវភៅ​នេះ​ជា​មគ្គុទ្ទេសក៍​សម្រាប់​អ្នកទស្សនា​​សត្វ​ស្លាប និង​ជា​ឯកសារ​អង្កេត​តាមដាន​ជីវចម្រុះ​ដ៏សំខាន់​មួយ​ដែល​អាច​ប្រើប្រាស់​គាំទ្រ​ដល់​ការរៀបចំ​ផែនការ​គ្រប់គ្រង និង​អភិរក្ស​នាពេល​អនាគត​។

គួរ​បញ្ជាក់ថា រូបថត​សត្វស្លាប​ទាំង​ ៨៦​ ប្រភេទ​នេះ គឺ​ត្រូវបាន​ថត​ដោយផ្ទាល់​នៅក្នុង​​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​នេះ​៕