ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៩ ខែមេសា បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​អនុវត្តន៍​គម្រោង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅរក​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា​។

ក្រសួង​រ៉ែ និង​ថាមពល​បានបញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣០ ខែមេសា តាម​សំណើ​របស់​ក្រសួង​រ៉ែ និង​ថាមពល រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ការផ្លាស់ប្តូរ​ពិធីសារ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន​កាលពី​ខែកុម្ភៈ​បាន​សម្រេច​ជា​ផ្លូវការ ផ្តល់​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​លើ​ការអនុវត្ត​គម្រោង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅរក​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា​។

ក្រសួង​រ៉ែ និង​ថាមពល​បញ្ជាក់ថា​៖ «​យោងតាម​ការសម្រេច​នេះ ទីភ្នាក់ងារ JICA ជប៉ុន​បាន​បញ្ជូន​ក្រុម​បេសកកម្ម​មក​ពិភាក្សា​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​ពីថ្ងៃ​ទី​ ២៦ ដល់​ថ្ងៃទី​ ២៩ ខែមេសា ឆ្នាំ​ ២០២២ និង​រៀបចំ​ការចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​គម្រោង​នេះ​»​។

ក្រសួង​រ៉ែ និង​ថាមពល​បន្តថា ការងារ​អន្តរថាមពល​ត្រូវបាន​បែងចែក​ជា​ ២​ ផ្នែក គឺ​ទី ​១ ការងារ​អន្តរកាល​ថាមពល​ស្អាត និង​ទី​ ២​ ការងារ​អន្តរកាល​ប្រសិទ្ធភាព​ថាមពល​ក្នុងនោះ ការងារ​អន្តរកាល​ប្រសិទ្ធភាព​ថាមពល ក្រសួង​រ៉ែ និង​ថាមពល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ដោយឡែក​ការងារ​អន្តរកាល​ថាមពល​ស្អាត​វិញ គឺ​ក្រសួង​រ៉ែ និង​ថាមពល​បាន​សុំ​កិច្ចសហប្រតិបត្តិការ​ជាមួយ JICA​។

លោក ហេង គុណលាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២ ខែឧសភា​ថា ខណៈ​ការធ្វើ​អន្តរកាល​ថាមពល​នៅលើ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​បានចាប់ផ្តើម​ហើយ​នោះ កម្ពុជា​ក៏បាន​ចាប់​ផ្តើមធ្វើ​អន្តរកាល​ថាមពល​នេះដែរ ដោយ​ក្រសួង​បាន​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​ជប៉ុន​ ដើម្បី​ជួយ​រៀបចំ​ផែនទី​បង្ហាញផ្លូវ​ទាំងពីរ​គឺ​ថាមពល​ស្អាត និង​ប្រសិទ្ធភាព​ថាមពល​ដែល​ហៅថា​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​។

លោក​បន្តថា​៖ «​ផែនការ​យុទ្ធ ស្ត្រ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០៥០ នឹងធ្វើ​ឱ្យ​អព្យាក្រិត​កាបូន​ហ្នឹង net-zero [​ដល់​កម្រិត​សូន្យ​]​។ ដោយ​ផ្អែកលើ​គោលនយោបាយ​ហ្នឹងហើយ យើង​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ជប៉ុន​ឱ្យជួយ​នូវ​គម្រោង​ហ្នឹង​»​។

កាលពី​ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Kishida Fumio បាន​ចែករំលែក​ពី​សារៈសំខាន់​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​ទាំង​ ២ នៃ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ព្រមទាំង​បានទទួល​ស្គាល់​ពី​ភាពចាំបាច់​ក្នុង​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​បច្ចេកវិទ្យា​ទាំងអស់ ដែល​សមស្រប​ទៅតាម​កាលៈទេសៈ​នៃ​ប្រទេស​នីមួយៗ ស្របពេល​ជាមួយគ្នា​ត្រូវ​ធានា​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ប្រកប​ដោយ​សុវត្ថិភាព និង​ស្ថិរភាព​។

ក្នុងជំនួប​ជាមួយ​លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ២ ​ថ្ងៃ លោក Kishida បានបង្ហាញ​អំពី​បំណង​ថា ក្រោម​គំនិត​ផ្តួចផ្តើម​ស្តីពី​ដំណើរ​ផ្លាស់ប្តូរ​ការប្រើប្រាស់​ថាមពល​នៅ​អាស៊ី (Asia Energy Transition Initiative) ​ជប៉ុន​នឹង​គាំទ្រ​ការធ្វើ​អន្តរកាល​ថាមពល​ប្រកប​ដោយ​ភាពប្រាកដប្រជា​នៅ​កម្ពុជា​តាមរយៈ​មធ្យោបាយ​នានា រួមទាំង​ការបង្កើត​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះ​ទៅរក​អព្យាក្រឹត​កាបូន ដោយ​សហការ​ជាមួយ JICA និង​ការចែករំលែក​ចំណេះដឹង តាមរយៈ​បណ្តាញ​ស្តុក ប្រើប្រាស់ និង​ចាប់យក​កាបូន​អាស៊ី (Asia CCUS Network)​។

កាលពី​ចុងឆ្នាំ​ ២០២១ កម្ពុជា​បានដាក់​ជូន​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន (LTS4CN) ទៅកាន់​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UN-FCCC) ។ យុទ្ធសាស្ត្រ​នេះ មាន​គោលបំណង​ ដើម្បី​ផ្តល់នូវ​ផែនទី​បង្ហាញផ្លូវ​ផ្អែកលើ​ការវិភាគ​គ្រប់​ជ្រុងជ្រោយ​ និង​សេណារីយោ​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ រួមទាំង​សកម្មភាព​កាត់បន្ថយ​អាទិភាព​ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​អព្យាក្រឹត​កាបូន​នាពេល​អនាគត​ដោយ​កំណត់​គោលដៅ​សម្រាប់​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ​ ២០៥០​។ ក្រសួងបរិស្ថាន​ធ្លាប់​អះអាង​កាលពី​ខែ​ចុងឆ្នាំ​ ២០២១ ថា កម្ពុជា​អាច​សម្រេចបាន​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០ តាមរយៈ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​កើតឡើង​ដោយសារ​ការបាត់បង់ និង​ការរេចរឹល​ព្រៃឈើ​ (REDD+) និង​កំណែទម្រង់​វិស័យ​ព្រៃឈើ​រួមមាន​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​៕