
បុរសកាប់ស្ត្រីម្នាក់ស្លាប់ ព្រោះតែខឹងនិយាយដើមខ្លួន ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។ រូបថត ប៉ូលិស
បាត់ដំបងៈ នគរបាលស្រុកបវេលនៅថ្ងៃទី ២ ឧសភា បានបញ្ជូនបុរសម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីឃាត់ខ្លួនបាន ១ ថ្ងៃ ករណីកាប់ស្ត្រីម្នាក់នឹងកាំបិតខ្វែវបណ្តាលឱ្យស្លាប់ភ្លាមៗ នៅភូមិយុត្តិធម៌ ឃុំបឹងប្រាំដោយសារតែខឹងស្ត្រីរងគ្រោះនិយាយអាក្រក់ពីគ្រួសារខ្លួន។
លោក ម៉ី គឹមសាន្ត អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបវេលឱ្យដឹងនៅថ្ងៃទី ២ ឧសភាថា បុរសសង្ស័យឈ្មោះ សឿន សុខណា អាយុ ៣១ ឆ្នាំត្រូវបានចាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។ ស្ត្រីរងគ្រោះដែលត្រូវបានជនសង្ស័យកាប់ស្លាប់កាលពីថ្ងៃទី ១ ឧសភានោះ ឈ្មោះ ឡាយ គី អាយុ ៥៣ឆ្នាំ។ លោកថ្លែងថា៖ «ជនសង្ស័យគឺបានបង្កបទល្មើសជាក់ស្តែង ហើយនគរបាលប៉ុស្តិ៍យើងបានចាប់គាត់បានភ្លាមៗ»។
លោក ប្រាប់តាមចម្លើយរបស់ជនសង្ស័យថា ផ្ទះរបស់ស្ត្រីរងគ្រោះ និងផ្ទះរបស់ជនសង្ស័យ នៅម្ខាងផ្លូវម្នាក់ដោយស្ត្រីរងគ្រោះរស់នៅក្នុងភូមិយុត្តិធម៌ ឃុំបឹងប្រាំ រីឯផ្ទះជនល្មើសរស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល។ ជនសង្ស័យថា ស្ត្រីរងគ្រោះបានដើរនិយាយប្រាប់អ្នកភូមិថា ជនសង្ស័យនៅតែផ្ទះមិនធ្វើការងារអីទេ។ លោកបានឱ្យដឹងបន្តថា ស្រាប់តែនៅវេលាម៉ោង ៧ កន្លះព្រឹកថ្ងៃទី ១ ខែឧសភាជនសង្ស័យបានកាន់កាំបិតខ្វែវទៅកាប់ស្ត្រីរងគ្រោះពីក្រោយចំកញ្ចឹងក ស្មាខាងស្តាំ គល់កខាងស្តាំ និងកាប់ចំខ្នងបណ្តាលឱ្យស្លាប់នៅនឹងផ្ទះភ្លាមៗ។
បើតាមលោក គឹមសាន្ត ក្រោយបង្កហេតុ ជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ហើយបោះកាំបិតខ្វែវចូលក្នុងស្រះទឹកនៅក្បែរផ្ទះ ហើយក៏មិនបានរត់គេចទៅណាដែរ។ ចំណែកនៅកន្លែងកើតហេតុវិញ បន្ទាប់ពីអ្នកភូមិឃើញស្ត្រីរងគ្រោះត្រូវគេសម្លាប់បែបនេះ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ឃុំបឹងប្រាំឱ្យចុះទៅចាប់ខ្លួនដល់ផ្ទះរបស់ជនសង្ស័យប្រហែលជាកន្លះម៉ោងក្រោយកើតហេតុ។
លោក គឹម ស៊ីដេត នាយនគរបាលប៉ុស្តិ៍ឃុំបឹងប្រាំ ប្រាប់នៅថ្ងៃទី ២ ឧសភាថា ករណីនេះ ជនសង្ស័យប្រាប់ក្រោយចាប់ខ្លួនថា រូបគេគ្មានគំនុំអ្វីធំដុំជាមួយនឹងស្ត្រីរងគ្រោះទេ តែគេខឹងនឹងស្ត្រីរងគ្រោះ ចេះតែនិយាយពីក្រុមគ្រួសាររបស់គេទៅប្រាប់អ្នកដទៃ ទើបគេខឹង និងបានកាប់ស្ត្រីរងគ្រោះសម្លាប់ចោលទៅ។
លោកថា៖ «ជនសង្ស័យពេលវាទៅធ្វើការនៅប្រទេសថៃ វាប្រើគ្រឿងញៀន ពេលមកវិញស្មារតីវាដូចជាមិនសូវល្អ រាងភាំងៗយ៉ាងម៉េចទេ ហើយឪពុកម្តាយ ក៏មិនយកកូនទៅមណ្ឌលបន្សាបគ្រឿងញៀនទៀត។ ប្រហែលជាឪពុកម្តាយឃាត់ឃាំងឱ្យនៅតែផ្ទះខ្លាំងពេកធ្វើឱ្យកូនតប់ប្រមល់ស្មុគស្មាញក្នុងចិត្តក៏មិនដឹង»។
លោក ឈា នី មេឃុំបឹងប្រាំឱ្យដឹងថា ឪពុកម្តាយរបស់ជនសង្ស័យក៏ដឹងដែរថា កូនគាត់មានស្មារតីមិនល្អ ហើយបានទៅមណ្ឌលសុខភាពឃុំ សុំថ្នាំសរសៃប្រសាទយកមកឱ្យកូនលេប តែពួកគាត់មិនបាននាំកូនទៅពេទ្យពិនិត្យសុខភាពឱ្យបានត្រឹមត្រូវទេ ទុករហូតដល់មានបញ្ហាបែបនេះ។ «ខាងគ្រូពេទ្យមណ្ឌលសុខភាព រាយការណ៍មកខ្ញុំដែរថា គាត់ឃើញតែម្តាយជនសង្ស័យមកសុំថ្នាំសរសៃប្រសាទឱ្យកូនលេប តែមិនឃើញមានលិខិតបញ្ជាក់ពីគ្រូពេទ្យថា ជនសង្ស័យ មានជំងឺសរសៃប្រសាទទេ។ តាមពិតបើឪពុកម្តាយព្យាយាមមើលកូនប្រហែលមិនអីទេ»៕
វីដេអូ៖