ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក​) និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ (​ខេមបូចា​) បានចេញ​សេចក្ដី​ថ្លែងការណ៍​ដោយឡែក​ពីគ្នា ចូលរួម​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ដែល​អង្គការ​យូណេស្កូ​បាន​ជ្រើសរើស​យក​ប្រធានបទ «​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល​» ដោយ​អង្គភាព​ទាំង​ ២ ​នេះ​បាន​សម្ដែង​ក្ដីបារម្ភ​ពី​ឥទ្ធិពល​បច្ចេកវិទ្យា​ឌីជីថល ប្រហាក់ប្រហែល​គ្នា​។

ស.ស.ស.ក បាន​ថ្លែងថា ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ព័ត៌មាន​ និង​អ្នកសារព័ត៌មាន គប្បី​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​បញ្ញាញាណ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដោយ​ភាព​ច្នៃប្រឌិត​ក្នុងការ​បង្កើតបាន​នូវ​កាលានុវត្តភាព និង​មាន​សារប្រយោជន៍​ដល់​សង្គមជាតិ​។

ស.ស.ស.ក ថ្លែងថា​៖ «​យើង​មិនអាច​គេច​ចេញពី​តម្រូវការ​បច្ចេកវិទ្យា​ឌីជីថល​បានទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ចាប់យក និង​ប្រើប្រាស់​ឌីជីថល ដោយ​វាងវៃ ដើម្បី​ជា​មធ្យោបាយ​ជំរុញ​ការរីកចម្រើន​នៃ​ជីវភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​យើង​។ ​(​យើង​) ​ទទួល​ស្គាល់ថា នៅមាន​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ព័ត៌មាន​ដែលមាន​រួមទាំង បញ្ហា​ហិរញ្ញវត្ថុ សុវត្ថិភាព​ការងារ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​»​។

ខេមបូចា ដែលមាន​ការចូលរួម​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​ ២២ បាន​អបអរ​ទិវា​នេះដែរ ដោយ​បង្ហាញ​ជំហរ​សុំឱ្យ​ពង្រីក​កិច្ចសហការ និង​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជូន​ប្រជាពលរដ្ឋ​អំពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រព័ន្ធ​ឌីជីថល​។

យោងតាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់ ខេមបូ​ចា បានឱ្យដឹង​​ថា​៖ «(​ខេមបូចា​) ​ស្នើសុំ​បើក​ឱ្យមាន​ការប្រឹក្សា​យោបល់​ទូលំទូលាយ រួមទាំង​ការទទួល​យក​នូវ​ធាតុ​ចូល​ពី​ដៃគូ​ពាក់ព័ន្ធ​ទៅលើ​សេចក្ដី​ព្រាងច្បាប់​ដែល​ពាក់ព័ន្ធ ដូចជា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សន្តិសុខ​ឌីជីថល​ និង​វិធាន​គតិយុត្ត​ផ្សេងទៀត​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​ព័ត៌មាន សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​»​។

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រួម​នឹង​ក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ ​២០២២​ នេះ​បាន​បើក​កិច្ចប្រជុំ​មួយ​ផ្សព្វផ្សាយ​ស្ដីពី «​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​» ដល់​អ្នកនាំពាក្យ​ក្រសួង-​ស្ថាប័ន និង​រាជធានី-​ខេត្ត​។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​លើកឡើងថា ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​ទស្សនទាន យន្ដការ និង​យុទ្ធសាស្ដ្រ​រួម​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​វិស័យ​ព័ត៌មាន​របស់​រដ្ឋ​ក្នុង​ទិសដៅ​កសាង​ឱ្យបាន​នូវ​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ព័ត៌មាន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ បំផុស​ព័ត៌មាន​ឱ្យ​ចូលទៅ​កៀក​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​នៃ​មតិសាធារណៈ ហើយ​នេះ​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការអនុវត្ត​គោលនយោបាយ​កែទម្រង់​មុតស្រួច ផ្សារភ្ជាប់​ក្នុង​វិស័យ​ព័ត៌មាន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ផងដែរ​»​។

នៅក្នុង​យុគសម័យ​ឌីជីថល កិច្ច​រួមគ្នា​កសាង​សង្គម​ព័ត៌មាន​នៅក្នុង​បរិបទ​ឌីជីថល ដែល​ស្ថិតនៅក្នុង​លម្ហ និង​ឥទ្ធិពល​បញ្ញា​សិប្បនិម្មិត​។ អាស្រ័យ​ហេតុដូចនេះ បរិមាណ និង​គុណភាព​ព័ត៌មាន​ត្រូវតែ​កសាង និង​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ឌីជីថល ដែល​អាចមាន​លទ្ធភាព​គ្រប់មុខ​សញ្ញា និង​វិស័យ​របស់​រដ្ឋ​។ យោងតាម​លោក ផៃ ស៊ីផាន​។ លោក​ថា​៖ «​ព័ត៌មាន​ទាំងនោះ​ត្រូវ​រក្សា​ជា​ស្វ័យប្រវត្តិ នៅលើ​ប្រព័ន្ធ​ឌីជីថល ដែលជា​ប្រភព​ផ្ទៀងផ្ទាត់​ព័ត៌មាន​ផ្លូវការ និង​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ​។ សព្វថ្ងៃនេះ យើង​បាន​រួមគ្នា ឯកភាព​គ្នា ក្នុង​កិច្ច​កសាង​នូវ​ព័ត៌មាន​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​តម្លាភាព​ដែល​ជា​ផលប្រយោជន៍​សាធារណៈ​»​។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ឱ្យដឹង​ផងដែរ​ថា ការ​ប្រារព្ធ​ឡើង​នូវ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​គឺ​ចង់បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធានា​ការពារ និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ការគោរព​នូវ​សិទ្ធិសេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ដទៃទៀត​ផងដែរ​ដោយ​អនុលោម​តាមច្បាប់​សារព័ត៌មាន​ដែលមាន​ស្រាប់​៕