
មន្ត្រីបរិស្ថានចុះទៅឧទ្យានជាតិក្នុងស្រុកថ្មបាំងពីថ្ងៃទី ៣០ មេសា។ រូបថត ក្រសួងបរិស្ថាន
កោះកុងៈ ក្រុមការងារក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុងកំពុងសិក្សាគម្រោង CSLEP ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីប្រមូលព័ត៌មានសម្រាប់កំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ជនជាតិដើមភាគតិច «ជង»។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឱ្យដឹងពីថ្ងៃទី ១ ខែឧសភាថា ក្រុមការងារមកពីក្រសួងបរិស្ថាន និងមន្ត្រីបរិស្ថានខេត្តកោះកុងកំពុងចុះប្រមូលទិន្នន័យទីតាំងតំបន់ជនជាតិដើមភាគតិច «ជង» ក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដើម្បីដឹងអំពីទីសក្ការៈរបស់ជនជាតិដើមភាគតិចនៅទីនោះ ព្រមទាំងទីតាំងមួយចំនួនទៀតដែលបញ្ជាក់ពីទីកន្លែងជនជាតិដើមភាគតិច «ជង»។
លោកថ្លែងថា៖ «ឥឡូវកំពុងស្ថិតនៅក្នុងដំណើរការនៃការសិក្សាស្រាវជ្រាវនៅឡើយទេ អត់ទាន់ចេញជាលទ្ធផលទេ ព្រោះលទ្ធផលលុះត្រាតែយើងយកលទ្ធផលដែលចុះអង្កេតស្រាវជ្រាវនៅទីតាំងជាក់ស្តែងហ្នឹងរកឃើញអីខ្លះរួចហើយបានរៀបចំប្រជុំធ្វើការកំណត់» ។
ក្រសួងបរិស្ថានបានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែមេសាថា ការចុះប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ជនជាតិដើមភាគតិច «ជង» នេះ ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ពិសេសបញ្ចៀសផលប៉ះពាល់ពីដំណើរការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព។
លោក សូផា សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួលបន្ទុកជនជាតិដើមភាគតិចនៃគម្រោង CSLEP ថ្លែងថា ការចុះសិក្សាគម្រោងនេះគឺដើម្បីពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិច «ជង» លើកកម្ពស់ការចូលរួមរបស់ជនជាតិដើមក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាពគម្រោងជាពិសេសស្វែងរកឱកាសសម្រាប់បង្កើនប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ក្នុងតំបន់។
លោកថា៖ «ការសិក្សានេះធ្វើឡើង ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច «ជង» ដែលតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិនេះ រួមមាន តំបន់ដីព្រៃអារក្ស ទីសក្ការៈគោរពបូជា ទីតាំងបុរាណស្ថាន និងតំបន់ព្រៃកប់ខ្មោច» ។
លោកបញ្ជាក់ថា ក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិចនៃគម្រោង (CSLEP) សហការជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានរៀបចំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិវប្បធម៌របស់ជនជាតិដើមភាគតិច «ជង» កាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។
កិច្ចប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លេសាប នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិដើមភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ ៤០ នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង រួមមាន៖ តំបន់ព្រៃអារក្ស ៣ ទីតាំង ដែលមានឈ្មោះព្រៃអារក្សអន្លង់សំរាំ (ជាភាសាជនជាតិមានន័យថា អន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅមានទំហំសរុបប្រមាណ ៣០៣ ហិកតា និងទីតាំងដីព្រៃកប់ខ្មោចមាន ២ ទីតាំងលើដីទំហំសរុបប្រមាណ ៤ ហិកតា។
ក្រសួងបរិស្ថានបញ្ជាក់ថា កម្ពុជាមានជនជាតិដើមភាគតិច ២៤ ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិនៃបណ្តាខេត្តភាគឦសាន បណ្តាខេត្តនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅជួរភ្នំក្រវាញដោយប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ ដោយឡែក មុខរបរសំខាន់ៗ រួមមាន ការធ្វើស្រែ/ចម្ការ (កសិកម្មពនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូលអនុផលព្រៃឈើជាដើម៕