ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេ​ខា លើ​អនុក្រឹត្យ​អនុញ្ញាត​​ឱ្យ​ជ្រើស​រើស​កងទ័ព ជាង ៣០០​នាក់ សម្រាប់​បំពេញ​បន្ថែម​ ផ្នែកការ​ពារ​អាកាស។ ជាមួយ​គ្នា​នោះ​ផងដែរ លោក​ក៏បាន​​ឆ្លើយ​តប នឹង​អ្នករិះគន់​ដែល​ថា កម្ពុជា​មិន​មានការ​ចាំបាច់​​ត្រូវ​ប្រើ​​យន្ត​ហោះ​មិក​នោះ​ទេ​។

លោក​ថ្លែងថា៖ «ឥឡូវ​និយាយ​ឱ្យ​ច្បាស់​ ខ្ញុំទើប​នឹង​ចុះហត្ថ​លេខា​លើ​អនុក្រឹត្យ​បង្កើត​ឱ្យ​រើស​កង​ទ័ព​ចំនួន​ជាង ៣០០​នាក់ សម្រាប់តែ​​ផ្នែក​បំពេញ​បន្ថែម​ឱ្យការ​ពារ​អាកាស។ កម្ពុជា​អត់​ត្រូវ​ការចាំ​បាច់​យក​យន្ត​ហោះ​ ទៅ​បាញ់​គ្នា​លើអាកាស​ទេ ត្រូវ​ការ​កម្លាំង​ការពារ​អាកា​ស ដែល​ខ្ញុំ​ហៅ​ថា សំណាញ់​មេឃ ព្រោះ​ខ្ញុំ​ធ្លា​ប់​ស្គាល់​ហើយ​តើ អា​គេ​ទម្លាក់​គ្រាប់បែក​យ៉ាងម៉េ​ច អាគេ​បាញ់​ពី​លើយ៉ាង​ម៉េច ខ្ញុំធ្លាប់​ស្គាល់​ប្រសិទ្ធ​ភាព​របស់​វា។ សម័យ​រដ្ឋកម្ពុជា​មិន​ដែល​យក​យន្ត​ហោះ​ទៅវ៉ៃ​ទេ»។

លោ​កថ្លែង​ដូច្នេះ​ ក្នុង​ពិធី​​សំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​ ១ ៧៥៣​នាក់ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​៣ ខែ​ឧសភា។

នៅក្នុង​​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ ​អគារ​មជ្ឈ​មណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរ​ពេទ្យ​ព្រះអង្គ​ឌួង រាជធានី​ភ្នំពេញ កាល​ពីខែ​មីនា លោក​ហ៊ុន សែន ​លើក​ឡើង​ពី «សំណាញ់​មេឃ» ​ដំបូងគឺ​ដើម្បី​​ឆ្លើយតប​ទៅនឹង​អ្នក​ធ្វើអត្ថាធិប្បាយ​ ដែល​រិះគន់ថា កម្ពុជា​​ខ្វះខាតយន្តហោះមិក និង​នាវាមុជទឹក ហើយ​​លោក​អះអាង​ថា អ្នក​ធ្វើអត្ថាធិ​ប្បាយមួយ​​ចំនួន​ នៅ​តែ​មិន​ទាន់យល់​ឬ​ចាប់ន័យ​មិន​បាន​​នូវ​អ្វី​ដែល​លោក​ចង់​និយាយ ​អំពី​អត្ថន័យ​នៃ​ «សំណាញ់មេឃ»​នេះនៅឡើយ​។

លោក​ថ្លែង​ថា៖«ថ្ងៃមួយ​ នៅពេទ្យអង្គ​ឌួង ខ្ញុំ​និយាយ​ពីសំណាញ់​មេឃ។ អ្នក​មិន​យល់​មួយ​ចំនួន​ស្តាប់​អត្ថន័យ​យើង​មិន​បាន​។ សារ​ធាតុ​មិនមែន​មនុស្ស​ ពេល​នោះ​ដែល​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ខ្លះ​ថា យើង​ខ្វះ​យន្តហោះ​មិក​ខ្វះនាវា​មុជទឹក​ស្អីៗ បាន​ជា​ខ្ញុំ​និយាយ»។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «ខ្ញុំថា មិន​មានការ​ចាំបាច់​ប្រើ​ប្រាស់​យន្ត​ហោះ​មិក​ទេ។ ទៅវ៉ៃ អ្នកណា ? ហើយ​វ៉ៃនៅ​កន្លែង​ណា​ពិត​ប្រាកដ ? យក​មិកទៅ​ឡើង​បាញ់គ្នា​លើ [អាកាស]? ខ្ញុំថា ប្រើ​ប្រាស់​សំណាញ់​មេឃ។ អាណា​ទៅធ្វើ​សំណាញ់​មេឃ​កើត? ប៉ុន្តែ​និយម​ន័យ​អំពី​សំណាញ់​មេឃ​ដែល​ខ្ញុំច​ង់និយាយ​នៅទី​នេះ បាន​សេចក្តី​ថា កម្លាំង​ការពារ​អាកាស​ដែល​ទៅ​ពី​ខាង​ក្រោម»។

លោក​បាន​ពន្យល់​នូវ​អត្ថន័យ​សំណាញ់​មេឃ​ដូច្នេះថា៖ «យន្ត​ហោះ​បើវាហោះ​នៅ​ឯលើវា​អត់ធ្វើ​អី​យើង​កើត​ទេ។ បើវា​ចង់​ធ្វើអីយើង​វា​មុជ​ក្បាល​ចុះមក ហើយ​បាញ់​យើង ឬក៏​ទម្លាក់​គ្រាប់​បែក។ អាពេល​ហ្នឹង​ពី​ខាង​ក្រោម​ឡើង​រាប់សែន​រាប់លាន​គ្រាប់។ ជើង​លេខអី​មិន​ត្រូវ​ អាតូច​ក៏ទៅ​អាធំ​ក៏​ទៅ។ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ​ពីសំណាញ់​មេឃ»៕