ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់ឌុប​) ដែល​ទទួលបាន​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១ សរុប ១៧៥៣ ​នាក់​នា​ព្រឹក​ថ្ងៃទី​ ៣ ខែឧសភា នា​សាលពិព័រណ៍ OCIC ជ្រោយចង្វារ​។

នាឱកាស​នោះ លោក ហ៊ុន សែន បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​សិស្ស​និទ្ទេស A ដែល​មកពី​គ្រប់​រាជធានី​-​ខេត្ត​ទាំង​ ២៥​។

លោក​មានប្រសាសន៍​ថា៖ «​ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ចំនួន​ដ៏ច្រើន​នេះ ហើយ​ខ្ញុំ​ក៏​យក​ឱកាស​នេះ​អបអរសាទរ​ជាមួយ​សិស្ស​និទ្ទេស A និង​អាណាព្យាបាល​ទាំងអស់​ដែលមាន​កូន​ក្លាយជា​សិស្ស​ឆ្នើម ហើយ​យើង​ក៏​សោកស្តាយ​ផងដែរ​ចំពោះ​សិស្សានុសិស្ស​ដែល​មិនបាន​ប្រឡង​ជាប់ តែ​សង្ឃឹមថា ចៅៗ​ក្មួយៗ​នឹង​បន្ត​សិក្សា​នៅ​ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ប្រឡង​ជាថ្មី ឬ​បន្ត​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​នៅតាម​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​នានា​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ផ្តើមចេញ​ពី​ការដាក់ចេញ​គោលនយោបាយ​អាទិភាព​លើ​វិស័យ​អប់រំ បានធ្វើ​ឱ្យមាន​ការយក​ចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទៅលើ​ការសិក្សា​របស់​សិស្សានុសិស្ស​។ លោក​ក៏បាន​កោតសរសើរ​ចំពោះ ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ខិតខំ​សម្របសម្រួល​ក្នុងការ​ប្រឡង​បាក់ឌុប​នៅ​ទូទាំងប្រទេស ដែល​ទទួលបាន​លទ្ធផល​គួរ​ជា​ទីមោទនភាព​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ហ៊ុន សែន ក៏​ប្រកាស​ដាក់​សិស្សានុសិស្ស​និស្សិត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ជា​ក្រុម​អាទិភាព​នៃ​ការទទួល​វ៉ាក់សាំង​ផងដែរ បន្ទាប់ពី​មន្ត្រី​រាជការ គ្រូបង្រៀន បុគ្គលិក​សុខាភិបាល ហើយ​និង​កម្លាំង​ប្រដាប់អាវុធ​ដែល​ហៅថា ក្រុម​អាទិភាព​ជួរមុខ​។

លោក​ថា​៖ «​មុននេះ ខ្ញុំ​បានប្រកាស​ត្រឹមតែ​មុខសញ្ញា​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រីរាជការ​គ្រូបង្រៀន​ទេ ហើយនឹង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ហៅថា​ក្រុម​អាទិភាព​ជួរមុខ​។ ឥឡូវ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​សិស្សានុសិស្ស កុមារា​កុមារី​របស់​យើង​គឺ​ត្រូវដាក់​ចូលក្នុង​ដំណើរការ​អាទិភាព​នៃ​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​»​។ ​ជាមួយគ្នា​នោះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ឱ្យ​ក្រសួង​ធំៗ​ចំនួន​ ២ ​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល ធ្វើការ​ជ្រើសរើស​បុគ្គលិក​ក្របខ័ណ្ឌ​បន្ថែម ខណៈ​ដែល​វិស័យ​ផ្សេងៗ​ទៀត មិន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា​៖ «​យើង​បានផ្តល់​អាទិភាព​សម្រាប់​វិស័យ​អប់រំ វិស័យ​សុខាភិបាល ដែល​វា​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា ហើយ​មានតែ​វិស័យ​ ២ ​ទេ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ឱ្យ​រើស​គ្រូបង្រៀន និង​គ្រូពេទ្យ​បន្ថែមទៀត ដើម្បី​គ្រប់គ្រង​សភាពការណ៍ ដោយសារ​មន្ទីរពេទ្យ​ដែល​ត្រូវ​ពង្រីក​មាន​ច្រើន ដែល​ធ្វើឱ្យ​តម្រូវការ​ពេទ្យ​កម្រិត​ធំ​»​។

ទាក់ទង​នឹង​វិស័យ​ផ្សេងៗ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិន​ផ្តល់ឱ្យមាន​ការជ្រើសរើស​នោះទេ ប៉ុន្តែ​អាចឱ្យ​មានការ​ជ្រើសរើស​ជំនួស​បុគ្គលិក​ណា​ដែល​ចូលនិវត្តន៍​តែប៉ុណ្ណោះ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងឱ្យដឹងថា ការ​កើនឡើង​នូវ​សិស្ស​និទ្ទេស​ A ​នេះ គឺ​អាស្រ័យ​ដោយ​ការខិតខំ​រៀនសូត្រ ហើយ​ក្រសួង និង​អ្នកពាក់ព័ន្ធ​បាន​ខិតខំ​ផ្តល់ឱកាស​ និង​ការគាំទ្រ​គ្រប់​រូបភាព​ដើម្បីឱ្យ​សិស្ស​បាន​រៀន​។

លោក​បាន​បន្ថែមថា សិស្ស​និទ្ទេស​ A ទាំងនោះ មកពី​សាលារៀន​ចំនួន​ ៤២១ ក្នុងនោះ​សាលា​រដ្ឋ​ចំនួន​ ៣១១ មាន​សិស្ស​និទ្ទេស​ A​ ចំនួន ១ ២៩៦ ​នាក់ និង​សាលា​ឯកជន​ ១០៨ មាន​សិស្ស​និទ្ទេស​ A ចំនួន​ ៤៦១ ​នាក់​។

លោក ហង់ជួន ណារ៉ុន មានប្រសាសន៍​ថា​៖ «​លទ្ធផល​ជា​ទីមោទនៈ​ដែល​យើង​ទទួលបាន​រហូតមកដល់​សព្វថ្ងៃនេះ​គឺ​ដោយសារ​មានការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​ការ​បង្រួបបង្រួម សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​»​។

គួរ​បញ្ជាក់ដែរថា សិស្ស​និទ្ទេស A ទាំងនោះ​មាន​៖ រាជធានី​ភ្នំពេញ​ចំនួន ៥៦៥ ​នាក់​, ខេត្ត​សៀមរាប ១៥៣ ​នាក់​, កណ្តាល ១២៧ ​នាក់​, បាត់ដំបង ១២៣ ​នាក់​, កំពង់ចាម ១១៨ ​នាក់​, បន្ទាយមានជ័យ ៩៩ ​នាក់​, តាកែវ ៩៩ ​នាក់​, ព្រៃវែង ៨៧ ​នាក់​, កំពត ៧៥ ​នាក់​, ត្បូងឃ្មុំ ៥៤ ​នាក់​, ក្រចេះ ៤៥ ​នាក់​, កំពង់ធំ ៤១ ​នាក់​, កំពង់ស្ពឺ ៣៣ ​នាក់​, ពោធិ៍សាត់ ២៨ ​នាក់​, ស្វាយរៀង ២៦ ​នាក់​, កំពង់ឆ្នាំង ២២ ​នាក់​, ព្រះសីហនុ ២០ ​នាក់​, រតនគិរី ៩​ នាក់​, ស្ទឹងត្រែង ៦ ​នាក់​, ប៉ៃលិន ៦ ​នាក់​, ឧត្តរមានជ័យ ៥ ​នាក់​, កោះកុង​ ៤​ នាក់​, ព្រះវិហារ ៤ ​នាក់​, កែប ៣ ​នាក់ និង​ខេត្តមណ្ឌលគិរី ១ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស ​A ទាំង​ ១ ៧៥៣ ​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២ ​លាន​រៀល និង​សៀវភៅ​អប់រំ​ទូន្មាន​នានា​៕