ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មីទៀត​ឱ្យ​ការបោះឆ្នោត​ឃុំ​សង្កាត់ ខាងមុខ​ប្រព្រឹត្តទៅ​ដោយមាន​សុវត្ថិភាព និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ហើយ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការជ្រើសរើស​គណបក្ស​នយោបាយ​។

លោក ហ៊ុន សែន ថ្លែង​ដោយ​សង្ឃឹមថា ការបោះឆ្នោត​ឃុំ- សង្កាត់​នៅ​ថ្ងៃទី ​៥ ខែមិថុនា ខាងមុខ​នឹង​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព ដោយ​ភាពស្ងប់ស្ងាត់ និង​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន​គឺ​សុវត្ថិភាព​ និង​បរិយាកាស​នយោបាយ​ដ៏ល្អប្រសើរ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន ១ ៧៥៣​ នាក់ នៅ​ភ្នំពេញ​នា​ថ្ងៃទី​ ៣ ខែឧសភា​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​សុំឱ្យ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​របស់​យើង​ដែល​នឹង​ប្រព្រឹត្តទៅ​ខាងមុខនេះ កុំ​ឱ្យមាន​អំពើហិង្សា​ណាមួយ​កើតឡើង ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ សុំ​គិតគូរ​ឱ្យបាន​ច្បាស់ ការប្រកួត​ប្រជែង​នៅទីនេះ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ធម្មតា មិនមែន​ការកាប់សម្លាប់​គ្នា​យកឈ្នះ​យក​ចាញ់​នោះទេ​។ ១៧ គណបក្ស​នឹងចូលរួម​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​យក​សំឡេងឆ្នោត​»​។

លោក ​យ៉ង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣ ខែឧសភា​ថា ការអំពាវនាវ​របស់​លោក ហ៊ុន សែន នេះ​គឺជា​រឿង​មួយ​ល្អ​ដែល​នឹង​ជំរុញ​ឱ្យ​បរិយាកាស​បោះឆ្នោត​មាន​ភាពល្អប្រសើរ​។

លោក​បន្តថា ប្រសិនបើ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ផ្សេងៗ​ទៀត មានការ​លើកទឹកចិត្ត​បែបនេះ និង​លើកឡើង​អំពី​ភាពសេរី និង​យុត្តិធម៌​នៃ​ការបោះឆ្នោត និង​ការបង្ក​បរិយាកាស​ល្អ​ប្រពៃ​សម្រាប់​ការបោះឆ្នោត ក៏ដូចជា​បរិយាកាស​នយោបាយ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី នោះ​គឺជា​រឿង​ល្អ​ដែល​ធ្វើឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាច​នឹង​មានការ​សាទរ​សាជាថ្មី​ទៀត​។

លោក​ យ៉ង់ គិមអេង​ ថ្លែងថា​៖ «​ជាមួយ​គ្នានេះ ក៏​ខ្ញុំ​ចង់​ឃើញថា មន្ត្រី​នៅ​ថ្នាក់ក្រោម​ក៏​មិនត្រូវ​ឱ្យមាន​រូបភាព​នៃ​ការគំរាមកំហែង​បំភិតបំភ័យ​ណាមួយ​កើតឡើង​ទេ​គឺ​ត្រូវតែ​គោរព​ទៅតាម​អ្វីដែល​ជាការ​អំពាវនាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នេះ​»​។

កាលពី​ចុងខែ​មេសា លោក ហ៊ុន សែន បានប្រកាសថា លោក​នឹងមិន​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត​នោះទេ ខណៈ​យុទ្ធនា​ការបោះឆ្នោត​ឃុំ សង្កាត់​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២១ ខែឧសភា គឺ​ចំ​ថ្ងៃ​ដែល​លោក​គ្រោង​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វ៊ីស​ក្នុងឱកាស​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​។

កាលពី​ខែកុម្ភៈ លោក ហ៊ុន សែន ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កលក្ខណ​សម្បត្តិ​ឱ្យ​បណ្តា​បក្ស​​នយោបាយ ដែល​នឹងត្រូវ​ចូលរួម​ការបោះឆ្នោត​ឃុំ សង្កាត់ នៅពេល​ខាងមុខ​ទទួលបាន​នូវ​ឱកាស​សម្រាប់​ការជួបជុំ ការរៀបចំ​ចុះទៅ​ជួប​ប្រជាជន​ដែលជា​សមាជិក​សមាជិកា​របស់​ពួកគេ​ដោយ​គ្មាន​ការរំខាន​ណាមួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​។ លោក​ ហ៊ុន សែន ថែមទាំង​អំពាវនាវ​ដល់​អាជ្ញាធរ ត្រូវខិតខំ​ជួយ​ការពារ​សុវត្ថិភាព​បណ្តា​បក្សនយោបាយ​ឱ្យបាន ដោយ​មិនត្រូវ​ឱ្យមាន​ការបោះឆ្នោត​មួយ​ញាំញី​ដោយ​អំពើហិង្សា​រហូត​ទៅដល់​មាន​មនុស្ស​គ្រោះថ្នាក់​។

កាលពី​ខែកុម្ភៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បានប្រកាស​ថា អ្នកដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺមាន​ចំនួន​ជាង ៩ លាន​នាក់ ខណៈ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ២ ម៉ឺន​ការិយាល័យ​៕