
ជនទាំងនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី ៣០ មេសា កន្លងមក។ ប៉ូលីស
ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌ ខេត្ត ព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ៦ នាក់ ទៅសាលាដំបូងខេត្តនៅថ្ងៃទី ៣ ខែឧសភា ពាក់ព័ន្ធដើរធ្វើសកម្មភាពឆក់ទូរស័ព្ទនៅក្រុង-ខេត្តព្រះសីហនុ។ ជនទាំងនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី ៣០ មេសា កន្លងមក។
លោក ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ឱ្យដឹងនៅថ្ងៃទី ៣ ឧសភាថា ករណីក្រុមជនសង្ស័យ ១៦ នាក់ដែលសកម្មក្នុងអំពើឆក់ទូរស័ព្ទអ្នកដំណើរត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ ចាប់បញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី ៣ ឧសភា។
លោក បញ្ញា មិនបានប្រាប់ពីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើទេ តែបើយោងគេហទំព័រការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ហាញថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ១៥ នាទីយប់ ប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកសមត្ថកិច្ចថា មានជនសង្ស័យ ៣ នាក់ ជិះម៉ូតូ ១ គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះម្នាក់ ភេទប្រុស ជនជាតិវៀតណាម នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុងភូមិ ៦ ក្នុងភូមិសាស្ត្រ សង្កាត់លេខ ៤ ក្រុង-ខេត្ត។ បន្ទាប់ពីធ្វើសកម្មភាព ក្រុមជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់ និងបក្ខពួកសរុបចំនួន ១៦ នាក់ជាបុរសទាំងអស់។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរទៅឃើញថា មានតែជនសង្ស័យចំនួន ៦ នាក់ ប៉ុណ្ណោះ ដែលពាក់ព័ន្ធនៅក្នុងករណីលួចមានស្ថានទម្ងន់ទោស។
រីឯជនសង្ស័យចំនួន ១០ នាក់ដែលមិនមានការពាក់ព័ន្ធត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឱ្យក្រុមគ្រួសារមកធានាយកត្រឡប់ទៅផ្ទះវិញ។ ចំពោះវត្ថុតាងដែលចាប់យកបាននៅក្នុងការបង្ក្រាបនេះ រួមមាន ទូរស័ព្ទដៃ ២ គ្រឿងម៉ូតូ ១ គ្រឿង កញ្ចក់ម៉ូតូ ១ គូ កាងម៉ូតូ ១ និងរានម៉ូតូ ១៕