
ជនសង្ស័យត្រូវបានចាប់ខ្លួនករណីជួញដូរគ្រឿងញៀន នាថ្ងៃទី ២៧ មេសា។ រូប ប៉ូលិស
ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣ ឧសភា កំពុងសាកសួរបុរស ៦ នាក់ បន្ទាប់ពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនដល់តុលាការបាន ១ ថ្ងៃ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ១៥០ ក្រាម និងពាក់ព័ន្ធការប្រើអាវុធខ្លី ២ ដើមផងដែរ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីជនសង្ស័យចំនួន ៦ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនមកសាលាដំបូងរាជធានី-ភ្នំពេញ កំពុងត្រូវបានតំណាងអយ្យការបើកដំណើរការសាកសួរ ពួកគេហើយនៅថ្ងៃទី ៣ ឧសភា។
លោកថ្លែងថា៖ «ករណីខាងលើនេះ តំណាងអយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួន។ ករណីនេះខ្ញុំនឹងជម្រាបជូនពេលទទួលបានព័ត៌មានចុងក្រោយអំពីចំណាត់ការរបស់អយ្យការ»។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃទី ៣ ឧសភា ថា ជនសង្ស័យទី ១ ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ទី ២ ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទី ៣ ឈ្មោះ អ៊ុក ម៉ាលីបុត្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទី ៤ ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ទី ៥ ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ។
លោកប្រាប់ថា៖ «ចំពោះវត្ថុតាង គ្រឿងញៀនដែលយើងរឹបអូសបានពីក្រុមជនសង្ស័យមាន ១៥០ ក្រាម និងកាំភ្លើងខ្លី ២ ដើម។ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការពីម្សិលមិញ (ថ្ងៃទី ២ ឧសភា)»។
គេហទំព័ររបស់មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី ១ ឧសភា បង្ហាញថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង ៣០ នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាខេត្តទាំង ៣ ខាងលើបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ហើយបានរកឃើញបទល្មើសជួញដូរគ្រឿងញៀននៅ ៤ គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។
គេហទំព័របន្តថា គោលដៅទី ១ នៅចំណុចតាមបណ្តោយផ្លូវលំ ជិតស្ពាន ៧ មករា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ និងថ្នាំញៀន ៧ កញ្ចប់។ គោលដៅទី ២ នៅចំណុចភូមិទូលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងថ្នាំញៀន ១ កញ្ចប់។
គោលដៅទី ៣ នៅចំណុចមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន ២ កញ្ចប់ និងរថយន្ត ១ គ្រឿង។ ឯគោលដៅទី៤ នៅចំណុចក្បែរភ្លើងស្តុប អង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ ថ្នាំញៀន ៣ កញ្ចប់ និងរថយន្ត ១ គ្រឿង។
បើតាមប្រភពដដែលទាំង ៤ គោលដៅនេះ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀនបានដកហូតវត្ថុតាងមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១៥០ ក្រាម។ កាំភ្លើងខ្លី ២ដើម ប្រភេទរ៉ូឡូ និង CZ75 ព្រមទាំងរថយន្តចំនួន ២ គ្រឿង ម៉ាក LEXUSRX330 និង CAMRY៕