
លោក ហ៊ុន សែន ថ្លែងក្នុងពិធីជួបជាមួយសិស្យនិទ្ទេស A នាថ្ងៃទី ៣ ឧសភា។រូប SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នារីជានិស្សិតសាកលវិទ្យាល័យម្នាក់ជាប់ក្នុងមន្ទីរឃុំឃាំងទាំងអយុត្តិធម៌ ដោយសារការលូកដៃពីឧកញ៉ាចំនួន ៥ នាក់ ដែលទាមទារចាំបាច់ឱ្យលោកធ្វើអន្តរាគមន៍ បើមិនដូច្នោះ និស្សិតម្នាក់នោះនឹងត្រូវនៅបន្តជាប់ក្នុងមន្ទីរឃុំឃាំង។ ការថ្លែងបែបនេះ ដោយសារលោកថា មានបុគ្គលមួយចំនួនរិះគន់នាយករដ្ឋមន្ត្រីមិនគួរលូកដៃក្នុងរឿងកំប៉ិកកំប៉ុកដូចជារឿងអាស្រូវផ្លូវភេទនិស្សិតស្រីម្នាក់ជាមួយឧកញ៉ា។
ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស- A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ ចំនួន ១ ៧៥៣ នាក់ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ ថ្ងៃទី ៣ ឧសភា លោក ហ៊ុន សែន ថ្លែងថាអ្វីដែលជំរុញឱ្យលោកជួយអន្តរាគមន៍ គឺជាបញ្ហាអយុត្តិធម៌នាំឱ្យក្មេងស្រីជានិស្សិតម្នាក់ជាប់ក្នុងមន្ទីរឃុំឃាំង ក្រោមការអន្តរាគមន៍ពីឧកញ៉ារហូតដល់ ៥ នាក់។
លោកថ្លែងថា៖ «បើសិនជាបញ្ហានេះវាគ្រាន់តែជាបញ្ហាស្រីញី ប្រុសឈ្មោលខ្ញុំគ្មានការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតត្រង់អំពើអយុត្តិធម៌។ ក្មេងស្រីជានិស្សិតកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងក្រោមអន្តរាគមន៍របស់ឧកញ៉ា ៤-៥ នាក់ឯណោះ តើឱ្យខ្ញុំនៅស្ងៀមទេរឿងនេះ?»។
លោក ហ៊ុន សែន ថា ក្នុងនាមជានាយករដ្ឋមន្ត្រី គឺចាំបាច់ត្រូវតែមានការទទួលខុសត្រូវ ដើម្បីរកយុត្តិធម៌ សម្រាប់ពលរដ្ឋដែលត្រូវគេបំពាន ព្រោះផលប្រយោជន៍ប្រជាជនមិនមែនជាបញ្ហាតូចតាចទេ។
លោកថ្លែងថា៖ «តើអ្នកបានដឹងរឿងប៉ុនណា? ខ្ញុំការពារពលរដ្ឋរបស់ខ្ញុំ ហេតុអីបានជាថា រឿងអ៊ីចឹងៗ មិនគួរលូកដៃ។ បើអ្នកជាតិរច្ឆាន អ្នកកុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន អ្នកគិតខ្លួនឯងទៅ។ មនុស្សមួយចំនួនមិនយល់រឿងហ្នឹង គឺចាត់ទុកថា នាយករដ្ឋមន្ត្រីលូកដៃលើបញ្ហាកំប៉ិកកំប៉ុក ក៏ប៉ុន្តែសូមមើលសំណុំរឿង»។
លោកនាយករដ្ឋមន្ត្រីរំឭកថា ដើមឡើយចំពោះរឿងបៀតបៀនផ្លូវភេទរបស់ឧកញ៉ានោះលោកមិនបានដឹងនោះទេ។ ប៉ុន្តែមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមហ្វេសប៊ុកដោយមានអ្នកសិល្បៈជាច្រើនទាមទារយុត្តិធម៌ សម្រាប់ក្មេងស្រីជានិស្សិតសាកលវិទ្យាល័យ។ ពេលដឹងភ្លាម លោកបានឱ្យមេធាវីរបស់លោកសិក្សាមើល ទើបដឹងរឿងក្មេងស្រីជាប់ក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹងរបស់ឧកញ៉ាថា នាងបានយកកាំបិតចាក់ខ្លួន។ ក្រោយពីបានដឹងរឿងពិត តាមការស្តាប់សារសំឡេងឆ្លើយឆ្លង ទីបំផុតលោកសម្រេចឱ្យក្រុមមេធាវីរបស់លោកធ្វើការធានាឱ្យនិស្សិតជានារីនោះមកនៅក្រៅឃុំ។
លោកបញ្ជាក់ថា៖ «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតក្នុងគុកនៅឡើយទេ សូមកុំច្រឡំ។ ឧកញ៉ា ៥ រូបបានចូលរួមព្រឹត្តិការណ៍នេះ។ ខ្ញុំដឹងរឿងខុស រឿងត្រូវ»។
លោក ហ៊ុន សែន ថា ក្នុងរឿងនេះអ្នកមានលុយជាអ្នកទៅបំពាន ហើយចុងក្រោយទាំងសងខាងមិនចង់មានរឿង ខាងប្រុសក៏បានសារភាព ហើយស្នើសុំដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
កាលពីថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២១ នៅក្បែរផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យមួយមានករណីរំលោភបំពានដោយឧកញ៉ា ហេង សៀ លើកញ្ញាមាន ពេជ្ររីតា។ ហេតុការណ៍នោះបានកើតឡើងក្នុងរថយន្ត ១ គ្រឿងដោយកញ្ញា មាន ពេជ្ររីតា ចោទថា លោកឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្ត។ ចំណែកឧកញ៉ា ហេង សៀ ចោទកញ្ញាថា បានចាក់រូបលោក ២ កាំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់ ១ គ្រឿង បន្ទាប់ពីប្រវាយប្រតប់គ្នា។ ក្រោយមកនាថ្ងៃទី ៨ ឧសភាឆ្នាំ ២០២១ កញ្ញាមាន ពេជ្ររីតា ត្រូវបានចាប់ខ្លួនតាមបណ្តឹងរបស់ឧកញ៉ា ហេង សៀ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ថ្លែងថាការលើករបស់នាយករដ្ឋមន្ត្រីជារឿងត្រឹមត្រូវ។ ប៉ុន្តែក៏គួរតែមានការពិនិត្យឱ្យបានលម្អិតចំពោះប្រវត្តិរបស់បុគ្គលមួយចំនួន ដែលក្លាយជាឧកញ៉ា ព្រោះអ្នកខ្លះមានប្រវត្តិមិនសូវល្អ ក៏អាចក្លាយជាឧកញ៉ា។
លោកថ្លែងថា៖ «មិនមែនងារឧកញ៉ាហ្នឹងអាចទៅធ្វើអីផ្ទុយពីច្បាប់ហើយរួចខ្លួនទេ ព្រោះច្បាប់អត់មានចែងថា បុគ្គលណានៅពីលើច្បាប់បានទេ។ អ៊ីចឹងបើសិនជា ពិនិត្យលើភ័ស្តុតាងឃើញច្បាស់លាស់ហើយផ្តន្ទាទោសតាមច្បាប់ ទៅ អាហ្នឹងវាជាការអនុវត្តច្បាប់មួយ ដែលមានស្តង់ដាច្បាស់លាស់ហើយ។ បើមិនអនុវត្តបែបហ្នឹងគេថាយើងអនុវត្តដោយស្តង់ដា ២»។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងថា ក្រុមការងារក្រសួងមហាផ្ទៃកំពុងបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជុំវិញសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា។
លោកថា៖ «ឥឡូវយើងមិនទាន់ហ៊ាននិយាយយ៉ាងណាទេ ព្រោះនៅក្នុងសេចក្តីព្រាងនៅឡើយ។ ចាំមើលចេញជាសេចក្តីព្រាងផ្លូវការ រាជរដ្ឋាភិបាលទទួលយកសម្រេច អាហ្នឹងបានយើងអាចបញ្ជាក់អំពីលក្ខខណ្ឌហ្នឹង»៕
វីដេអូ៖