
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពេលធ្វើជាអធិបតី តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា» លើកទី ២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ HUN MANET FACEBOOK
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានផ្តល់តម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មាន ដែលលោកថ្លែងថា បានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយអ្នកសារព័ត៌មានមានសិទ្ធិអំណាចចូលរួមតាមដាន ត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងពេលធ្វើជាអធិបតី តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា» លើកទី ២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
លោកថ្លែងថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលម្ហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើភាពគ្នាចំពោះមុខច្បាប់ និងសុខដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក៏ដូចជាឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយសន្តិសុខ សង្គម និងសេដ្ឋកិច្ច។
លោក ម៉ាណែត បញ្ជាក់ថា៖ «វិស័យសារព័ត៌មានគឺជាអំណាចទី ៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមានទី ១ ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី ២ ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ»។ ចំណែកទី ៣ ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង សម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូល សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទី ៤ ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី ៥ ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព ដែលជាថ្នាំដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។
លោកបញ្ជាក់ថា ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋាន ក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលបានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង»។
លោក ម៉ាណែត បានលើកឡើងទៀតថា អ្នកសារព័ត៌មានមានសិទ្ធិអំណាចចូលរួមតាមដានត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាសហភាតរៈផ្ទាល់សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបញ្ជាក់ថា៖ «តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញគឺត្រូវធ្វើឱ្យគេគោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាពផ្ទាល់របស់ខ្លួនយើង»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនេះដែរថា ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ ២០២២ នេះបានលើកឡើងពីការផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណីជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ដែលប្រឈមនឹងការបិទអង្គភាពប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទូទាំងសកលលោក។
លោកបញ្ជក់ថា៖ «បញ្ហាសំខាន់ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ ធ្វើយ៉ាងណា ដើម្បីរក្សាបាននូវប្រក្រតីភាពនៃដំណើរការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៅថ្ងៃអនាគត»។
លោកបន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរស់នៅដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបើកទូលាយដែលរហូតមកដល់ពេលនេះចំនួនសារព័ត៌មាននៅកម្ពុជាមានការកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ទោះបីសារព័ត៌មាន ស្ថិតក្នុងសម្ពាធប្រព័ន្ធផ្សព្វផ្សាយឌីជីថលក៏ដោយ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងក្នុងពិធីអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា» នេះដែរថា ប្រធានបទនៅឆ្នាំនេះ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» មានភាពពាក់ព័ន្ធយ៉ាងខ្លាំង ដោយសារទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយបានផ្លាស់ប្តូរពីការបោះពុម្ពទៅជាប្រព័ន្ធឌីជីថល ឬអនឡាញ ហើយក្តីបារម្ភថ្មី បានលេចឡើង សម្រាប់អ្នកសារព័ត៌មាន ទាក់ទងនឹងសុវត្ថិភាពរបស់ពួកគេ។ ការគំរាមកំហែងប្រឆាំងនឹងអ្នកសារព័ត៌មានត្រូវបានពង្រីកតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសប្រឆាំងនឹងអ្នកសារព័ត៌មានស្ត្រី ប៉ុន្តែក៏អាចឃើញពីរបៀបដែលការកើនឡើងនៃការឃ្លាំមើល និងហានិភ័យសុវត្ថិភាពអ៊ីនធឺណិតគឺជាផ្នែកនៃការពិតថ្មីរបស់ពួកគេ។
លោកស្រីថ្លែងថា៖ «ជំនួសឱ្យអ្នកសារព័ត៌មានអាជីព ដែលផ្តល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបាន និងការវិភាគស៊ើបអង្កេតស៊ីជម្រៅយើងឃើញការរីករាលដាលនៃព័ត៌មានមិនពិត និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយរីករាលដាលនៅក្នុងដែនឌីជីថល ដែលបានក្លាយជាគ្រោះថ្នាក់ពិតប្រាកដសម្រាប់យើងទាំងអស់គ្នា និងសង្គមរបស់យើង»។
លោក Sardar Umar Alam តំណាង UNESCO ប្រចាំកម្ពុជា ថ្លែងថា៖ «បច្ចុប្បន្ននេះយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមានព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងពាក្យសម្ដីគួរឱ្យស្អប់ខ្ពើម ដែលយើងបានឃើញនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក»។
លោកថ្លែងថា សារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លានត្រូវបានចែកចាយដោយមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិត។ លោកថ្លែងថា៖ «យើងត្រូវការការអប់រំអ្នកគ្រប់គ្នានៅក្នុងសហគមន៍របស់យើង ដើម្បីផលិត វាយតម្លៃ និងទទួលបានព័ត៌មានប្រកបដោយការពិត»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ក៏បានថ្លែងក្នុងពិធីប្រារព្ធទិវានេះដែរថា ប្រធានបទឆ្នាំនេះបានឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលប្រព័ន្ធឌីជីថលកំពុងតែឈានមុខនៅក្នុងការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងនេះក្តី អ្នកសារព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់នៅតែចាំបាច់ដើម្បីជំរុញឱ្យមានការរីកចម្រើន លើវិស័យឌីជីថល និងសមត្ថភាពខ្ពស់ឈានឆ្ពោះទៅរកវឌ្ឍនភាព និងប្រកបដោយគុណភាពខ្ពស់។
លោកថ្លែងថា៖ «នៅគ្រប់សម័យកាលអ្នកសារព័ត៌មានបម្រើផលប្រយោជន៍ដល់សាធារណជនទូទៅ និងសង្គមទាំងមូល។ ដើម្បីបំពេញកិច្ចការនេះ អ្នកសារព័ត៌មានមួយចំនួននៅតែប្រឈមនឹងបញ្ហារួមទាំងការធ្វើទុក្ខបុកម្នេញតាមរយៈរូបភាពផ្សេងៗដែលធ្វើឱ្យយើងមានការព្រួយបារម្ភ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងឱកាសនេះដែរថា បច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យវិស័យសារព័ត៌មានកម្ពុជាអភិវឌ្ឍខ្លួនយ៉ាងលឿនរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងពោលគឺសារព័ត៌មានបែបប្រពៃណីបានខិតខំបំប្លែងខ្លួនឱ្យទៅជាបណ្តាញសារព័ត៌មានពហុមុខងារ (Multi-media ) ដោយផ្សារភ្ជាប់បណ្តាញផ្សាយបែបប្រពៃណីរបស់ខ្លួន ទៅនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
លោកបញ្ជាក់ថា៖ «ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក៏បានជំរុញឱ្យបណ្តាញផ្សព្វផ្សាយព័ត៌មានតាមអនឡាញ រីកដុះដាលយ៉ាងខ្លាំងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងទទួលបានព័ត៌មានយ៉ាងសម្បូរបែប និងលឿនរហ័ស»។
លោកបន្តថា៖ «ជាផលវិបាក កាសែត ព្រឹត្តិបត្រ និងទស្សនាវដ្តីជាច្រើនបានបញ្ឈប់ការបោះពុម្ព ដោយសារតែមិនអាចទ្រាំទ្រនឹងទម្ងន់សម្ពាធនៃប្រព័ន្ធឌីជីថលបាន»៕
វីដេអូ៖