ភ្នំពេញៈ គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​USAID​បាននិង​កំពុង​រៀបចំ​ការតាំងពិព័រណ៍​​រូបថត​ដែល​បង្ហាញ​ពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​នៅលើ​បឹង​ទន្លេសាប​ដល់​សាធារណជន​ចូល​ទស្សនា​រយៈពេល​ប្រមាណ​ ១​ ខែ ក្នុង​ខែ​នេះ ដោយ​រំពឹងថា អ្នក​ចូល​ទស្សនា​ផ្ទាល់​នឹងមាន​ដល់​ប្រមាណ ២ ០០០ ​នាក់​។

ការតាំងពិព័រណ៍​រូបថត​នេះ​មាន​ចំណងជើង​ថា «​ទន្លេសាប​៖ បេះដូង​នៃ​ទន្លេមេគង្គ​» របស់​អ្នកជំនាញ​ថតរូប​អាជីព លោក​ ស៊ូថេប គ្រីតសាណាវ៉ារិន (Suthep Kritsanavarin) ដែល​បង្ហាញ​ពី​ជីវចម្រុះ​ និង​ជីវិត​នៅលើ​បឹង​ទន្លេសាប​។

​លោក​បាន​អំពាវនាវ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៃ​គម្រោង​នេះ​នៅ​ថ្ងៃទី​ ២ ខែឧសភា ឱ្យមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ផលវិបាក​ដែល​នឹង​ប៉ះពាល់​យ៉ាង​ធំធេង​ពី​ការ​ប្រែប្រួល​អាកាសធាតុ សកម្មភាព​មនុស្ស និង​ការអភិវឌ្ឍ​នៅលើ​បឹង​ទន្លេសាប​។

ការតាំងពិព័រណ៍​រូបថត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៣១ ខែឧសភា នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ក្នុង​រាជធានី​-​ភ្នំពេញ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID)​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា «​រូបថត​ប្លែកៗ​ដ៏​អស្ចារ្យ​ទាំងនេះ​បង្ហាញ​ពី​របៀបរបប​រស់នៅ​យ៉ាង​ចម្រុះ​តាមបែប​ផែន​ផ្សេងៗ​គ្នា​នៃ​សហគមន៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​។ ខណៈពេល​ដែល​បណ្ដុំ​រូបថត​មួយចំនួន​និទាន​ប្រាប់​ពី​រឿងរ៉ាវ​ទូទៅ​អំពី​បរិស្ថាន ភូមិសាស្ត្រ និង​ជីវចម្រុះ​នៃ​បឹង​ទន្លេសាប កម្រង​រូបភាព​ផ្សេងទៀត​បាន​ប្រៀបធៀប​បឹង​ទន្លេសាប​ក្នុង​រដូវប្រាំង និង​រដូវវស្សា ដោយ​បង្ហាញ​ពី​វិធី​ដែល​ភាវៈ​មាន​ជីវិត និង​ប្រជាជន​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​ផ្សេងៗ​គ្នា​នោះ​»​។

លោក Kritsanavarin ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២ ខែឧសភា​ថា ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​នៃ​ការងារ​ថតរូប​របស់​លោក លោក​បាន​ជួបប្រទះ​នូវ​ការ​ប្រែប្រួល​បឹង​ទន្លេសាប​។ ​រូបថត​ទាំងនេះ​ក៏​បង្ហាញ​ផងដែរ​ពី​របៀប​ដែល​ប្រជាជន​សម្រប​ខ្លួន​រស់នៅ​លើ​បឹង​ទន្លេសាប​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​​នេះ​ប្រភេទ​សត្វ​ក្នុង​ទឹក​មួយចំនួន​បានក្លាយ​ទៅជា​ប្រភេទ​សត្វ​កម្រ​ និង​រង​ការគំរាមកំហែង​ដល់​ការផុត​ពូជ​។ ​រូបថត​ទាំងនេះ​​ក៏​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​ជះឥទ្ធិពល​ដល់​បឹង​ទន្លេសាប​ និង​ជីវិត​មនុស្ស​ផងដែរ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា បឹង​ទន្លេសាប​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ ​និង​ជា​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​​អាស៊ីអាគ្នេយ៍ ហើយក៏​ជា​ដែន​ដែលមាន​ផលិតភាព​ធនធាន​ជលផល​ទឹកសាប​ខ្ពស់បំផុត​មួយ​ក្នុង​ពិភពលោក​ដែរ​។ ​ផល​ត្រី​របស់​បឹង​នេះ ជា​ប្រភព​ប្រូតេអ៊ីន សម្រាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ និង​ប្រជាជន​នៅ​ប្រទេសជិតខាង​ក្នុង​តំបន់​។

លោក Kritsanavarin ​ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ២០០០ មក​ខ្ញុំ​បាន​ទៅ​ទស្សនា​បឹង​នេះ​ជាង​ ១០​ ដង​ទៅហើយ ហើយ​រាល់​ពេលដែល​ខ្ញុំ​ទៅដល់ ខ្ញុំ​បាន​រៀន​អ្វី​ថ្មីៗ​ជានិច្ច​។

វា​ជា​កន្លែង​ដ៏អស្ចារ្យ​មួយ ប៉ុន្តែ​ច្បាស់​ណាស់​ថា អ្វីៗ​ជាច្រើន​បាននិង​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅលើ​បឹង រួមទាំង​ការធ្លាក់ចុះ​នៃ​ត្រី និង​ការបាត់បង់​ជម្រក​ធម្មជាតិ​»​។

លោក Kritsanavarin​ និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ​គឺជា​អ្នក​ឧបត្ថម្ភ​ដល់​ការតាំងពិព័រណ៍​នេះ​ ដើម្បី​បង្ហាញ​​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ និង​ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ​ និង​អាង​ទន្លេសាប​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​៖ «​ការតាំងពិព័រណ៍​រូបថត​ក្នុង​រយៈពេល​ ១ ​ខែ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​អ្នក​ទៅ​ចូលរួម​ទស្សនា​ផ្ទាល់​ប្រមាណ ​២០០០ ​នាក់​។

រូបថត​នានា​នៃ​ស្ថានភាព​បរិស្ថាន​បច្ចុប្បន្ន និង​ការផ្លាស់ប្តូរ​ទៅតាម​រដូវ​នៃ​ប្រព័ន្ធ​បឹង​ និង​ទន្លេ​នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​ ដើម្បី​អប់រំ និង​លើកកម្ពស់​ការការពារ និង​ការអភិរក្ស​ទៅលើ​ធនធាន​ដ៏​មានតម្លៃ​ដែល​បាន​ផ្ដល់ឱ្យ​ដោយ​ប្រព័ន្ធ​ទន្លេ​ទាំងនេះ​»​។

លោក ហ្សេបហូហ្គេន​ (Zeb- Hogan) ​ដែលជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា សកម្មភាព​ដើម្បី​បុព្វហេតុ​ការពារ​បឹង​ទន្លេសាប​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ពាក់ព័ន្ធ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​តាមរយៈ​ការការពារ​ប្រភព​ស្បៀង​អាហារ​ដ៏សំខាន់​ និង​ជា​កន្លែង​ដែល​សំខាន់​ចំពោះ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់គ្នា​ដែល​ចូលទៅ​ទស្សនា​ការតាំងពិព័រណ៍​នឹង​ទទួលបាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​និង​ការដឹងគុណ​ចំពោះ​ធម្មជាតិ​ដ៏​វិសេសវិសាល​របស់​ប្រទេស​កម្ពុជា​ និង​បញ្ហា​ប្រឈម​»​។

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ​មាន​គោលបំណង​ធ្វើឱ្យ​កាន់តែ​មានការ​ប្រសើរឡើង​លើ​ការយល់ដឹង ការដឹងគុណ​ និង​សមត្ថភាព​គ្រប់គ្រង​មុខងារ​ និង​សុខុមាលភាព​ទន្លេមេគង្គ​មួយ​សម្រាប់​ត្រី សត្វព្រៃ និង​មនុស្សជាតិ​៕

វីដេអូ៖