
សិស្សជាប់ជយលាភីក្នុងការសរសេរសំបុត្រថ្នាក់ជាតិ។ រូប ក្រសួងប្រៃសណីយ៍
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រេចជ្រើសរើសសិស្សជយលាភី ៣ នាក់ក្នុងកម្មវិធីប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី ១ ឆ្នាំ ២០២២ លើប្រធានបទ «សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ» ហើយស្នាដៃសំបុត្រសិស្សជយលាភីលេខ ១ នឹងត្រូវផ្ញើទៅក្នុងកម្មវិធីប្រកួតកម្រិតអន្តរជាតិក្នុងពេលឆាប់ៗនេះ។
ក្រសួងប្រៃសណីយ៍បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១ ខែឧសភាថា កុមារា និងកុមារី ចំនួន ៣ រូបបានឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី ១ ឆ្នាំ ២០២២ លើប្រធានបទ «សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពលស្តីពីមូលហេតុ និងរបៀបដោះស្រាយការប្រែប្រួលអាកាសធាតុ»។ ដំណើរការនៃការប្រកួតប្រជែង គឺសិស្សានុសិស្សត្រូវមានអាយុចាប់ពី ៩ ដល់ ១៥ ឆ្នាំ ហើយសរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬភាសាអង់គ្លេស ដែលមិនលើសពី ៨០០ ពាក្យ ឬ ២ ទំព័ររួចផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍។
ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា ក្នុងការប្រកួតប្រជែងនេះមានបេក្ខជនសរុបចំនួន ៦៣ នាក់ បានចុះឈ្មោះចូលរួមផ្ញើសំបុត្រប្រកួតប្រជែងក្នុងនោះគណៈកម្មការបានជ្រើសរើសសំណេររបស់បេក្ខជន ដែលមានខ្លឹមសារល្អជាងគេចំនួន ១០ ធ្វើការវាយតម្លៃនិងសម្ភាសរួចទើបរកឃើញជយលាភីចំនួន ៣ នាក់នេះ។ អ្នកទាំង ៣ នោះគឺ ជយលាភីលេខ ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៍កម្ពុជា រាជធានីភ្នំពេញ ជយលាភីលេខ ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ និងជយលាភីលេខ ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម។
ក្រសួងបញ្ជាក់ថា៖ «ឆ្លងកាត់ដំណាក់កាលទី ២ តាមរយ:ការសម្ភាសផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជយលាភីទាំង ៣»។
លោក លុក ដារិទ្ធ មន្ត្រីអគ្គនាយកដ្ឋានប្រៃសណីយ៍ និងជាអ្នកសម្របសម្រួលការប្រឡងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែឧសភាថា ក្រោយពីគណៈកម្មការបានសម្រេចជ្រើសរើសអ្នកជាប់ជយលាភីរួចហើយ ក្រសួងជ្រើសរើសអ្នកជយលាភីលេខ ១ ជាតំណាងរបស់កម្ពុជាឱ្យបន្តចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ក្នុងពេលឆាប់ៗនេះ។
នៅដើមខែឧសភានេះអាចនៅចន្លោះពីថ្ងៃទី ១ ដល់ទី ៥ ក្រសួងប្រៃសណីយ៍នឹងបញ្ជូនអត្ថបទដែលជាស្នាដៃរបស់សិស្សជាប់ជយលាភីលេខ ១ ទាំងភាសាខ្មែរ និងអង់គ្លេស តាមរយៈប្រៃសណីយ៍កម្ពុជាទៅសហភាពប្រៃសណីយ៍សកលដែលមានទីតាំងនៅប្រទេសស្វ៊ីស។
លោកថ្លែងថា៖ «ក្នុងការប្រកួតប្រជែងសរសេរសំបុត្រ អ្នកជាប់ជយលាភីលេខ ១ នោះ គឺគាត់ សរសេរជាភាសាអង់គ្លេស ដល់ពេលយើងយកទៅ UPU ហ្នឹងគេឱ្យបកជាភាសាខ្មែរទៀត អ៊ីចឹងសំបុត្រយើងហ្នឹងវា ២ មួយភាសាខ្មែរមួយទៀតជាភាសាអង់គ្លេស សរសេរដោយដៃគាត់ផ្ទាល់»។
មន្ត្រីអគ្គនាយកដ្ឋានប្រៃសណីយ៍ រូបនេះ ប្រាប់ថា ក្រសួងប្រៃសណីយ៍មិនទាន់អាចបង្ហាញពីអត្ថបទជាប់ជយលាភីបានទេរង់ចាំដល់ការប្រកួតកម្រិតអន្តរជាតិរួចរាល់សិន។ យ៉ាងណាក្តី ក្រសួងប្រៃសណីយ៍ក៏នៅមិនទាន់បានប្រគល់រង្វាន់ជយលាភី និងរង្វាន់លើកទឹកចិត្ត ដល់សិស្សដែលត្រូវបានជ្រើសរើសនៅឡើយ ដោយក្រសួងគ្រោងនឹងរៀបចំកម្មវិធីជួបជុំដោយផ្ទាល់ ដើម្បីប្រគល់ជូន ចំណែកអត្ថបទអ្នកជាប់ជយលាភីលេខ ១ នឹងត្រូវដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍របស់ក្រសួងប្រៃសណីយ៍នៅពេលខាងមុខផងដែរ។
គណៈគ្រប់គ្រងសាលាអន្តរជាតិវើលដ៍កម្ពុជាសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១ ខែឧសភាថា គណៈគ្រប់គ្រងសាលាមានក្តីរំភើបរីករាយ និងចូលរួមអបអរសាទរដល់សិស្សឈ្មោះ សេង អេរិច ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រឡងសរសេរសំបុត្រទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពិតជាមានមោទនភាពជាខ្លាំងចំពោះសិស្សរូបនេះ និងសូមកោតសរសើរពីសមត្ថភាព និងភាពឈ្លាសវៃរបស់គាត់។ នៅលើហ្វេសប៊ុកសាលានេះសរសេរថា៖ «សាលាជឿជាក់យ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្សរបស់ពួកយើងនឹងក្លាយទៅជាជំហរដ៏រឹងមាំមួយ សម្រាប់សង្គមគ្រួសារ និងជាធនធានមនុស្សដ៏ប្រពៃក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងទាំងមូលនាថ្ងៃអនាគត»៕