បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​ហាម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ចូល​ក្រុង​បាត់ដំបង និង​ស្នើឱ្យ​អាជីវករ​ផ្លាស់ប្តូរ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​នៅក្រៅ​ក្រុង​វិញ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ បន្ទាប់ពី​រកឃើញថា មានការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​បណ្តាល​ឱ្យ​ខូច​ផ្លូវថ្នល់ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ នៅ​ថ្ងៃទី ២ ខែឧសភា ឆ្នាំ​ ២០២២ ដែល​បាន​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ឃ្លាំង ស្ដុក​ទំនិញ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​បាន​ឱ្យដឹងថា ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព​សាធារណៈ និង​ការពារ​ថែរក្សា ផ្លូវថ្នល់​ឱ្យបាន​យូរអង្វែង រដ្ឋបាលខេត្ត ស្នើឱ្យ​ប្តូរ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ ដែលមាន​នៅក្នុង​ក្រុង​បាត់ដំបង​ទៅ​ផ្លូវ​វាង​ក្រុង​ឱ្យ​រួចរាល់​យ៉ាងយូរ​រយៈពេល ១ ​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូតដល់​ដំណាច់​ខែមេសា​ឆ្នាំ ​២០២៣​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​កន្លងមក​មាន​បងប្អូន​អាជីវករ ពាណិជ្ជករ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ បានធ្វើការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ចូលទៅក្នុង​ក្រុង​បាត់ដំបង បណ្ដាល​ឱ្យ​ខូចខាត​ផ្លូវថ្នល់ និង​រង​មតិ​រិះគន់​មកលើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំបាន​ធ្វើការ​ទប់ស្កាត់ ឬ​ធ្វើការ​ហាមឃាត់​ទៅលើ​ការដឹកជញ្ជូន​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ​»​។

ហេតុនេះ រដ្ឋបាលខេត្ត​នឹងមាន​វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​ការដឹកជញ្ជូន​រថយន្ត ធុន​ធ្ងន់​ចូលក្នុង​ក្រុង​បាត់ដំបង​។

សេចក្តី​ជូនដំណឹង​បន្តទៀតថា ក្នុង​រយៈពេល​ទុកឱ្យ​ប្តូរ​ទីតាំង​ឃ្លាំង​ចេញទៅ​ក្រៅ​ក្រុង​នេះ សូម​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ដែល​ពុំទាន់​បាន​ប្តូរ​ទីតាំង​ទៅ​ផ្លូវ​វាង​ក្រុង ស្នើឱ្យ​មានការ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ធុន​ធ្ងន់ មក​រថយន្ត​តូចៗ និង​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​គ្រប់​ភេទ ដែលមាន​ទម្ងន់​លើសពី​ ១៦ តោន​ (​ទម្ងន់​សរុប​)​ ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​បាត់ដំបង​ឡើយ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ដោយ​លោក​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ ត្រូវអនុវត្ត​សេចក្តី​ជូនដំណឹង និង​ច្បាប់​ចូល​ជា​ធរមាន​ពាក់ព័ន្ធ​ទើប​ការងារ​នេះ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​ថា​៖ «​បញ្ហា​នេះ​មាន​យូរ សំខាន់​គឺ​ការអនុវត្ត​ពីព្រោះ​សេចក្តី​សម្រេច​គ្រាន់តែ​ជា​ក្រដាស​មួយ​សន្លឹក​។ ប៉ុន្តែ​សំខាន់​មន្ត្រី​អនុវត្ត​គាត់​ធ្វើបាន​អត់​? ​នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវការ​ចោទសួរ​។ ខ្ញុំ​ឃើញ​មានការ​ហាម​នូវ​រថយន្ត​កែច្នៃ​ការដឹក​សំពីងសំពោង​លើស​ទម្ងន់​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ប៉ុន្តែ​រថយន្ត​នៅតែ​ចូល​បាន​ដដែល​»​។

លោក​គូសបញ្ជាក់ថា ការឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត មិន​ពិបាក​ដូច​រក​បទល្មើស​ផ្សេងៗ​នោះទេ អ្វីដែល​សំខាន់​គឺ​ការអនុវត្ត​ច្បាប់​។

លោក​ថា​៖ «​អ៊ីចឹង​សួរថា ហេតុ​អី​បាន​រថយន្ត​ទាំងអស់​នោះ ចូល​ក្រុង​បាន​ប្រហែល​ជា​ពាក់ព័ន្ធ​បញ្ហា​អី​មួយ អ៊ីចឹង​វិធានការ​ខ្ញុំ​ចូលរួម​អបអរសាទរ ប៉ុន្តែ​រដ្ឋបាលខេត្ត​គួរ​មាន​ចំណាត់​ការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​អនុវត្ត​»​។

ពាក់ព័ន្ធ​ការស្នើ​ឱ្យ​រើ​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​ក្រៅ​ក្រុង​វិញ​លោក យិន ម៉េងលី ចាត់ទុកជា​រឿង​ល្អ ខណៈ​លោក​សង្កេតឃើញ​ថា មាន​រថយន្ត​សាំង​យ៉ុង​កែច្នៃ​ខុស​បច្ចេកទេស ដឹក​សំពីងសំពោង រថយន្ត​សណ្តោង​រ៉ឺម៉ក ចូល​ដាក់​ទំនិញ​នៅ​ក្រុង​បាត់ដំបង​បាន​ធ្វើឱ្យ​ស្ទះ​ដល់​ពលរដ្ឋ​ធ្វើដំណើរ​។

ពាក់ព័ន្ធ​នឹង​ផែនការ​នេះដែរ សាលា​រាជធានី​ភ្នំពេញ​ក៏​កំពុង​រៀបចំ​គោលនយោបាយ​ឱ្យ​រោងចក្រ សហគ្រាស ក៏ដូចជា​ឃ្លាំង​ស្តុក​ទំនិញ​ដែល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ប្តូរ​ទីតាំង​ទៅ​នៅ​ជាយក្រុង​វិញ ដើម្បី​កាត់បន្ថយ​រថយន្ត​ធុន​ធ្ងន់​ចូលក្នុង​ក្រុង​នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ និង​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​៕