ភ្នំពេញៈ សត្វ​ក្តាន់​ប្រមាណ ៧០ ក្បាល​ដែលជា​សត្វ​កម្រ​នៅលើ​ពិភពលោក​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​តាមដាន​រកឃើញ​កំពុង​រស់នៅក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ​នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ​ក្នុង​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​។

ក្រសួង​បរិស្ថាន​បានឱ្យដឹងថា លទ្ធផល​ដ៏​គួរឱ្យ​រំភើប​នេះ​ត្រូវបាន​បញ្ចូន​តាម​សេចក្តីរាយការណ៍​កាលពី​សប្តាហ៍​កន្លងទៅនេះ ដែលមាន​ការបញ្ជាក់​ដោយ​រូបភាព​ទទួលបាន​ពី​ការតាមដាន​សត្វ​ក្តាន់​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា​ដ្រូន​ដែល​បំពាក់​ម៉ាស៊ីន​ថត​ប្រើ​កម្តៅ​។

កម្មវិធី​ស្រាវជ្រាវ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​អង្គការ WWF ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​អភិរក្ស​ជីវចម្រុះ BINCO ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​ដ្រូន​នៃ​ម៉ាស៊ីន​ថត​ប្រើ​កម្តៅ DRONES GmbH ក៏ដូចជា​ពី​សំណាក់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នៃ​ដែនជម្រក​សត្វព្រៃ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ពី​អង្គការ WWF​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផងដែរ​ពី​វត្តមាន​នៃ​សត្វក្តាន់​វ័យ​ជំទង់ និង​កូន​ជាច្រើន ដែលជា​កត្តា​ចង្អុលបង្ហាញ​ពី​ការបន្ត​ពូជ​របស់​សត្វ​ដ៏កម្រ​ប្រភេទ​នេះ​នៅក្នុង​តំបន់​ទីជម្រក ខណៈ​ក្រសួងបរិស្ថាន និង​អង្គការ WWF កំពុង​រៀបចំ​របាយការណ៍​ស្តីពី​ស្ថានភាព និង​ចំនួន​សត្វ​ក្តាន់ សម្រាប់​ការចេញផ្សាយ​នាពេល​ខាងមុខនេះ​។

ក្រសួង​បរិស្ថាន​ថា​៖ «​សត្វ​ក្តាន់​ត្រូវបាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ជាសកល ហើយ​នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ក្តាន់​នេះ​ធ្លាប់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ប៉ាន់ប្រមាណ​ថា​បាន​ផុត​ពូជ​ទៅហើយ​រហូតដល់​មានការ​រកឃើញ​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ២០០៦ នៅក្នុង​ខេត្តក្រចេះ​»​។ ក្រសួង​បន្តថា សត្វ​ក្តាន់​បាននិងកំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការបរបាញ់ និង​វិបត្តិ​អន្ទាក់ ដែល​បាន​រាលដាល​ឡើង​ដោយ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

ដើម្បី​ជួយសង្គ្រោះ​សត្វ​ក្តាន់ និង សត្វព្រៃ​សំខាន់ៗ​ជា​សកល​ជាច្រើន​ប្រភេទ​ទៀត​ក្នុងប្រទេស​កម្ពុជា​ពី​ការបរបាញ់ និង​ការដាក់​អន្ទាក់ ក្រសួងបរិស្ថាន​បាន​ផ្តួចផ្តើម យុទ្ធនាការ​ «​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» ដែល​ត្រូវបាន​រៀបចំឡើង និង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពីដើម​ខែមីនា​ឆ្នាំ​ ២០២២ ​កន្លងទៅនេះ ដោយមាន​គោលដៅ​លុបបំបាត់​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ចប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) លោក កែន សិរីរដ្ឋា ថ្លែងថា ការរកឃើញ​សត្វ​កម្រ​ជា​បន្តបន្ទាប់​នៅក្នុង​ទឹកដី​កម្ពុជា ដែល​បង្ហាញ​ពី​របកគំហើញ​នៃ​ហ្វូង​សត្វ​ក្តាន់​នេះ​ដែលជា​សញ្ញា​វិជ្ជមាន សម្រាប់​វិស័យ​ការងារ​អភិរក្ស​ធនធាន​ជីវចម្រុះ​នៅ​កម្ពុជា​។ នាពេល​ថ្មីៗ​នេះ​ក្រសួងបរិស្ថាន​ក៏បាន​បង្ហាញ​ប្រភេទ​សត្វ​កម្រ និង​សត្វ​ជិត​ផុត​ពូជ​ច្រើន​ប្រភេទ លេច​វត្តមាន​នៅ​កម្ពុជា រួមមាន សត្វ​ខ្លា​លឿងមាស ឈ្លូស​យក្ស សត្វ​ឆ្កែព្រៃ សត្វ​ខ្លាពពក សត្វ​ក្តាន់ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផងដែរ​។ WCS បង្ហាញ​បញ្ហា​ប្រឈម​នៅមាន​ការ​លួច​បរបាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ​៕