អំណាន និង​គណិតវិទ្យា​នៅ​ថ្នាក់ដំបូង​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ ដើម្បី​ងាយស្រួល​ក្នុង​ការអាន ​គិត និង​គណនា​គណិតវិទ្យា​នៅ​ថ្នាក់​បន្ទាប់​។ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​បាន​ចូលរួម​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ សៀវភៅ​​អំណាន​ និង​គណិតវិទ្យា​នានា វីដេអូ​ជំនួយ​ដល់​ការអាន និង​គណិតវិទ្យា និង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មួយចំនួន ដើម្បី​ជា​យន្តការ​ក្នុង​ការលើកកម្ពស់​ការអាន និង​គណិតវិទ្យា​ថ្នាក់ដំបូង​នៅ​កម្រិត​បឋមសិក្សា​។ ខ្លឹមសារ​អត្ថបទ​ប្រចាំ​ខែឧសភា ឆ្នាំ​ ២០២២​ នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ ស្ដីពី​អនុវិស័យ​អប់រំ​បឋម សិក្សា សកម្មភាព​នានា​ដែល​ទាក់ទង​ទៅនឹង​ការលើកកម្ពស់​កម្មវិធី​​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង ការអនុវត្ត​កញ្ចប់​សម្ភារ​អំណាន​និង គណិតវិទ្យា​ថ្នាក់ដំបូង ក៏ដូចជា​កម្មវិធី «​កុមារ​រៀន កុមារ​ចេះ​» ដែល​គាំទ្រ​ និង​លើកកម្ពស់​ដល់​ការអាន និង​ការសិក្សា​គណិតវិទ្យា​ថ្នាក់ដំបូង​នៅ​កម្រិត​បឋមសិក្សា​។

នៅក្នុង​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អនុវិស័យ​អប់រំ​បឋមសិក្សា បានដាក់​ចេញ​នូវ​ចំណុច​អាទិភាព​មួយចំនួន​ដែល​ផ្ដោតលើ​ការកែលម្អ​លើ​ការទទួលបាន​សេវា​អប់រំ ការបញ្ចប់​ការសិក្សា​របស់​សិស្ស​បឋម​សិក្សា ជាពិសេស​ក្រុម​កុមារ​ជួប​ការលំបាក និង​ការពង្រឹង​គុណភាព​អប់រំ​តាម​កម្មវិធី​ពង្រឹង​ការរៀន​ថ្នាក់ដំបូង​រួមមាន ភាសា​ខ្មែរ គណិតវិទ្យា និង​ការជួយ​គ្រូ​តាម​មុខវិជ្ជា ព្រមទាំង​គុណវុឌ្ឍិ​គ្រូបង្រៀន តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​សាលារៀន​។

នៅក្នុង​នោះ វត្ថុបំណង​អនុវិស័យ​ទី​ ២ ស្ដីពី «​ការកែលម្អ​ការផ្ដល់​ធាតុ​ចូល​ប្រកបដោយ​គុណភាព​នៅ​បឋមសិក្សា ជាពិសេស​កម្មវិធី​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង​» នៃ​វត្ថុបំណង​ទាំង​ ៣​ របស់​អនុវិស័យ​ការអប់រំ​បឋមសិក្សា បានបង្ហាញ​ឱ្យឃើញ​អំពី​ទិន្នន័យ​នៃ​ចំនួន​កញ្ចប់​សម្ភារ​អំណាន​ថ្នាក់ដំបូង និង​កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់ដំបូង​ដែល​គ្រូបង្រៀន​នៅ​បឋមសិក្សា​ទទួល បាន​សម្រាប់​ការ​បំប៉ន​សមត្ថភាព​បន្ថែម​ក្នុង​ឆ្នាំ​នីមួយៗ​។ ដើម្បី​ធានា​ការសម្រេច បាន​ដោយ​ជោគជ័យ​នូវ​វត្ថុបំណង​អនុវិស័យ​ទី​ ២ ដែល​បានកំណត់​យុទ្ធសាស្ដ្រ​ចំនួន ៥ ត្រូវបាន​ដាក់ចេញ ដូចជា​៖ (១) លើកកម្ពស់​គុណវុឌ្ឍិ របស់​គ្រូបង្រៀន​ដែលមាន​ស្រាប់ និង​ពង្រឹង​ការពង្រាយ​គ្រូ (២) ពង្រឹង គុណភាព​នៃ​ការបណ្ដុះបណ្ដាល​សម្រាប់ គ្រូ​បឋមសិក្សា (៣) កែលម្អ​ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​សៀវភៅ​សិក្សា​គោល ​និង​សម្ភារ​រៀន និង​បង្រៀន (៤) ពង្រឹង​ការអនុវត្ត​អធិការកិច្ច​ផ្ទៃក្នុង អធិការកិច្ច​ផ្ទៃក្រៅ និង​អធិការកិច្ច​តាម​តំបន់ និង (៥) ពង្រឹង​តួនាទី និង​ការ​ទទួលខុស​ត្រូវ​របស់​ក្រុមការងារ​បំប៉ន និង​ពិនិត្យ​តាមដាន​ថ្នាក់ស្រុក ក្នុងការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការងារ​របស់​គណៈកម្មការ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន និង​សិស្ស​។ ការដាក់ចេញ​យុទ្ធសាស្ដ្រ​ទាំងនេះ មាន​គោលបំណង​ផ្ដោតលើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​បឋមសិក្សា ជាពិសេស​លើកកម្ពស់​វឌ្ឍនភាព​នៃ​កម្មវិធី​អំណាន និង​គណិតវិទ្យា​ថ្នាក់ ដំបូង​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​។

យោងតាម​របាយការណ៍​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​ ២០១៩-២០២០ និង​ទិសដៅ​ឆ្នាំ​សិក្សា​ ២០២០-២០២១ បានបង្ហាញ​ឱ្យឃើញថា អនុវិស័យ​អប់រំ​បឋមសិក្សា ក្រោម​កិច្ចសហការ​ជាមួយ​គម្រោង​ពង្រឹង​កម្មវិធី​ការអប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា អង្គការ​យូណេស្កូ អង្គការ​វីវីអូប៊ី អង្គការ​អប់រំ​ពិភពលោក អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា អង្គការ​​រូមធូរីដ អង្គការ​ទស្សន​ពិភពលោក និង​ដៃគូ​ពាក់ព័ន្ធ​នានា​បាន​ផលិត និង​ចែកចាយ​សៀវភៅ​ណែនាំ​គ្រូបង្រៀន សៀវភៅ​ភាសា​ខ្មែរ​កម្រិត​ថ្នាក់ដំបូង សៀវភៅ​គណិតវិទ្យា​ថ្នាក់ដំបូង កញ្ចប់​សម្ភារ​អំណាន កញ្ចប់​សម្ភារ​គណិតវិទ្យា​ថ្នាក់​ទី​ ១ ទី​ ២ ដល់​នាយក​សាលា គ្រូបង្រៀន សិស្សានុសិស្ស​នៅតាម​បណ្ដា​ខេត្ត​គោលដៅ​មួយចំនួន​។ ជាមួយ​គ្នានេះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា​បានផ្ដល់​វគ្គ​បំប៉ន​សម​ត្ថ​ភាព​ដល់​លោកគ្រូ អ្នកគ្រូ ស្ដីពី​វិធីសាស្ដ្រ​ក្នុងការ​បង្រៀន និង​ការប្រើប្រាស់​កញ្ចប់​សម្ភារ​អំណាន កញ្ចប់​សម្ភារ​គណិតវិទ្យា​ថ្នាក់ដំបូង ដើម្បីឱ្យ​ការរៀន​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង​កាន់តែ​មាន​ប្រសិទ្ធភាព​។ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ដែល​កើតមាន ឡើង​ដោយ​ជំងឺ​រាតត្បាត​ជាសកល​កូវីដ​ ១៩ និង​ជំរុញ​ឱ្យ​កុមារ​រៀនសូត្រ​តាម​គន្លង​បរិបទ​ថ្មី​កាន់តែ​ប្រសើរ​ជាង​មុន ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិតក្រោម​កិច្ចសហការ​ជាមួយ អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នានា​បាន​ផលិត​វីដេអូ​ស្ដីអំពី​ការបង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា ចាប់ពី​ថ្នាក់​ទី​ ១ ដល់ទី ​៣ បាន​ចំនួន​ប្រហែល ១ ៨០០ ឃ្លីប​វីដេអូ និង​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ជយលាភី​ពានរង្វាន់​សម្តេច​តេជោ​ «​ប្រកួតប្រជែង​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ​»​។ MoEys

ដោយមាន​ការចង្អុលបង្ហាញ​ដឹកនាំ និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមការងារ​អំណាន​ថ្នាក់ដំបូង​នៃ​នាយកដ្ឋាន​បឋមសិក្សា​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នាយកដ្ឋាន​បណ្តុះបណ្តាល​ និង​វិក្រឹតការ អង្គការ​ដៃគូ​ពាក់ព័ន្ធ ក្រោម​ការសម្របសម្រួល​របស់​អង្គការ RTI (Research Triangle Institute) ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​បាន​ផលិត​កញ្ចប់​សម្ភារ​​អំណាន​ថ្នាក់ដំបូង និង​អង្គការ​វីវីអូប៊ី ដែល​ឧបត្ថម្ភ​ដោយ​គម្រោង STEPCam តាមរយៈ​អង្គការ​យូណេស្កូ បាន​ផលិត​កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់ ដំបូង​។ កញ្ចប់​សម្ភារ​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង បង្កើតឡើង​ដើម្បី​ឱ្យ​គ្រប់​អ្នកពាក់ព័ន្ធ​ជាពិសេស​គ្រូបង្រៀន​ថ្នាក់​ទី​ ១ និង​ទី​ ២ មាន​កញ្ចប់​សម្ភារ​អប្បបរមា​មួយ ដែល​ទាំងអស់​គ្នា​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​ការអនុវត្ត និង​ពង្រីក​ការអនុវត្ត​នៅ​ទូទាំង​ប្រទេស​ក្នុងន័យ​លើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការបង្កើន​លទ្ធផល​សិក្សា​របស់​សិស្ស ពោលគឺ​កុមារ​កម្ពុជា​ចេះ​អាន សរសេរ និង​គិត​លេខ​ទាំងអស់​គ្នា​។

ក្រសួង​បាននិង​កំពុង​អនុវត្ត​កម្មវិធី​​អំណាន​ថ្នាក់ដំបូង​នៅ​គ្រប់​សាលាបឋមសិក្សា​ទាំងអស់​ក្នុង​ខេត្ត​ចំនួន ៨ រួម មាន ខេត្តកំពង់ធំ ខេត្តកំពត ខេត្ត​កែប ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ​។ ចំពោះ​ការអនុវត្ត​កម្មវិធី​កញ្ចប់​សម្ភារ​គណិតវិទ្យា​ថ្នាក់ដំបូង ក្រសួង​បាននិងកំពុង​អនុវត្ត​នៅ​ខេត្ត​សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ​។ ឈរលើ​មូលដ្ឋាន​នេះ ឯកសារ​ដែល​ផលិត​បាន​មានដូចជា សៀវភៅ​ជំនួយ​សិស្ស​មុខវិជ្ជា​ភាសា​ខ្មែរ​ថ្នាក់​ទី ​១ ទី​ ២ សៀវភៅ​ហ្វឹកហាត់​អាន​សរសេរ​ថ្នាក់​ទី​ ១ ទី​ ២ សៀវភៅ​រឿង​ខ្លីៗ (៤៥ ​ចំណងជើង​) សៀវភៅ​លំហាត់​ថ្នាក់​ទី​ ១ ទី​ ២ សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​ទី ​១ ទី ២ និង​ការរៀបចំ​បញ្ចូល​កញ្ចប់​សម្ភារ​អំណាន កញ្ចប់​សម្ភារ​គណិតវិទ្យា​ថ្នាក់ដំបូង​ទៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​គ្រូ​តាម​ប្រព័ន្ធ ១២+២ និង​ ១២+៤ នៅតាម​សាលា​គរុកោសល្យ​។

ជាមួយ​គ្នានេះដែរ នៅ​ថ្ងៃទី ​២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ដាក់ ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី «​កុមារ​រៀន កុមារ​ចេះ​» ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​បទពិសោធន៍ និង​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ ដោយ​ផ្អែកលើ​ភស្ដុតាង​នៃ​ការសិក្សា​ស្រាវជ្រាវ​លើ​ការសិក្សា​នៅ​កម្រិត​ថ្នាក់ដំបូង​នៃ​បឋមសិក្សា​។ កម្មវិធី​នេះ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក មូលនិធិ​ភាព​ជា​ដៃគូ​សកល​សម្រាប់​ការអប់រំ អង្គការ​យូណេស្កូ អង្គការ​យូនីសេហ្វ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ផងដែរ​។

កញ្ចប់​សម្ភារ​អំណាន និង​គណិតវិទ្យា​កម្រិត​ថ្នាក់ដំបូង​នៅ​បឋមសិក្សា​ក្នុង​កម្មវិធី «​កុមារ​រៀន កុមារ​ចេះ​» នេះ មានដូចជា សៀវភៅ​ណែនាំ​សម្រាប់​គ្រូ និង​ឯកសារ​បង្រៀន និង​រៀន សម្រាប់​ប្រើប្រាស់​ក្នុង​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១ និង​ទី​ ២​។ ដើម្បី​ធានា​ដល់​ការលើក​កម្ពស់​គុណភាព​អប់រំ​បឋមសិក្សា​ជារួម ក្រសួង​គ្រោង​នឹង​ពង្រីក​ការអនុវត្ត​កម្មវិធី «​កុមារ​រៀន កុមារ​ចេះ​» ទៅគ្រប់​សាលាបឋមសិក្សា​ទូទាំងប្រទេស និង​ក្នុង​កម្មវិធី​នៃ​ការបណ្ដុះបណ្ដាល​គ្រូ នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​បឋមសិក្សា​ទូទាំង​ប្រទេស​ផងដែរ​។

ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ដៃគូ​អភិវឌ្ឍ​វិស័យ​អប់រំ​នានា​បាន​នឹង​កំពុង​ខិតខំ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​លើកកម្ពស់​ការ​អាន និង​គណិតវិទ្យា​ថ្នាក់ដំបូង តាមរយៈ​ការផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​កញ្ចប់​សម្ភា​រ​អំ​ណាន​និង​គណិតវិទ្យា​ថ្នាក់ដំបូង ក៏ដូចជា​កម្មវិធីសិក្សា​កម្រិត​បឋមសិក្សា​ផ្សេងៗ​ទៀត នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​។ ក្រសួង​អប់រំ យុវជន និង​កីឡា​ជឿជាក់​យ៉ាង​មុតមាំ​ថា នៅ​កម្រិត​ថ្នាក់ដំបូង​នៃ​បឋមសិក្សា កុមារ​កម្ពុជា​ទាំងអស់ រួមទាំង​កុមារ​មាន​ពិការភាព​ផងដែរ​នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍ​ជំនាញ​ភាសា​ខ្មែរ និង​គណិតវិទ្យា​បានល្អ​ប្រសើរ​ប្រកបដោយ​គុណភាព ដែលជា​មូលដ្ឋាន​ដ៏រឹងមាំ​ក្នុង​ការបន្ដ​ការសិក្សា​ទៅ​កម្រិត​ថ្នាក់​បន្ដបន្ទាប់​ទៀត​៕