ភ្នំពេញៈ គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ ២០២២ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ ៣៩០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១​ ថ្ងៃ កំពុងដំណើរការ​សាងសង់​បាន​ ៦០% សម្រាប់​ជំហាន​ទី​ ១ ខណៈ​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បន្ត​ត្អូញត្អែរ​ខ្វះ​ទឹក​ប្រើប្រាស់​។

គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​ទៅលើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​វិនិយោគ​ទឹកប្រាក់​ជាង ៣៨០ ​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នា​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២០ ក្រោម​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ និង​ធនាគារ​វិនិយោគ​អឺរ៉ុប​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ឱ្យដឹងថា គម្រោង​បាក់​ខែង​នេះ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ៣៩០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ថ្ងៃ និង​ត្រូវបាន​បែង​ចែកជា​ ២​ ជំហាន​។ ជំហាន​ទី​ ១ សមត្ថភាព​ផលិត​ ១៩៥ ០០០​ ម៉ែត្រ​គុប​ក្នុង​ ១​ ថ្ងៃ និង​ជំហាន​ទី​ ២ សមត្ថភាព​ផលិត​ ១៩៥ ០០០​ ម៉ែត្រគុប​ក្នុង ​១​ ថ្ងៃ​។ គម្រោង​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​បារាំង​ VINCI Construction Grands Projets និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​គម្រោង ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​បារាំង SAFEGE Consulting Engineers​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បញ្ជាក់ថា​៖ «​នៅត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​ ១ ដែលមាន​សមត្ថភាព​ផលិត ​១៩៥ ០០០ ​ម៉ែត្រគុប​ក្នុង ​១ ​ថ្ងៃ សម្រេចបាន​ប្រមាណ​ជា​ ៦០% នៃ​គម្រោង​ជំហាន​ទី​ ១»​។

សម្រាប់​ជំហាន​ទី ​១ ​នេះ​បាន​បែងចែក​ការដ្ឋាន​ជា​ ៣​ ផ្នែក​ធំ​សំខាន់ៗ ផ្នែក​ទី​ ១ ការដ្ឋាន​សាង​សាង់​រោងចក្រ​ប្រព្រឹតិ្តកម្ម​ទឹកស្អាត អាង​ទទួល អាង​កូរ​យឺត​លឿន អាង​រងកករ អាង​ច្រោះ អាង​ស្តុក​ទឹក អគារ​ដាក់​វត្ថុធាតុដើម អគារ​ក្ល័រ មន្ទីរ​ពិសោធន៍​ទឹក ស្ថានីយ​បូមទឹក​ស្អាត និង​អគារ​រដ្ឋបាល​សម្រេចបាន​ ៥០%​។ ផ្នែក​ទី​ ២ ការដ្ឋាន​ស្ថានីយ​បូមទឹក​ល្អក់​វិញ គឺ​ការងារ​សាងសង់​ស្ថានីយ​បូមទឹក​ល្អក់ សម្រេចបាន ​៥៥% រីឯ​ការងារ​ដាក់​បំពង់​មេនាំ​ទឹកល្អក់​ទំហំ​ ១ ៤០០​ ចំនួន​ ២​ ខ្សែ សម្រេចបាន​ ៤៥%​។ ផ្នែក​ទី​ ៣ ការដ្ឋាន​ដាក់​បំពង់​មេនាំ​ទឹកស្អាត គឺ​ការងារ​ដាក់​បំពង់​មេ​នាំ​ទឹកស្អាត​ទំហំ​ ២ ០០០​ មិលី្លម៉ែត្រ ប្រវែង​ ៧ ​គីឡូម៉ែត្រ សម្រេចបាន ៩០% ហើយ​ការងារ​ខួង​ក្រោម​បាតទន្លេសាប​ដាក់​បំពង់​មេនាំ​ទឹកស្អាត​ទំហំ​ ២០០០​ មិល្លីម៉ែត្រ សម្រេចបាន​ ៥០%​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ឱ្យដឹងថា ចំណែក​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី ​២ ដែលមាន​សមត្ថភាព​ផលិត​ ១៩៥ ០០០ ​ម៉ែត្រគុប​ក្នុង ​១ ​ថ្ងៃ ក៏​កំពុង​ដំណើរការ​អនុវត្ត ស្របពេល​ជាមួយ​គ្នា​ផងដែរ ដោយ​បច្ចុប្បន្ន​ការសាងសង់​រោងចក្រ​នេះ​សម្រេច​បាន​ប្រមាណ​ជា​ ៣៧%​។

ពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​ពិភពថ្មី​គម្រោង​ ២ នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លោក​ អិន ណែត បាន​ថ្លែងថា លោក​រស់នៅ​ដោយ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​យូរ​ឆ្នាំ​មកហើយ ទើបតែ​មុន​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​មាន​ទឹក​ប្រើប្រាស់​វិញ ប៉ុន្តែ​មាន​ដោយ​ផ្ទះ​នោះទេ​។

លោក​បាន​និយាយថា​៖ «​នៅ​កំបូល​មាន​ខ្លះ អត់​ខ្លះ ប៉ុន្តែ​គម្រោង​បុរី​ខ្ញុំ​នៅ​ចាប់ផ្តើម​មាន​វិញ​ហើយ​។ ប៉ុន្តែ​ជាធម្មតា បើ​យើង​អត់​ដាក់​ម៉ូទ័រ​បូមទឹក​ទេ ក៏​អត់​ចេញ​តែម្តង ហើយ​បើ​ពីមុន ទោះ​បូម​ម៉ូទ័រ​ក៏​អត់​មាន​ដែរ​»​។

លោក​បាន​បន្តថា ដោយឡែក​បុរី​នៅ​គម្រោង​ផ្សេងទៀត បន្ត​ខ្វះ​ទឹក​ប្រើប្រាស់​ដដែល ហើយ​ទិញ​ទឹក​ស្តុក​ទុក ក្នុង ​១ ​ស៊ីទែន​ចំណុះ​ ១​ ពាន់​លីត្រ មាន​តម្លៃ​ចន្លោះ​ពី ២​ ទៅ​ ៣​ ម៉ឺន​រៀល​។ ទោះ​យ៉ាងណា លោក​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា តាមរយៈ​គម្រោង​ផលិត​ទឹកស្អាត​នៅ​បាក់ខែង​ដែល​កំពុង​ពន្លឿន​ការ​សាងសង់​នោះ រាជធានី​ភ្នំពេញ​នឹងមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​នៅ​កណ្តាល​ក្រុង និង​នៅ​ជាយ​រាជធានី​ភ្នំពេញ​។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​បុរី​ពិភពថ្មី​កួរស្រូវ​ ២ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក វន់ ប៊ុនរិន បាន​ថ្លែង​ដែរ​ថា បច្ចុប្បន្ន អ្នករស់នៅ​ក្នុង​បុរី​មិនទាន់​មាន​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ប្រើប្រាស់​នៅឡើយ​ទេ គឺ​ប្រើ​ទឹក​របស់​បុរី​ដែល​បុក​អណ្តូង ហើយ​ត្រូវ​បន្ថែម​ម៉ូទ័រ​បូមទឹក​ទើប​មានទឹក​ប្រើ​។

លោក​បាន​ប្រាប់ថា​៖ «​រាល់ថ្ងៃ​យើង​ពិបាក​តែ​រឿង​ទឹក ទាល់តែ​ដាក់​ម៉ូទ័រ​ជំរុញ​ទើប​មានទឹក​ប្រើប្រាស់​។ បើ​អ្នក​អត់​ដាក់​ម៉ូទ័រ​អត់​មានទឹក​ទេ ទោះបី​មាន​ក៏​ទឹក​មាននៅ​មុខផ្ទះ​ដែរ អត់​ចូលក្នុង​ទេ ដូចជា​អ្នក​ជាប់​ផ្ទះ​ខ្ញុំ​អ៊ីចឹង គាត់​អត់​ដាក់​ម៉ូទ័រ​ទេ ហើយ​ឃើញ​គាត់​ដង​ទឹកមុខ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​»​។

សូមជម្រាប​ថា ក្នុងដំណាក់កាល​ទី​ ១ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥ ០០០ ​ម៉ែត្រគុប​ក្នុង​ ១​ ថ្ងៃ​ដែល​នឹង​បញ្ចប់​ត្រឹម​ចុងឆ្នាំ​ ២០២២ និង​ដំណាក់កាល​ទី​ ២ ចុងឆ្នាំ​ ២០២៣​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក៏បាន​បញ្ជាក់ដែរថា ថ្នាក់ដឹកនាំ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ការផ្គត់ផ្គង់​ទឹកស្អាត ដោយបាន​ខិតខំ​ជំរុញ​ពន្លឿន​ការងារ​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​នេះ ឱ្យបាន​ទាន់​តាម​ផែន​ការដែល​បានគ្រោង​ទុក ក៏ដូចជា​ការសិក្សា​ផែនការមេ រហូតដល់​ឆ្នាំ​ ២០៣០ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​ប្រើប្រាស់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​៕