
គ្រឿងផ្ទុះដែលសមត្ថកិច្ចរឹបអូនបាន។ រូបថត BTV
បាត់ដំបងៈ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែឧសភាថា កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន ៧ នាក់ទៅតុលាការ នៅថ្ងៃទី ៤ ខែឧសភា ពាក់ព័ន្ធករណីដឹកជញ្ជូនអាវុធដោយខុសច្បាប់។ ជនសង្ស័យទាំង៧នាក់នោះ មាន៣នាក់ត្រូវបានចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ និង ៤នាក់ទៀតចាប់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ២ ខែឧសភា។
លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ប្រាប់ថា ករណីនេះកម្លាំងអាវុធហត្ថកំពុងបន្តធ្វើការស្រាវជ្រាវដើម្បីស្វែងរក ចាប់ខ្លួនមេក្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ លោកថា ករណីថ្មីនេះនៅមិនទាន់ដឹងច្បាស់ថា មានពាក់ព័ន្ធក្នុងករណីរកឃើញអាវុធកាលពីលើកមុនឬយ៉ាងណានោះទេ ព្រោះលោកទើបទទួលបានដំណឹងបឋម ចំណែកព័ត៌មានលម្អិតក៏លោកនៅមិនទាន់ទទួលបាននៅឡើយ។ លោកថ្លែងថា៖«ឥឡូវដោយសារមេក្លោងយើងអត់ទាន់បង្ក្រាបបាន យើងអត់ទាន់វាយតម្លៃបានទេ មកដល់ត្រឹមនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ មិនទាន់មានតម្រុយណាថា មានការពាក់ព័ន្ធ ជាមួយនឹងក្រុមមុនៗនៅឡើយទេ មូលហេតុដោយសារតែមេក្លោងនៅក្រុមថ្មីនេះគឺយើងអត់ទាន់បានបង្ក្រាបទេ»។
លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងបានដកហូតវត្ថុតាង មួយចំនួនដូចជា គ្រាប់បែកដៃចំនួន៥០គ្រាប់ គឺបបំបែក ចំនួន៥កំប៉ុង ស្មើ៥១គីប កាំភ្លើងចំនួន២ដើម គ្រាប់កាំភ្លើងប្រភេទ AK 47 ចំនួន ១ ០០០ គ្រាប់ រួមទាំងវត្ថុតាងផ្សេងៗមួយចំនួនទៀតដែលពាក់ព័ន្ធនឹងសម្ភាររបស់យោធា។
លោកថ្លែងថា៖«គ្រាប់បែកនេះជាគ្រាប់បែកដែលផលិតនៅប្រទេសរុស្ស៊ី ហើយនៅថ្មីៗទេ ។ធម្មតាគ្រាប់បែកហ្នឹង គេអត់យកគីប និងគ្រាប់បែកទៅដាក់ចូលគ្នាទេ គីបបំផ្ទុះអាហ្នឹងដាក់ផ្សេង គ្រាប់បែកដាក់ផ្សឹង អ៊ីចឹងយើងរាប់គ្រាប់បែក និងគីបហ្នឹងទៅ យើងឃើញថា គ្រប់កំប្លេវាតែម្តង»។
លោក ឡាក់ ភី នាយការិយាល័យទំនាក់ទំនងសាធារណៈ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី ៤ ខែឧសភាថា កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិឫស្សីក្រោក ឃុំឫស្សី ក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោកប្រាប់ថា ក្រោយពេលបានឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រគល់ជូនទៅកម្លាំងអាវុធហត្ថខេត្តបាត់ដំបងភ្លាមៗតែម្តង ហេតុនេះកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យមិនបានធ្វើកំណត់ហេតុអត្តសញ្ញាណជនសង្ស័យនោះទេ។
យ៉ាងណាក៏ដោយ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានទេនៅថ្ងៃទី ៤ ខែឧសភានេះ។
សូមរម្លឹកថា នៅខេត្តបាត់ដំបងធ្លាប់រកឃើញករណីលាក់ទុកអាវុធចំនួន២លើកបម្រុងនាំឆ្លងដែនទៅប្រទេសជិតខាង ក្នុងនោះមាន លើកទី១ នៅស្រុកកំរៀង កាលថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ លើកទី២ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយកម្លាំងសមត្ថកិច្ចបប្រមូលអាវុធសរុបបានចំនួន ១០៥ ដើម។ ក្នុងនោះមានអាវុធម៉ាក AK-47 ចំនួន ១០០ ដើម អាវុធស្វ័យប្រវត្តិប្រភេទ ១២,៧ ចំនួន ២ ដើម និង M-79 ចំនួន ៣ ដើម៕