
លោកម៉ម ប៊ុនហេង ក្នុងអង្គសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រគ្រប់គ្រងនិងបង្ការភាពពិការភ្នែក នាថ្ងៃទី៤ ឧសភា។ រូបថត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេសវិស័យអប់រំ ជួយអប់រំណែនាំដល់សិស្សានុសិស្សឱ្យកាត់បន្ថយការផឹកភេសជ្ជៈផ្អែមៗពីព្រោះបានបង្កផលប៉ះពាល់ដល់បញ្ហាសុខភាព ពិសេសសុខភាពភ្នែករបស់សិស្ស។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «យុទ្ធសាស្ត្រគ្រប់គ្រង និងបង្ការភាពពិការភ្នែកសម្រាប់ចក្ខុវិស័យ ២០៣០» កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២។
តាមរយៈសិក្ខាសាលានេះលោក ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរកម្មវិធីសុខភាពភ្នែក ដែលទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេស ការលុបបំបាត់ជំងឺត្រាក់កូម និងជំងឺខ្វាក់មាន់។ លោកក៏បានសម្តែងការព្រួយបារម្ភ ចំពោះបញ្ហាសុខភាពភ្នែក ដែលតម្រូវឱ្យវិស័យសុខាភិបាលយកចិត្តទុកដាក់បន្ថែមនូវជំងឺមិនឆ្លងនេះ។
លោកថ្លែងថា៖«សំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេសវិស័យអប់រំ ជួយអប់រំ ណែនាំដល់សិស្សានុសិស្ស កាត់បន្ថយភេសជ្ជៈផ្អែមៗ និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សចូលរួមបន្ថែមទៀត»។
លោកក៏បានស្នើវិស័យពាក់ព័ន្ធចូលរួមបន្ថែម ដើម្បីលើកកម្ពស់ការអប់រំអនាម័យបុគ្គល ទីសាធារណៈ និងការប្រើប្រាស់សម្ភារ ឧបករណ៍ អនាម័យសាធារណៈឱ្យបានទូលំទូលាយ។ លោករដ្ឋមន្រ្ដី ក៏បានជំរុញឱ្យមានការផ្តល់ថ្នាំទម្លាក់ព្រូនបន្ថែមដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ។
លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះអង្គការដៃគូ ដូចជា WHO, The Fred Hollows Foundation, Seva Foundation, Eye Care Foundation ព្រមទាំងមន្ត្រីសុខាភិបាលទាំងអស់ក្នុងកិច្ចសហការគ្នាល្អលើការងារសុខភាពភ្នែកនៅប្រទេសកម្ពុជាកន្លងមក។
លោក វឿង ប៊ុនរេត ប្រធានសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បដិសេធធ្វើការបកស្រាយ ដោយប្រាប់ថា កំពុងរវល់ប្រជុំ កាលពីថ្ងៃទី៤ ឧសភា។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន(MJQE)ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៤ ឧសភា ដោយសម្ដែងការអបអរសាទរដែលរដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានធ្វើសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធលើសុខភាពសិក្សា និងចំណីអាហាររបស់សិស្សនៅតាមសាលារៀនបែបនេះ។
លោកថា សកម្មភាពនៅស្រុកខ្មែរ គួរឱ្យមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការបរិភោគចំណីអាហាររបស់សិស្សានុសិស្ស ហើយវាមិនមែនតែបញ្ហាភ្នែកមួយទេ បញ្ហាអ័រម៉ូន បញ្ហាការលូតលាស់ បញ្ហាសុខភាព ទឹកនោមផ្អែម នាពេលអនាគត បញ្ហាជំងឺបេះដូង និងបញ្ហាជំងឺក្រពះពោះវៀនជាដើម។ នេះសុទ្ធតែជាបញ្ហាដ៏ធំៗជាងបញ្ហាជំងឺភ្នែកទៅទៀត ដែលក្រសួង និងភាគីពាក់ព័ន្ធ ឪពុកម្ដាយ អ្នកអាណាព្យាបាលត្រូវយកចិត្ដទុកដាក់ខ្ពស់លើបញ្ហាទាំងនេះ ពីព្រោះកំពុងកើតមានឡើងនៅកម្ពុជា។
លោកថ្លែងថា៖ «បញ្ហាទាំងនេះកើតឡើង ពីព្រោះការលក់ដូរនៅតាមសាលារៀននីមួយៗ មិនមានការពិនិត្យច្បាស់លាស់។ ម្ហូបមិនគ្រប់ជីវជាតិ សម្បូរសារជាតិខ្លាញ់ និងជាតិស្ករ ហើយម្ហូបខ្វះខាតសារជាតិ ៤ ក្រុម ដែលបានកំណត់ដោយអង្កការ WHO ដែលចំណីអាហារទាំងនេះប៉ះទង្គិចដល់ការលូតលាស់ និងសុខភាពរបស់សិស្ស ក្នុងនោះក៏មានសុខភាពភ្នែកផងដែរ»។
លោក គួច ម៉េងលី ថា បញ្ហាសុខភាពសិក្សារបស់សិស្សនេះ ទៅថ្ងៃអនាគត នឹងបង្កផលប៉ះពាល់ច្រើនដល់សុខភាពរបស់យុវជននៅថ្ងៃអនាគត ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដែលត្រូវចំណាយថវិកាលើការព្យាបាល មើលថែធនធានមនុស្សរបស់ប្រទេសជាតិ។ លោកបានសំណូមពរឱ្យមានការរៀបចំការលេងកីឡា ការលក់ដូរចំណីអាហារឱ្យបានត្រឹមត្រូវនៅតាមសាលារៀនទៅតាមស្ដង់ដាអន្តរជាតិ ឬការកំណត់របស់អង្កការ WHO៕