ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​ និង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ផ្នែក​អាហារូបត្ថម្ភ​នៅ​កម្ពុជា មានការ​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ​​ដោយសារ​ស្ត្រី​ជិត​ ៨០​ ភាគរយ មាន​ការងារ​ធ្វើ​នៅក្នុង​ប្រព័ន្ធ​ការងារ​ផ្លូវការ ដោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនេះ​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​តាម​ស្ថាប័ន​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន និង​ទារកដ្ឋាន​ឱ្យបាន​ច្រើន​ផងដែរ​។

នេះ​ជាការ​លើកឡើង​ពី​សំណាក់​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ប្រាក់ សោភ័ណនារី កាលពី​ថ្ងៃទី​ ៣ ខែឧសភា​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បន្ទប់​បំបៅ​ដោះ​កូន​ក្នុង​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​របស់​ក្រុមហ៊ុន​តានបៀន​ក្នុង​ខេត្តកំពង់ធំ​ដែលជា​រោងចក្រ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​មាន​លក្ខណ​:​ស្តង់ដា​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បង្កើន​អត្រា​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១​ មុខ​គត់​សម្រាប់​ទារក និង​កុមារ​អាយុ​ពី​សូន្យ ដល់​ ៦​ ខែ​ឱ្យបាន​ដល់​ ៨៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០៣០ ដែល​ការប្តេជ្ញាចិត្ត​នេះ​បាន​ធ្វើឡើង​ ដោយសារតែ​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បាន​ធ្លាក់ចុះ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

របាយការណ៍​អង្កេត​សុខភាព​ និង​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ ​២០១៤ ​បាន​បង្ហាញថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​នៅ​កម្ពុជា មាន​និន្នាការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ​ពី​អត្រា​ ៧៤​ ភាគរយ​នៅ​ឆ្នាំ​ ២០១០​ ទៅ ៦៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៤ ដោយ​ក្នុងនោះ​មានការ​ធ្លាក់ចុះ​ខ្លាំង​នៅ​តំបន់​ទីប្រជុំជន​ពី​អត្រា​ ៦៤ ​ភាគរយ​ទៅ ៣៤ ​ភាគរយ​។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ប្រាក់ សោភ័ណនារី បាន​ថ្លែងថា៖ «​នេះ​ជាការ​ព្រួយបារម្ភ​មួយ​យ៉ាងខ្លាំង​ពី​សំណាក់​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ផ្នែក​អាហារូបត្ថម្ភ​ទាំងអស់​នៅ​កម្ពុជា ព្រោះថា​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ស្ត្រី​ដល់​ទៅ​ចំនួន​ ៧៦ ​ភាគរយ​មាន​ការងារ​ធ្វើ​នៅក្នុង​ប្រព័ន្ធ​ការងារ​ផ្លូវការ​»​។

«​ប្រសិនបើ​មិនមាន​ដំណោះស្រាយ​សមស្រប​ក្នុង​ការលើក​កម្ពស់​ការ​បំបៅ​ដោះ​កូន​សម្រាប់​ស្ត្រី​បម្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស និង​កន្លែង​ធ្វើការ​ទេនោះ​នឹងធ្វើ​ឱ្យ​អត្រា​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បន្ត​ធ្លាក់ចុះ​ថែមទៀត​...»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ប្រាក់ សោភ័ណនារី​។

លោកស្រី​បាន​បន្តថា តាម​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បានបង្ហាញ​ថា ការបង្ក​បរិយាកាស​សមស្រប​ដូចជា ការបង្កើត​បន្ទប់​បំបៅ​ដោះ​កូន​ផ្តល់​ពេលវេលា​សម្រាក​ក្នុងការ​បំបៅ​ដោះ​កូន ជាមួយ​នឹង​ការបំពាក់​សម្ភារ​គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​ស្ត្រី​មានការ​ពេញចិត្ត អារម្មណ៍ល្អ​នៅ​កន្លែងធ្វើការ ទទួលបាន​សុខភាព​ល្អ​ប្រសើរ​ទាំង​ខ្លួន​គាត់​ផ្ទាល់ កូន និង​ក្រុមគ្រួសារ ព្រមទាំង​កាត់បន្ថយ​អវត្តមាន​បុគ្គលិក បន្ថយ​ការចំណាយ​លើ​ការធានារ៉ាប់រង​សុខភាព​បុគ្គលិក​ផងដែរ​។

លោកស្រី Sanne Sigh តំណាង​គម្រោង MUSEFO នៃ​អង្គការ​ GIZ បានលើកឡើង​ដែរ​ថា សព្វថ្ងៃនេះ ស្ត្រី និង​និយោជិត បាន​ចំណាយពេល​ភាគច្រើន​របស់​ពួកគេ​នៅ​កន្លែងធ្វើការ​។

ហេតុនេះ​កន្លែង​ធ្វើការ​បានក្លាយ​ជា​តួអង្គ​សំខាន់​សម្រាប់​អាហារូបត្ថម្ភ និង​សុខភាព​របស់​មាតា និង​កុមារ​ក៏​ដូច​សុខភាព​របស់​និយោជិត​ទូទៅ​។

លោកស្រី​ថ្លែងថា​៖ «​ទោះ​យ៉ាងណា​ក៏ដោយ យើង​ត្រូវការ​អ្នក​នាំមុខ​ចាប់ផ្តើម​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការគាំទ្រ​ដល់​ស្ត្រី​ថា​គេ​អាច​ធ្វើបាន និង​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់រូប​។

បន្ទប់​សម្រាប់​បំបៅ​ដោះ​កូន​ពុំមែន​​ផ្តល់​ប្រយោជន៍​សម្រាប់តែ​បុគ្គលិក​ជា​ស្ត្រី​ ឬ​ម្តាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់​សុខភាព និង​ការ​អភិវឌ្ឍ​សម្រាប់​កុមារ​ផងដែរ​»​។

បើតាម​ការ​ឱ្យដឹងពី​លោក ហ៊ូ ក្រើន នាយករង​អង្គការ Helen Keller ថា អង្គការ​លោក បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាននិង​កំពុង​អនុវត្ត​នូវ​គម្រោង​សាកល្បង​មួយ​ឈ្មោះថា​ “​គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅតាម​រោងចក្រ​សហគ្រាស និង​កន្លែងធ្វើការ​”​ ដែលមាន​ទីតាំង​គោលដៅ​ចំនួន​ ២៧ ​កន្លែង​។

លោក​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា​​នេះ​គឺជា​គម្រោង​សាកល្បង​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​បាន​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​មាន​លក្ខណ:​ស្តង់ដា មាន​សម្ភារ និង​ឧបករណ៍​គ្រប់គ្រាន់​ប្រកប​ដោយ​ផាសុកភាព​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន​។ គម្រោង​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​អត្រា​ការបំបៅ​ដោះ​កូន​ពីព្រោះថា មាន​ស្ត្រី​ចំនួន​ជាង​ ៣៧ ​ម៉ឺន​នាក់​កំពុង​​តែ​បំបៅ​ដោះ​កូន​នៅ​កម្ពុជា ហើយ​ដែល​ភាគច្រើន​បំផុត​កំពុង​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​»​។

អ្នកស្រី ចាន់ ផល្គុណ បាន​ប្តូរ​ពី​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ មក​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​វិញ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​អ្នកស្រី​បាន​ប៉ះពាល់​សុខភាព​ ដោយសារ​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ដែល​គ្មាន​គុណភាព​។

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា អ្នកស្រី​កត់សម្គាល់​ឃើញថា ការលូតលាស់​របស់​កូន​ទាំង​ ២​ គឺ​ខុសគ្នា​ទាំងស្រុង ទោះបី​ជា​សុខភាព​របស់​កូន​ទាំង ​២ ​ក្រោយពី​សម្រាល​ភ្លាម មាន​លក្ខណៈ​គ្រប់​ប្រក្រតី និង​សុខភាព​មាំមួន​ក្ដី​។

អ្នកស្រី​ថា​៖ «​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​គឺជា​ការពិត​​កូន​របស់ខ្ញុំ​មាន​សុខភាព​ល្អ ការលូតលាស់​លឿន​សាច់​របស់គាត់​​ណែន​ហាប់​ល្អ​ម្យ៉ាងវិញទៀត ការ​ជុះ​របស់គាត់​មាន​លក្ខណៈ​ទៀងទាត់ និង​ប្រក្រតី​។ វា​ខុសគ្នា​យ៉ាងខ្លាំង​ពី​ការបំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​រូបមន្ត​ដែលជា​ផលិតផល​ហានិភ័យ​សម្រាប់​ទារក​។ ​កូនប្រុស​ខ្ញុំ​បាន​ក្លាយជា​ជនរងគ្រោះ​ពី​ការផលិត​ម្សៅ​ទឹកដោះ​គោ​ខុស​ស្តង់ដា និង​ធ្លាក់ខ្លួន​ឈឺ​ជា​ដំណំ​។ ​ការលូតលាស់​មិនលឿន​ដូច​ទារក​ដែល​បៅ​ទឹកដោះ​ម្ដាយ​នោះទេ​»​។

អ្នក​ម្តាយ​រូបនេះ​បាន​បញ្ជាក់ថា ការរៀន​ពីបទ​ពិសោធ​នៃ​ការចិញ្ចឹម​​កូន​លើក​ទី​ ១ អ្នកស្រី អាច​សន្និដ្ឋាន​បានថា ពុំមាន​ផលិតផល​ណា​ល្អ​ជាង​ទឹកដោះ​ម្ដាយ​នោះឡើយ​។ ទោះ​ទឹកដោះ​ម្ដាយ​ខាប់ រាវ ហូរលឿន ហូរ​យឺត​យ៉ាងណា ក៏​គួរ​កុំ​បោះបង់ សូម​បន្ត​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​កូនៗ​មាន​សុខភាព​ល្អ​។

ដោយឡែក​កាលពី​ព្រឹក ថ្ងៃទី​ ៤ ​ខែឧសភា ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) ​ជាមួយ​អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​លើ​ការអនុវត្ត​គម្រោង​សាកល្បង​ «​លើកកម្ពស់​សុខភាព​​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក​ ​និង​កុមារ​នៅតាម​រោងចក្រ​សហគ្រាស​»​។

យោងតាម​ក្រសួង​ការងារ​បានឱ្យ​ដឹងថា MoU​នេះ​មាន​សុពលភាព​រយៈពេល​ ១៥ ​ខែ ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោកស្រី ហ្គ្វីណេត ខុតស៍​ (Gwyneth Cotes) នាយិកា​ប្រចាំ​ប្រទេស អង្គការ Helen Keller និង​លោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយក​គម្រោង MUSEFO​។

គម្រោង​សាកល្បង​នេះ​ធ្វើឡើង​ក្នុង​បំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​បច្ចេក​ទេស​រវាង​អង្គការ និង​ក្រសួង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​សុខុមាលភាព​កម្មករ​-​កម្មការិនី ផលិតភាព​ការងារ និង​សេដ្ឋកិច្ច​-​កម្ពុជា​។

ក្រសួង​ការងារ​បានបញ្ជាក់​ថា​គម្រោង​នេះ​ផ្ដោតលើ​រោងចក្រ​ចំនួន​ ១៨ ​កន្លែង​ដែលមាន​អ្នក​ធ្វើការ​សរុប​ចំនួន​ ២១ ១៦៦​ នាក់ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ស្តីពី​សារៈសំខាន់​នៃ​ការលើក​កម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​ដល់​និយោជក ឬ​តំណាង​របស់ខ្លួន កម្មករ កម្មការិនី​ក្នុង​វ័យ​បន្ត​ពូជ និង​កម្មការិនី​កំពុងមាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​។

លោក អ៊ិត សំហេង បាន​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​បាន​​រួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​បន្ថែម​នូវ​ការថែទាំ​សុខភាព អនាម័យ​ស្ត្រី និង​កុមារ​ឱ្យមាន​ភាព​កាន់តែ​ប្រសើរ ស្របពេល​​ដែល​ក្រសួង​ការងារ​បាន​កំពុង​​អភិវឌ្ឍ​នូវ​សេវា និង​ចេញ​លិខិតបទដ្ឋាន​ថ្មីៗ​របស់ខ្លួន​ឱ្យ​កាន់តែ​​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​»​។

លោក​ជឿជាក់ថា តាមរយៈ​គម្រោង​នេះ​ក៏​កាន់តែ​ធ្វើឱ្យ​និយោជក​អនុវត្តបាន​ប្រសើរ​ព្រមទាំង​លើក​ទឹកចិត្ត​ទៅដល់​កម្មករនិយោជិត ត្រូវយក​ចិត្ត​ទុកដាក់​ពី​បញ្ហា​អនាម័យ អាហារូបត្ថម្ភ និង​ផលិតភាព​ការងារ​ផងដែរ​៕