
កិច្ចប្រជុំរបស់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី ៣ ឧសភា។ រូបថត រដ្ឋបាលខេត្តកណ្តាល
កណ្តាលៈ អាជ្ញាធរខេត្តកណ្តាលកំពុងធ្វើការសិក្សាពីផលប៉ះពាល់ទៅលើលំនៅឋានប្រជាពលរដ្ឋប្រមាណ ១៧៣ គ្រួសារ ដែលរស់នៅអមមាត់ស្ទឹងជ្រៅក្នុងភូមិស្ទឹងជ្រៅសង្កាត់ដើមមៀនក្រុងតាខ្មៅ ដែលជាផ្នែកនៃការអនុវត្តគម្រោងស្តារប្រឡាយ និងអាងស្តុកទឹកបឹងជើងឯកក្នុងតំបន់ ៥ ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចក្នុងរដូវវស្សា។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល ថ្លែងនៅថ្ងៃទី ៤ ឧសភាថា នៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៧៣ គ្រួសារ នៅអមមាត់ស្ទឹងជ្រៅក្នុងភូមិស្ទឹងជ្រៅសំដៅធ្វើការអនុវត្តគម្រោងស្ដារប្រឡាយ និងអាងស្ដុកទឹកបឹងជើងឯកក្នុងតំបន់ ៥ ចាប់ពីចំណុចក្បាលស្ទឹងជ្រៅ ដល់ស្ទឹងព្រែកត្នោត។ តាមរយៈកិច្ចប្រជុំនេះ អាជ្ញាធរខេត្តបានដាក់គោលការណ៍ជូនទៅក្រុមហ៊ុនដែលនឹងត្រូវអនុវត្តគម្រោងស្តារប្រឡាយនៅទីនោះក្នុងការពិនិត្យសិក្សាលើកិច្ចការងារស្តារប្រឡាយ និងអាងស្តុកទឹកនោះឡើងវិញជាមុន បន្ទាប់មកទើបបន្តបើកកិច្ចប្រជុំម្តងទៀតដែលអាចធ្វើឡើងនៅអំឡុងសប្តាហ៍ក្រោយ ដើម្បីទទួលការសម្រេចដោយអភិបាលខេត្តកណ្តាល។
លោកថ្លែងថា៖ «ជារួមយើងឃើញថា មានប្រជាពលរដ្ឋនៅតំបន់នោះ ទោះបីនៅលើប្រឡាយឬយ៉ាងម៉េច គឺក្រុមការងារជំនាញរបស់យើងកំពុងបន្តពិនិត្យបន្ថែមទៅដល់គ្រួសារដែលយើងត្រូវធ្វើការសម្របសម្រួលដោះស្រាយ ពិនិត្យផលប៉ះពាល់ឱ្យបានច្បាស់ ហើយជាលទ្ធផលមិនទាន់មានការឯកភាពគ្នាថា ត្រូវមានការស្តារយ៉ាងម៉េចនៅឡើយទេ» ។
លោកប្រាប់ថា ការសាងសង់ប្រព័ន្ធធារាសាស្ដ្រនេះមានសារ:សំខាន់ ដើម្បីធានាដល់ការបញ្ចៀសនូវទឹកជំនន់ធំ ដើម្បីកុំឱ្យមានការបាក់ច្រាំងប៉ះពាល់ផ្ទះពលរដ្ឋ និងការពារការបាក់ច្រាំងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលថ្លែងនៅថ្ងៃទី ៤ ខែឧសភា ថា នេះជាកិច្ចប្រជុំដំបូង ហេតុនេះនៅមិនទាន់អាចបញ្ជាក់លម្អិតបានទេ ព្រោះពេលនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយ។ នៅពេលឆាប់ៗខាងមុខមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តកណ្តាលនឹងប្រជុំពិនិត្យវាយតម្លៃអំពីទម្រង់នៃការស្នើសុំរបស់ក្រុមហ៊ុន ហើយនឹងដាក់ចេញជាគោលការណ៍ឱ្យក្រុមហ៊ុនដើម្បីអនុវត្តតាមបច្ចេកទេស។
លោកថ្លែងថា៖ «ខ្ញុំកំពុងរកពេលប្រជុំជាមួយមន្ត្រីបច្ចេកទេស ដើម្បីយកទម្រង់នៃការស្នើសុំរបស់ក្រុមហ៊ុនមកពិនិត្យមើលថា ត្រូវធ្វើយ៉ាងម៉េច ហើយយើងត្រូវស្នើសុំឱ្យគេធ្វើយ៉ាងម៉េច ដើម្បីការពារកុំឱ្យទឹកហូរមកវាបុកបាក់ច្រាំងបាក់ផ្ទះប្រជាជនទៀត។ ឥឡូវយើងកំពុងសិក្សា ក្រោយពីយើងសិក្សាហើយបានប្រជុំគ្នាដាក់គោលនយោបាយមួយឱ្យក្រុមហ៊ុនគេអនុវត្តតាមបច្ចេកទេសដែលយើងស្នើសុំទៅហ្នឹង» ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងនៅថ្ងៃទី ៤ ខែឧសភាថា ជាធម្មតាពលរដ្ឋតែងចង់បានការអភិវឌ្ឍ ហើយក្នុងនាមអង្គការសង្គមស៊ីវិល លោកក៏គាំទ្រចំពោះការអភិវឌ្ឍផងដែរ ប៉ុន្តែបើការអភិវឌ្ឍនោះមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធគួរតែចុះសង្កេតពិនិត្យសិក្សាស្រាវជ្រាវដោយផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ជាពិសេសធ្វើយ៉ាងណាឆ្លើយតប និងបំពេញតម្រូវតាមការចង់បានរបស់ប្រជាពលរដ្ឋឱ្យបានសមរម្យ។
លោកថ្លែងថា៖ «អាជ្ញាធរពាក់ព័ន្ធ គួរតែមានការសិក្សាស្រាវជ្រាវទៅលើការប៉ះពាល់ជាមួយនឹងពលរដ្ឋនៅតំបន់ហ្នឹងឱ្យបានច្បាស់លាស់អំពីការចង់បានការទាមទារអ្វីខ្លះដែលពាក់ព័ន្ធទៅហ្នឹងការផ្លាស់ប្តូរលំនៅ ឬក៏ការរស់នៅក្នុងទីតាំងណាមួយដែលអាចធ្វើទៅបាន អាស្រ័យទៅលើសំណូមពរ ឬក៏ការជជែកពិភាក្សាគ្នា ចៀសវាងការមិនជជែកពិភាក្សាគ្នាហើយទៅមានការបណ្តេញចេញឱ្យពួកគាត់មានការឈើចាប់» ៕