ភ្នំពេញៈ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​ការផ្តល់សេវា​ការពារ​ក្តី​ជូន​ស្រី្ត និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​ ដោយសារ​ខ្វះ​កិច្ចសហការ​ពី​ស្ថាប័នរដ្ឋ​ជំនាញ ទោះបី​ការអនុវត្ត​នៅ​ឆ្នាំ ២០២១ ​ទទួលបាន​លទ្ធផល​ជោគជ័យ​ក៏ដោយ​។

បញ្ហា​ប្រឈម​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការផ្តល់សេវា​ការពារ​ក្តី​ជូន​ស្រី្ត និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​ឆ្នាំ ២០២១ កាលពី​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ ២០២២ ដោយមាន​ការចូលរួម​ពី​ប្រធាន​គណៈមេធាវី លោក លី ច័ន្ទតុលា រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្រី្ត​លោកស្រី អ៊ឹង កន្ថាផាវី រួម​នឹង​លោក Connor Floyd លេខា​ទី ២ ​ទទួលបន្ទុក​សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។

គណៈមេធាវី និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ចំនួន​ ២​ លើក​គឺ​លើក​ទី​ ១ ចុះ​ក្នុង​ឆ្នាំ​ ២០១៨ មាន​រយៈពេល​ ៣ ​ឆ្នាំ ២០១៨-២០២០ និង​លើក​ទី​ ២ ចុះ​ក្នុង​ឆ្នាំ​ ២០២១ ​មាន​រយៈពេល ៣ ​ឆ្នាំ ២០២១-២០២៣ ​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តល់សេវា​ការពារ​ក្ដី​ជូន​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​។

គណៈមេធាវី​បាន​លើកឡើងថា ដោយសារ​ខ្វះ​បទពិសោធ​ និង​ជា​លើកដំបូង​នៃ​ការសហការ​គ្នា​ក្នុងការ​អនុវត្ត​អនុស្សរណៈ​លើក​ទី​ ១ ពុំ​សូវ​ទទួលបាន​លទ្ធផល​ដូច​ការរំពឹងទុក​ទេ ពីព្រោះ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ត​។ ដោយឡែក​ការអនុវត្ត​អនុស្សរណៈ​លើក​ទី​ ២ នេះ​បាន​រយៈពេល ១ ​ឆ្នាំ​មកហើយ​ដោយ​គណៈមេធាវី​បាន​ចាត់តាំង​មេធាវី​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ក្នុង​អំពើហិង្សា​បាន​ចំនួន ១០៧ ករណី មានកូន​ក្តី​សរុប ១១០ នាក់​ក្នុងនោះ​មាន​ក្មេងស្រី​រងគ្រោះ​ចំនួន ៦៩ នាក់​។ ក្នុង​គម្រោង​ការពារ​ក្តី​ជូន​ស្ត្រី​ និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ក្នុង​អំពើហិង្សា​នេះ​គណៈមេធាវី​មាន​មេធាវី​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​គម្រោង​នេះ​ចំនួន ១៦៣ រូប​នៅ​ទូទាំង​ប្រទេស​។

ជាមួយនឹង​លទ្ធផល​កិច្ច​ខំប្រឹងប្រែង​នេះ លោក លី ច័ន្ទុតុលា លើកឡើងថា ទោះបីជា​ការផ្តល់សេវា​ការពារ​ក្តី​ជូន​ស្ត្រី​ និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ ដោយ​អំពើហិង្សា​ទទួលបាន​លទ្ធផល​ និង​ជោគជ័យ​តាម​ការរំពឹងទុក​ក៏ដោយ ក៏​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​ និង​ការផ្តល់សេវា​ការពារ​ក្ដី​ជាក់ស្ដែង​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​។

លោក​ថា​៖ «​បញ្ហា​ប្រឈម​ទាំងនោះ​ត្រូវ​រួមគ្នា​ដោះស្រាយ មិន​ត្រឹមតែ​ស្ថាប័ន​យើង​ទាំង​ ២ គឺ​ត្រូវមាន​ការចូលរួម​ពី​ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ អង្គការ​អយ្យការ និង​សាលាជម្រះក្ដី​គ្រប់​ជាន់ថ្នាក់​ផងដែរ​»​។

បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន ប្រភេទ​រឿងក្តី​របស់​ស្ត្រី​ និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ ដែល​ត្រូវ​ផ្តល់​មេធាវី​ជូន​នៅមាន​កម្រិត​។ ឧទាហរណ៍ សំណុំរឿង​រក្សា​ការពារ​ការរឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនល្មើស ដើម្បី​ធានា​សំណង​រដ្ឋប្បវេណី​ចំពោះ​ជនរងគ្រោះ ខណៈ​ប្រភេទ​រឿងក្តី​ខ្លះ​មិនទាន់​មាន​និយមន័យ​ច្បាស់លាស់​។ ឧទាហរណ៍ រឿងក្តី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​បំពាន​ដល់​សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ និង​ក្មេងស្រី​។ លោក​បន្តថា ចំណែក​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​អយ្យការ​ជាមួយ​មេធាវី​ការពារ​ក្តី​ជូន​ជនរងគ្រោះ​នៅ​មាន​កម្រិត និង​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​។

លោក​ លី ច័ន្ទុតុលា សង្ឃឹមថា តាមរយៈ​កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​លើកយក​បញ្ហា​ប្រឈម​ទាំងនេះ មក​ពិភាក្សា​ និង​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ជាមួយ​គ្នានេះដែរ​លោក​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ គណៈមេធាវី និង​ប្រតិភូ​គណៈមេធាវី​ប្រចាំរាជធានី​-​ខេត្ត​ប្រចាំ​សាលាឧទ្ធរណ៍​តំបន់​ និង​សាលាឧទ្ធរណ៍ ភ្នំពេញ​ និង​ប្រចាំ​តុលាការ​កំពូល​ត្រូវ​ចូលរួម​ផ្តល់យោបល់ ចែករំលែក​បទពិសោធ​ល្អៗ​ និង​លើកយក​បញ្ហា​ប្រឈម​ដែល​ខ្លួន​ជួបប្រទះ​ដាក់ជូន​អង្គប្រជុំ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​។

បន្ថែម​ពីនេះ ត្រូវ​ផ្ដល់​ការសហការ ​និង​ផ្ដល់ព័ត៌មាន​ទៅវិញ​ទៅមក​រវាង​ប្រតិភូ​គណៈមេធាវី​ប្រចាំរាជធានី ខេត្ត​ជាមួយ​មន្ទីរ​កិច្ចការនារី​រាជធានី ខេត្ត និង​​ជាមួយ​នាយកដ្ឋាន​ការពារ​ក្ដី ជូន​ជនក្រីក្រ​គណៈមេធាវី និង​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ការពារ​ក្តី ជូន​ស្ត្រី​ និង​ក្មេងស្រី​ក្រីក្រ​​រងគ្រោះ ដោយ​អំពើហិង្សា ឱ្យមាន​គុណភាព ប្រសិទ្ធភាព និង​ឱ្យ​ដូច​អតិថិជន​ដទៃទៀត​។

លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍​ថា កិច្ចប្រជុំ​ឆ្នាំនេះ​រៀបចំ​ឡើង​ដើម្បី​ឆ្លុះបញ្ចាំង​រួមគ្នា​អំពី​ការអនុវត្ត​ល្អៗ​ការ​ដោះស្រាយ​បញ្ហា​សេសសល់​ និង​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការជួយ​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ដោយ​អំពើហិង្សា ដើម្បីឱ្យ​ពួកគេ​ទទួលបាន​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការផ្តល់សេវា​ការពារ​សិទ្ធិ​ជនរងគ្រោះ​ជា​ស្ត្រី និង​ក្មេងស្រី​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២១ តាមរយៈ​កិច្ចសហការ​រវាង ក.ជ.ក.ស និង​គណៈមេធាវី​កម្ពុជា ដែល​កិច្ចសហការ​នេះ​នឹង​រួមចំណែក​កសាង​ភាពជឿជាក់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ប្រព័ន្ធតុលាការ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​»​។

លោកស្រី​បាន​កត់សម្គាល់ថា ពី​ឆ្នាំ ​២០១៩-២០២០ ការផ្តល់សេវា​ជូន​ជនរងគ្រោះ​មាន​ភាពរអាក់រអួល​ខ្លះៗ​ក្នុង​ការអនុវត្ត​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​ ២០២១ កន្លងទៅនេះ ក្រសួង​កិច្ចការនារី​បាន​ធ្វើការ​កែសម្រួល​នីតិវិធី​មួយចំនួន​ ដើម្បី​ពន្លឿន​ការងារ​នេះ ទោះបីជា​ជួប​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក្តី ក៏​ស្ថាប័ន​ទាំង​ ២ បាន​ខិតខំ​អនុវត្ត​គម្រោង​ការពារ​ក្តី​ជូន​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការរំពឹងទុក​៕