កោះកុងៈ តាមរយៈ​កម្មវិធី CAPFISH-Capture សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បានផ្តល់​នាវា​ល្បាត​សមុទ្រ ៧ ​គ្រឿង​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ ៤ របស់​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ចាំបាច់​ក្នុងការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល​។

ពិធី​ប្រគល់​ទទួល​នាវា​ល្បាត​ទាំង​ ៧ ​គ្រឿង បានធ្វើ​ឡើង​នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​ ០៤ ​ខែឧសភា​ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

លោក វេង សាខុន បាន​ថ្លែងថា នាវា​ល្បាត​ ៧ ​គ្រឿង​ថ្មី​បន្ថែមទៀត​នេះ​បំពាក់​ផ្តល់ជូន​អធិការដ្ឋាន​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល តំបន់ឆ្នេរ​ទាំង​ ៤ នៅក្នុង​ខេត្តកោះកុង ព្រះសីហនុ កែប និង​កំពត​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ក្នុង​សូចនាករ​ដែល​បានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​។

ទន្ទឹមនឹងនេះ​វា​ក៏​ជាការ​អនុវត្ត​ផែនការ​សកម្មភាព​ត្រួតពិនិត្យ និង​អធិការកិច្ច​ជលផល​សមុទ្រ (NPCI) និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការបង្ការ​ទប់ស្កាត់​ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​ក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា (NPOA-IUU)​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល​តំបន់ឆ្នេរ​ទាំង​ ៤​ នឹង​យក​សម្ភារ​នាវា​ខាងលើនេះ​ទៅ​ប្រើប្រាស់​ត្រូវ​តាម​គោលដៅ​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​ និង​ត្រូវធ្វើ​ការថែរក្សារ​នាវា​ទាំងនេះ​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

ទន្ទឹមនឹងនេះ លោក​ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល ដើម្បី​លុបបំបាត់​បទល្មើស​ជលផល​គ្រប់​ប្រភេទ ដោយ​ត្រូវ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​សហគមន៍​នេសាទ និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ធនធាន​ជលផល ព្រមទាំង​កែលម្អ​គុណភាព និង​សុវត្ថិភាព ផលិតផល​ជលផល សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។ ជាពិសេស​គឺ​ជួយផ្តល់​សាច់​ត្រី​ដល់​ពលរដ្ឋ​ទូទៅ​ព្រមទាំង​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន និង​សហគមន៍​។

បើតាម លោក វេង សាខុន នៅក្នុង​រយៈពេល​ ២​ ឆ្នាំ​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាព​អឺរ៉ុប​បាន​ផ្តល់​នូវ​មធ្យោបាយ​មាន​នាវា​ល្បាត​រថយន្ត ម៉ូតូ សម្ភារ​ការិយាល័យ និង​សម្ភារ​សម្រាប់​អនុវត្ត​សកម្មភាព​នៅ​មូលដ្ឋាន​ជាច្រើន​ដល់​អង្គភាព​អនុវត្ត​សកម្មភាព​ផ្ទាល់ ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​៕