ភ្នំពេញៈ ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បាត់ដំបង នឹង​ប្រារព្ធ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃទី ៥ មិថុនា ដើម្បី​បង្កើន​ការយល់​ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​បរិស្ថាន និង​ចូលរួម​ថែរក្សា​បរិស្ថាន សម្រាប់​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព​។

ទិវា​បរិស្ថាន​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង​» ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន​ទៅដល់​​សាធារណជន​សិស្ស និស្សិត​ជាពិសេស​ជំរុញ​ចលនា​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកប​ដោយ​ចីរភាព​។

កម្មវិធី​នេះ​ផ្តោត​សំខាន់​លើ​ចលនា​កម្លាំង​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​ការ​ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ ​២០២២ វេលា​ម៉ោង ៧ ​ដល់​ម៉ោង​ ៩ ព្រឹក នៅ​សួនច្បារ​នាគ​បាញ់ទឹក​ក្នុង​ក្រុង​បាត់ដំបង​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៤ ខែឧសភា ថា តាមពិតទៅ​កម្មធ​វិធី​នេះ​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ខាងមុខ​ដែលជា ថ្ងៃ​ «​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ ​មិថុនា​»​។ ប៉ុន្តែ​ដោយសារ​ថ្ងៃទី​ ៥ មិថុនា​ចំ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដូច្នេះហើយ បានជា​ក្រសួងបរិស្ថាន រំកិល​មក​ធ្វើ​កម្មវិធី​មុន​ពេលវេលា ព្រោះ​បើ​ធ្វើ​ក្នុងអំឡុងពេល​បោះឆ្នោត​នោះ​ជាប់​ពាក់ព័ន្ធ​ការឃោសនា និង​ការបោះឆ្នោត​។

ទេសភាព​ធម្មជាតិ​នៅ​រមណីយដ្ឋាន​អន្លង់​ស្នេហ៍​ខេត្តមណ្ឌលគិរី​។ហុង មិនា

យ៉ាងណាក្តី លោក​បញ្ជាក់ថា ការជ្រើសរើស​យក​ខេត្ត​បាត់ដំបង​ធ្វើជា​កន្លែង​សម្រាប់​ប្រារព្ធ​កម្មវិធី​នេះ ជាការ​ធ្វើឡើង​ផ្លាស់ប្តូរ​វេន​តាម​ខេត្ត ហើយ​កន្លងទៅ គឺ​ធ្វើ​នៅ​ខេត្ត​រតនគិរី កំពត និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដែល​ក្រសួង​សហការ​រៀបចំ​ជាមួយ​រដ្ឋបាលខេត្ត​នៅក្នុង​ទិសដៅ​សំខាន់​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​យល់ដឹង​ពី​សារៈសំខាន់​នៃ​បរិស្ថាន និង​ការ​ការពារ​នូវ​ភពផែនដី​។ លោក​ថា​៖ «​ការរៀបចំ​នៅ​ខេត្ត​បាត់ដំបង​នេះ យើង​រំពឹងទុក​ថា​នឹងមាន​មនុស្ស​ប្រមាណ​ ៣០០ ​នាក់ ដែល​អញ្ជើញ​មកពី​មន្ទីរជំនាញ រដ្ឋបាលខេត្ត នៅតាម​ស្រុក និង​សិស្សានុសិស្ស ដែល​ចូលរួម​នោះ​នឹង​ធ្វើការ​ផ្សព្វផ្សាយ ដូចជា​សកម្មភាព​មួយចំនួន ដែល​បង្ហាញ​អំពី​ការគិតគូរ​ពី​បរិស្ថាន និង​ផ្នែក​ជីវៈចម្រុះ​ផ្សេងទៀត​ដែលជា​ផ្នែក​នៃ​បរិស្ថាន​»​។

លោក នេត ភក្ត្រា បន្តថា អ្វីដែល​យើង​ជួប​បញ្ហា​ប្រឈម​នៅក្នុង​កិច្ចការពារ​បរិស្ថាន​គឺ ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​សំណល់​រឹង រាវ សំរាម ទាក់ទង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ ជាក់ស្តែង​ក្រសួង​បរិស្ថាន​បាន​ធ្វើការងារ​ច្រើន​ក៏ដូចជា​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ពាក់ព័ន្ធ​ការគ្រប់គ្រង​សំណល់​រឹង​តាម​ទីប្រជុំជន និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ទៅលើ​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​តាមរយៈ​ការផ្តល់​នូវ​មុខរបរ និង​គំនិត​ថ្មី​ដល់​ប្រជាពលរដ្ឋ និង​តាមរយៈ​អេកូទេសចរណ៍​ជាដើម​។ លោក​ថា​៖ «​អ៊ីចឹង​ការ​រៀបចំ​ទិវា​បរិស្ថាន​នេះ​ក្រោម​ប្រធានបទ “​ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង​” គឺ​ចង់បង្ហាញ​ដល់​ប្រជាពលរដ្ឋ មើលឃើញ​ថា សុខភាព​មនុស្ស គឺ​វា​មានការ​ផ្សារភ្ជាប់​ជាមួយ​នឹង​បរិស្ថាន​ហើយ​សុខភាព​ភព​ផែនដី​វា​ជា​ផ្នែក​មួយ​ដែល​សំខាន់​ពាក់ព័ន្ធ​សុខភាព​មនុស្ស ព្រោះ​បើ​ភពផែនដី​មានការ​បំពុលបរិស្ថាន ក៏​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែរ​»​។

មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី បាន​ថ្លែងថា ការរៀបចំ​នេះ​គ្រាន់តែ​ជា​សារ​រំឭក​ខួប​នៃ​ទិវា​បរិស្ថាន​ហើយក៏​ជា​ចំណុច​ដាស់តឿន​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ចងចាំ​ឱ្យ​យកចិត្ត​ទុកដាក់​លើ​បរិស្ថាន​បន្ថែមទៀត​។ លោក​បន្តថា ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​លើ​ការអនុវត្ត​ជាក់ស្តែង និង​ជាប្រចាំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ លោក​ថា​៖ «​ពីព្រោះ​យើង​មិនមែន​និយាយ​បញ្ហា​បរិស្ថាន​តែ​ថ្ងៃ​ហ្នឹង​ទេ គឺ​យើង​ត្រូវធ្វើ និង​និយាយ​ជាប្រចាំ អ៊ីចឹង​មិនមែន​យើង​ប្រារព្ធ​ទិវា​បរិស្ថាន​ថ្ងៃនេះ ជួបជុំគ្នា​ផ្សព្វផ្សាយ​តែមួយ​ថ្ងៃ​ទេ សំខាន់​លើ​ការអនុវត្ត​ជាក់ស្តែង​ជាប្រចាំ​ទៅលើ​បញ្ហា​បរិស្ថាន​»​។ ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន លោក​សូម​យក​ឱកាស​នេះ​ផ្តោតទៅលើ​សំរាម គឺពាក់ព័ន្ធ​ការប្រមូល​សំរាម និង​ទីលាន​ចាក់សំរាម​។ លោក​ថា​៖ «​ឃើញ​មាន​ទីតាំង​ខ្លះ​ ១ ​ថ្ងៃ​ប្រមូល​សំរាម​ម្តង ប៉ុន្តែ​ទីតាំង​ខ្លះទៀត រហូតដល់​ ១ ​អាទិត្យ ឬ​ ១០ ​ថ្ងៃ បាន​ប្រមូល​ម្តង​ដែលជា​បញ្ហា​។ ឧទាហរណ៍​ការប្រមូល​សំរាម​នៅ​កន្លែង​ភ្ញៀវទេសចរ និង​មនុស្ស​ច្រើន គេ​ប្រមូល​បានល្អ​រាល់ថ្ងៃ ប៉ុន្តែ​នៅតាម​បណ្តា​សង្កាត់​មួយចំនួន ការប្រមូល​យឺតយ៉ាវ នេះ​ជា​បញ្ហា ហើយ​ទីលាន​ចាក់សំរាម​មិនទាន់​បានរៀបចំ​ត្រឹមត្រូវ​»​។

ក្រសួង​បរិស្ថាន​រំពឹងទុក​ថា តាមរយៈ​កម្មវិធី​នេះ សាធារណជន​នឹងចូលរួម​យ៉ាងសកម្ម​ក្នុង​ការការពារ និង​ថែរក្សា​បរិស្ថាន និង​យល់​អំពី​វិធានការ​ ឬ​ដំណោះស្រាយ​ទៅនឹង​បញ្ហា​ប្រឈម​បរិស្ថាន​ដែល​កំពុង​ជួបប្រទះ ជាពិសេស​យុវជន​នឹងមាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុង​កិច្ចគាំពារ​បរិស្ថាន​៕