ភ្នំពេញៈ កម្ពុជា ឥណ្ឌូនេស៊ី​ និង​ថៃ​ទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​ ៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំនេះ​រួមមាន កិច្ចប្រជុំ​កំពូល​អាស៊ាន និង​​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​, កិច្ចប្រជុំ​កំពូល​ក្រុម ​G20 និង​កិច្ចប្រជុំ​​មេដឹកនាំ​សេដ្ឋកិច្ច​ APEC​។ ​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​៣ កាលពី​ថ្ងៃទី​ ៤ ខែឧសភា​បានឱ្យដឹងថា ដំណើរការ​អាស៊ាន​ G20 និង​ APEC មាន​ចរិត​លក្ខណៈ​រួម​ដែល​ផ្តល់ឱកាស​មួយ​ពិសេស​សម្រាប់​បណ្តា​ប្រទេស​/​សេដ្ឋកិច្ច​សមាជិក រួមគ្នា​ជំរុញ​របៀបវារៈ​តំបន់ និង​ក្នុង​ពិភពលោក​ក៏ដូចជា​កិច្ចប្រឹងប្រែង​ ដើម្បី​នាំមក​នូវ​សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព និង​បរិយាប័ន្ន​ដល់​ប្រជាជន​ទាំងអស់​។

«​កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ​ទទួលបាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​ ៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងឆ្នាំនេះ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ១១-១៣ ​វិច្ឆិកា កិច្ចប្រជុំ​កំពូល​ក្រុម​ G20 នៅ​ថ្ងៃទី​ ១៥-១៦ ​វិច្ឆិកា និង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC ​នៅ​ថ្ងៃទី​ ១៨-១ ​វិច្ឆិកា ឆ្នាំ​ ២០២២»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​រួម​។

បើតាម​ប្រភព​ដដែល​ក្នុង​គោលដៅ​នេះ អាស៊ាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ចំពោះមុខ និង​រក្សា​និរន្តរភាព​ថាមវន្ត​នៃ​ការកសាង​សហគមន៍​​អាស៊ាន​ដោយ​ឈរលើ​ស្មារតី​រួបរួមគ្នា​រឹងមាំ ក្រោម​បាវចនា​ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​»​។

កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ ប្រកាស​ថា​៖ «​យើង​ប្តេជ្ញា​ពង្រឹង​ភាពធន់​របស់​អាស៊ាន​ក្នុងការ​ប្រឈម​នឹង​ភាពមិន​ច្បាស់លាស់​ជាសកល និង​ដើម្បី​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​និម្មាបនកម្ម​តំបន់​ដែល​សង្កត់ធ្ងន់​ទៅលើ​ការចូលរួម​ទំនាក់ទំនង​ក្នុងន័យ​ស្ថាបនា​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក និង​ផលប្រយោជន៍​ស្មើគ្នា​»​។

កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ ប្រកាស​រួមគ្នា​ថា ការពន្លឿន​កិច្ចប្រឹងប្រែង​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ការលើក​កម្ពស់​សមាហរណកម្ម​​អាស៊ាន និង​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់​កំណើន​រយៈពេល​វែង​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ការលើកកម្ពស់​សន្តិសុខ​ផ្នែក​សុខភាព និង​ការគាំពារ​សង្គម​សម្រាប់​ប្រជាជន​​គឺជា​របៀបវារៈ​ក្នុង​ចំណោម​អាទិភាព​ចម្បងៗ​។

រីឯ​វេទិកា​ក្រុម G20 ជាមួយ​នឹង​ប្រធានបទ «​ងើប​ឡើងវិញ​ទាំងអស់​គ្នា ងើបឡើង​វិញ​កាន់តែ​រឹងមាំ​» ​មាន​គោលបំណង​ជួយ​សម្រួល​ដល់​ការងើបឡើង​វិញ​ដ៏រឹងមាំ និង​ប្រកបដោយ​បរិយាប័ន្ន​សម្រាប់​ទាំងអស់គ្នា​។

តាមរយៈ​សេចក្ដី​ប្រកាស​រួម​​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ប្តេជ្ញា​ថា ក្រុម​ G20 មាន​សារៈសំខាន់​មិនមែន​ត្រឹមតែ​សម្រាប់​សមាជិក​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល​​ផងដែរ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​។

បើតាម​សេចក្ដី​ប្រកាស​រួម​នេះ ក្រុម G20 បានកំណត់​អាទិភាព​លើ​វិស័យ​ចំនួន​ ៣ ពោលគឺ​ការពង្រឹង​និម្មាបនកម្ម​សុខភាព​សកល ការផ្លាស់ប្តូរ​បែប​ឌីជីថល និង​ការផ្លាស់ប្តូរ​ថាមពល​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​​ឱ្យ​ G20 អាច​ដើរតួ​ជា​កាតាលីករ​ សម្រាប់​ការ​ងើបឡើង​វិញ​ជាសកល​ដ៏រឹងមាំ និង​ប្រកប​ដោយ​បរិយាប័ន្ន​។

ចំណែក​ APEC ​ដែលជា​វេទិកា​ពិសេស​មាន​សមាសភាព​ជា​សេដ្ឋកិច្ច​ជាជាង​ជា​បណ្តា​រដ្ឋ​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ការងារ​​កំពុង​បន្តធ្វើ គឺ​វិធី​ពន្លឿន​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដើម្បី​សម្រេចបាន​វិបុលភាព​រួម​។

មូលបទ APEC ឆ្នាំ​ ២០២២ គឺ​«​បើកចំហ តភ្ជាប់ តុល្យភាព​» ឆ្លុះបញ្ចាំង​អំពី​គោលដៅ និង​ការប្តេជ្ញាចិត្ត​រួម​របស់​សេដ្ឋកិច្ច​នៃ​សមាជិក​វេទិកា​នេះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏ធំ​សម្បើម​ដែល​កើតចេញពី​ជំងឺ​រាតត្បាត និង​ជម្លោះ​ដែល​បាន​ជះ​ផលប៉ះពាល់​អវិជ្ជមាន​នៅ​ទូទាំង​ពិភពលោក​។ មូលបទ​នេះ​មាន​គោលបំណង​ជំរុញ​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ី​-​ប៉ាស៊ីហ្វិក​បើកចំហ ស្វាហាប់ ធន់ និង​សន្តិភាព​។ នេះ​បើតាម​សេចក្ដីប្រកាស​រួម​។

ក្នុងនាម​ជា​ម្ចាស់ផ្ទះ ប្រទេស​ថៃ​អំពាវនាវ​ឱ្យមាន​ការសន្ទនា​​ឡើងវិញ​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​ប៉ាស៊ីហ្វិក គាំទ្រ​ការវិលត្រឡប់​ទៅកាន់​ការធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ ​និង​រលូន ហើយ​សង្កត់ធ្ងន់​លើ​​បរិយាប័ន្ន និង​និរន្តរភាព តាមរយៈ​ការអនុវត្ត​គំរូ​សេដ្ឋកិច្ច​ជីវៈ​វិលជុំ-​បៃតង ដែលជា​ធាតុ​ផ្សំ​​ដ៏​សំខាន់​ក្នុង​ការជួយ​ស្តារ​តំបន់​ ​និង​ពិភពលោក​ពី​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ ប្រកាស​ថា​៖ «​ក្នុង​នាម​ជា​ប្រធាន​​នៃ​កិច្ចប្រជុំ​សំខាន់ៗ​ដូចខាងលើ​​នៅក្នុង​ឆ្នាំនេះ​យើង​ប្តេជ្ញា​ធ្វើការ​​ជាមួយ​ដៃគូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ស្មារតី​កិច្ចសហប្រតិបត្តិការ ខណៈ​ដែល​យើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បន្ត​ពង្រឹង​ភាព​មជ្ឈភាព ភាពជឿជាក់ និង​សារៈសំខាន់​របស់​អាស៊ាន​ក្នុងការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​របស់​យើង​ក៏ដូចជា​កិច្ច​ប្រឹងប្រែង​នានា​ក្នុង​តំបន់ និង​ពិភពលោក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា បាន​លើកឡើង​ថា ការទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​​មេដឹកនាំ​សំខាន់ៗ​ចំនួន​ ៣ នេះ​បាន​បង្ហាញថា កម្ពុជា​រឹតតែ​មាន​ភាព​សំខាន់​ឡើង​ថែមទៀត​ក្នុងតួនាទី​នៃ​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​តួនាទី​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​​សកម្មភាព​ផ្សេងៗ​ដែល​កម្ពុជា​មាន​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចការ​​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ការទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​៣ នេះ​ក៏​បង្ហាញ​ពី​ការយក​ចិត្ដ​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រកាន់​ភ្ជាប់​ក្នុង​គោលការណ៍​ពហុភាគី​ដែល​កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែលជា​កង្វល់​រួមទាំង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​ចំពោះ​បញ្ហា​ជាច្រើន​ដែល​មិនអាច​ត្រូវបាន​ដោះស្រាយ​បាន​ដោយ​រដ្ឋ​ ឬ​ប្រទេស​ណាមួយ​ដាច់​តែឯង​បាន​»៕