
បុរសអង់គ្លេសដើរចេញពីសវនាការនៅតុលាការកំពូលពីថ្ងៃទី ២០ មេសា។ រូបថត គឹម សារុំ
ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃទី ៤ ឧសភា បានប្រកាសសាលដីកាកំបាំងមុខផ្តន្ទាទោសបុរសជនជាតិអង់គ្លេសម្នាក់ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងបទចោទប្រទូស្តកេរ្តិ៍ខ្មាសលើកុមារី អាយុ ១៣ ឆ្នាំម្នាក់ ប្រព្រឹត្តនៅក្រុងខេត្តសៀមរាប កាលពីឆ្នាំ ២០២០។
លោក សូ មូស្សេន្នី មេធាវីការពារសិទ្ធិជនជាប់ចោទបានប្រាប់នៅថ្ងៃទី ៤ ខែឧសភា ក្រោយពីប្រកាសសាលដីកាថា កូនក្តីរបស់លោកឈ្មោះ MATTHEW WILLIAM ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាជនជាតិអង់គ្លេស មិនបានមកចូលរួមស្តាប់ការប្រកាសសាលដីការបស់គាត់ទេ នៅថ្ងៃទី ៤ ឧសភានេះ។
លោកនិយាយថា៖ «ប៉ុន្តែលោកស្រីចៅក្រម គិម សត្ថាវី នៅក្នុងបន្ទប់សវនាការតុលាការកំពូលបានប្រកាសជាសាធារណៈថា តុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងទុកជាបានការដដែល»។
គួររំឭកដែរថា កាលពីថ្ងៃទី ២០ មេសា ដែលជាថ្ងៃជំនុំជម្រះនោះ លោក សូ មូស្សេន្នី មេធាវីការពារសិទ្ធិជនជាប់ចោទបានប្រាប់ចៅក្រមក្នុងអង្គសវនាការថា រឿងនេះ ម្តាយក្មេងប្តឹងនៅខែមីនា ឆ្នាំ ២០២០ ហើយក្រោយប្តឹង ២ ខែ ទើបនគរបាលចាប់ខ្លួនកូនក្តីលោក។ ម្យ៉ាងទៀតនគរបាលយុត្តិធម៌ក៏មិនបានធ្វើការស្រាវជ្រាវដល់ផ្ទះកើតហេតុផងទេគឺគ្រាន់តែធ្វើកំណត់ហេតុតាមចម្លើយក្មេងរងគ្រោះតែប៉ុណ្ណោះ។
លោកមេធាវីបានប្រាប់ទៀតថា រីឯតុលាការខេត្តសៀមរាប និងសាលាឧទ្ធរណ៍ខេត្តបាត់ដំបងក៏បំពានច្បាប់ក្នុងការសម្រេចក្តីនេះដែរ ដោយតុលាការ ទាំង ២ ថ្នាក់មិនបានផ្តោតទៅលើភ័ស្តុតាង ដែលនាំឱ្យមានការចោទប្រកាន់លើកូនក្តីរបស់លោកទេ។
តាមអង្គហេតុនៃសំណុំរឿងនេះបង្ហាញថា ជនជាប់ចោទបានចូលមកប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៣ ហើយបានធ្វើជាគ្រូបង្រៀននៅសាលាឯកជនមួយក្នុងក្រុងសៀមរាប។ លុះក្រោយមកបានរៀបការជាមួយស្ត្រីខ្មែរ ឈ្មោះ ព្រិន សាវ៉េត មានកូនស្រី ២ នាក់ដែលកូនបងអាយុ ១១ ឆ្នាំ និងកូនទី ២ អាយុ ៧ ខែ។ នៅពេលនោះប្អូនស្រីរបស់ស្ត្រី ព្រិន សាវ៉េត បានផ្ញើកូនស្រីម្នាក់ ឈ្មោះ ល.ណ. អាយុ ១៣ ឆ្នាំឱ្យស្នាក់នៅជាមួយ មួយរយៈ។
អង្គហេតុនៃសំណុំរឿងនោះបានបន្តថា ក្នុងរយៈពេលស្នាក់នៅនោះ ខណៈប្រពន្ធមិនបាននៅផ្ទះ លោក MATTHEW WILLIAM តែងប្រឡែងលេងជាមួយក្មេងស្រីហើយយកដៃលេងប្រដាប់ភេទក្មេងរងគ្រោះទៀតផង។
សំណុំរឿងនេះត្រូវបានសាលាដំបូងខេត្តសៀមរាបបើកសវនាការ និងប្រកាសសាលក្រមនៅខែតុលា ឆ្នាំ ២០២០ ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ និងពិន័យប្រាក់ ៤ លានរៀលចូលថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យជនជាប់ចោទសងទៅម្តាយក្មេងស្រីរងគ្រោះចំនួន ១០ លានរៀលផងដែរ។ ក៏ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះ ជនជាប់ចោទបានប្តឹងទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ហើយត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបងប្រកាសសាលដីកានៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការដដែល៕