ភ្នំពេញៈ នាយកដ្ឋាន​វិទ្យុទាក់ទង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​និយតករ​ទូរគមនាគមន៍​កម្ពុជា កំពុង​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​វិទ្យុទាក់ទង​ (​អាយកូម​) ​ដែលជា​ផ្នែក​នៃ​ការបង្ក្រាប​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​លក់​វិទ្យុទាក់ទង​ត្រូវសុំ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៤ ឧសភា ថា នាយកដ្ឋាន​វិទ្យុទាក់ទង​កំពុង​តែបន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អាជីវកម្ម​លក់​វិទ្យុ​ទាក់ទង ដែលជា​ប្រតិបត្តិការ​លើកដំបូង​ដែលមាន​ទាំង​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់ និង​មាន​កិច្ចសហការ​ពី​ខាង​និយតករ​ទូរគមនាគមន៍​កម្ពុជា​។

លោក​ពន្យល់ថា តាមពិតទៅ​កិច្ចការ​នេះ មិនមែន​ជា​កិច្ចការ​របស់​នាយកដ្ឋាន​វិទ្យុ​ទាក់ទង​ទេ តែ​ជា​កិច្ចការ របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា ដែល​បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដែលមាន​នាយកដ្ឋាន​វិទ្យុ​ទាក់ទង ដើម្បី​ចូលរួម​ប្រតិបត្តិការ​។ កិច្ចសហការ​នេះ​គឺ​ដើម្បី​បង្ក្រាប​ការធ្វើ​អាជីវកម្ម​វិទ្យុទាក់ទង​ខុសច្បាប់​ ឬ​គ្មាន​ច្បាប់​អនុញ្ញាត​។ ទន្ទឹមនឹងនេះ​កម្លាំងចម្រុះ ក៏​នឹងធ្វើ​ការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​វិទ្យុទាក់ទង​ខុសច្បាប់​ទាំងនោះ​ឱ្យ​ពួកគាត់​ទៅសុំ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​ករណីនេះ ខ្ញុំ​ក៏​មិនទាន់​បាន​ទទួល​របាយការណ៍​លម្អិត​ដែរ ព្រោះ​បងប្អូន​យើង​កំពុង​តែធ្វើការ ប៉ុន្តែ​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​វិទ្យុទាក់ទង​យើង​បាន​កំពុង​ធ្វើ​ហើយ​។ តែ​គោលការណ៍​នេះ​គេ​ចុះ​ពិនិត្យ​ណែនាំ​សិន លើកលែង​តែ​គាត់​រឹងទទឹង​គឺ​ត្រូវអនុវត្ត​តាមច្បាប់​»​។

លោក ឈឿន ប៊ុនឆន ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យដឹង​នៅ​ថ្ងៃទី ​៤​ ឧសភា ថា កាលពី​ថ្ងៃទី​ ២ ​ឧសភា កម្លាំង​នាយកដ្ឋាន​វិទ្យុទាក់ទង​បាន​ចុះ​ប្រតិបត្តិការ​នៅ​ម្តុំ​ផ្សារ​ទួលទំពូង​ហើយ​ប្រតិបត្តិការ​នេះ​ក៏​កំពុង​នៅតែ​បន្ត​ដែរ​។ ទីតាំង​លក់​វិទ្យុទាក់ទង​ក៏មាន​ច្រើន​ទីតាំង​ដែរ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​លោក​ក៏​មិនអាច​បញ្ជាក់ប្រាប់​ពី​ចំនួន​ពិតប្រាកដ​បានដែរ ព្រោះ​សមត្ថកិច្ច​កំពុងតែ​បន្តធ្វើ​ការងារ​នេះ​នៅឡើយ​។

លោក​ថ្លែងថា​៖ «​យើង​បានកំណត់​គោលដៅ​បាន​អស់ហើយ ហើយ​បើ​គិតដល់​ថ្ងៃនេះ​ (​ថ្ងៃទី​ ៤ ​ឧសភា​) ​យើង​អនុវត្ត​ការងារ​បាន​ប្រហែលជា​ពី​ ៥០​ ទៅ​ ៦០ ​ភាគរយ​ហើយ ហើយ​យើង​ធ្វើ​ទាល់តែ​អស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ឈានទៅ​ទូទាំង​ប្រទេស​តែម្តង​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ព្យាយាម​ទាក់ទង​ទៅ​និយតករ​ទូរគមនាគមន៍​កម្ពុជា​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល ដើម្បី​សុំ​ការពន្យល់​បន្ថែម ប៉ុន្តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប​នៅឡើយ​៕

វីដេអូ៖