សៀមរាបៈ/មណ្ឌលគិរីៈ ក្រុម​ចល័ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​បាន​សហការគ្នា​ចុះ​ឃាត់​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​ ៤ ​គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៦ ក្នុងភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង នៅ​ថ្ងៃទី​ ៣ ឧសភា ខណៈ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ ៤​ គ្រឿង ពេល​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស​។

លោក​ ម៉ុង ប៊ុនលីម ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៣ ឧសភា​ថា ក្នុង​ប្រតិបត្តិការ​នេះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដកហូត​ធ្យូង​សុរប ​៦១៧ ការុង ស្មើនឹង ១ ២៣៤០ គីឡូក្រាម យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​។

លោក​ប្រាប់ថា ក្រោយ​ឃាត់​បាន​វត្ថុតាង មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់ ព្រំប្រទល់​សហគមន៍​ព្រៃឈើ​ទឹកជប់ ខ្នារ​ពោធិ៍ ព្រំប្រទល់ ប៉ែក​ខាងលិច (​ដែលមាន​ប្រជាជន​រស់នៅ​) ប្រវែង ២ ៤២០ ​ម៉ែត្រ លើ​និយាមការ​ចំនួន ៦ ​ចំណុច គឺ​បញ្ជាក់ថា​រ៉ឺម៉ក​ធ្យូង​ទាំង​ ៤ ​គ្រឿង​នេះ​ប្រជាពលរដ្ឋ​បាន​ដឹកជញ្ជូន​ឆ្លងខេត្ត​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ​មិនបាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​នោះទេ ព្រោះ​តាមច្បាប់​មិន​តម្រូវឱ្យ​ឃាត់ខ្លួន​។ លោក​ថា ក្នុងករណី​បែបនេះ​មន្ត្រី​ជំនាញ​ត្រូវ​ទុកពេល​វេលា​ឱ្យ​ម្ចាស់​វត្ថុតាង​ចូលខ្លួន​បង់ពិន័យ​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​បានជា​យើង​ធ្វើ​ការឃាត់​រ៉ឺម៉ក​ដឹក​ធ្យូង​ទាំងនេះ​ដោយសារ​តែ​ពួកគាត់​មិនមែន​ប្រើប្រាស់​ក្នុង​ខេត្ត​ទេ គឺ​នាំ​ចេញទៅ​ក្រៅ​ខេត្ត អ៊ីចឹង តាមច្បាប់ គឺ​យើង​ត្រូវធ្វើ​ការពិន័យ​ព្រោះ​ច្បាប់​មិនត្រូវ​ការចាប់​មនុស្ស​ទេ ក្នុង​ករណី​បែបនេះ​»​។ លោក ម៉ុង ប៊ុនលីម ប្រាប់ថា ការចុះអនុវត្ត​ការងារ​នេះ​គឺ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សូទ្រនិគម និង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​សហការ​ជាមួយ​គណៈកម្មការ​សហគមន៍​ព្រៃឈើ​ទឹក​ជប់ ខ្នារ​ពោធិ៍ ក្រុមប្រឹក្សា ឃុំ​ខ្នារពោធិ៍​ ភូមិបាល​ស្រុក នគរបាល​ប៉ុស្តិ៍ មេភូមិ​ជប់​នឹង​ភូមិ​រំដេង​។

ដោយឡែក​នៅ​យប់​ថ្ងៃទី​ ២ ឈានចូល​ថ្ងៃទី​ ៣ ខែឧសភា សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​ ៤​ គ្រឿង ពេល​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា​នៃ​ខេត្តមណ្ឌលគិរី​នឹង​បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់​ការរង​ចំបក់ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។

ក្នុង​ការចុះ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ប្រភេទ​ឈើ​សុក្រំឡាំង​ ៨​ ជ្រុង​ចំនួន​ ១៩ ​ដើម រថយន្ត​សាំង​យ៉ុង​ពណ៌​ស ចំនួន​ ២​ គ្រឿង ពាក់​ស្លាក​លេខ 2A-5030 មួយទៀត គ្មាន​ស្លាក​លេខ និង​រថយន្ត​បាកុង​កែច្នៃ ២ ​គ្រឿង​។ រីឯ​ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​។

មន្ត្រី​ឧទ្យានុរក្ស​ស្នាក់​ការរង​ដើម​ចំបក់​ឱ្យដឹងថា ក្រុមការងារ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ជាពិសេស​ការដើរ​ល្បាត​ ប៉ុន្តែ​ក្រុម​ជនខិលខូច​នៅតែ​លួច​ប្រព្រឹត្ត​បទល្មើស​បាន​។ យ៉ាងណា​ក្តី​ក្រុមការងារ​បរិស្ថាន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ថែមទៀត​ដោយ​មិន​បណ្តោយ​ឱ្យ​ពួក​ជនល្មើស​ប្រព្រឹត្ត​អ្វី​តាម​អំពើ​ចិត្តបាន​នោះឡើយ​៕