
ក្រុមមន្ត្រីពាក់ព័ន្ធដែលចូលរួមក្នុងសិក្ខាសាលានៅខេត្តមណ្ឌលគិរី ពីថ្ងៃទី ៣ ឧសភា។ រូបថត ក្រសួងបរិស្ថាន
មណ្ឌលគិរីៈ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដមណ្ឌលគិរីរួមនឹងអង្គការដៃគូនៅថ្ងៃទី ៣ ឧសភា បានរួមគ្នាធ្វើសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការជួញដូរសត្វព្រៃក្នុងស្រុក និងឆ្លងដែន នៅក្នុងភូមិសាស្ដ្រខេត្ដមណ្ឌលគិរី។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរីលោក អ៊ាង សុគន្ធ ព្រះអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីរាជការនៃមន្ទីរបរិស្ថាន បុគ្គលិកអង្គការ WWF WCS Birdlife បុគ្គលិកជាតិ និងអន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីឧទ្យានុរក្សផងដែរ។
យោងតាមរបាយការណ៍នៃសិក្ខាសាលាគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកបទពិសោធមេរៀន និងលើកកម្ពស់សមត្ថភាពលើការងារកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូ ក្រៅរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់ និងការអភិរក្សជីវចម្រុះនៅតំបន់ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជានឹងបន្ថែមនូវការប្រមូលផ្តុំមន្ត្រី អ្នកគ្រប់គ្រង និងអ្នកអនុវត្តច្បាប់ ដែលពាក់ព័ន្ធទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះក៏មានគោលបំណង ដើម្បីចូលរួមពិភាក្សាទាក់ទងបញ្ហាសកម្មភាពអន្ទាក់ ការប្រមាញ់ ការជួញដូរ និងការធ្វើពាណិជ្ជកម្មសត្វព្រៃ ខុសច្បាប់ទាំងក្នុងប្រទេស និងឆ្លងដែនព្រមទាំងបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់កន្លងមកផងដែរ។ នេះបើយោងតាមរបាយការណ៍។
លោក ស៊ឹម យ៉ារ៉ែន ថ្លែងនៅក្នុងសិក្ខាសាលានេះថា សិក្ខាសាលានេះធ្វើឡើងក្នុងទិសដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃការជួញដូរសត្វព្រៃ បញ្ហាប្រឈម ការពង្រឹង ការអនុវត្តច្បាប់ និងដំណោះស្រាយផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់តទៅមុខទៀត។ លោកថ្លែងថា៖ «ធនធានធម្មជាតិ ដែលជារតនសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា និងអភិរក្ស និងត្រូវខិតខំប្រឹងប្រែងការពារឱ្យបានល្អ ដើម្បីជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា»។
លោកឱ្យដឹងថា កម្ពុជាដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវចម្រុះសរុបប្រមាណជិត ៥ ០០០ ប្រភេទរួមមានសត្វព្រៃ ព្រៃឈើ ជីវចម្រុះ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ ធនធានធម្មជាតិទាំងអស់នេះ មានសារ:សំខាន់ណាស់ សម្រាប់ចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់សុខុមាលភាព និងការរស់នៅរបស់ប្រជាជន។ កិច្ចការពារ និងថែរក្សាសម្បត្តិធម្មជាតិទាំងនេះ ស្ថិតក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបាននិងកំពុងយកចិត្តទុក្ខដាក់។
លោក ឈឹម កាន តំណាងឱ្យរដ្ឋបាលខេត្ដមណ្ឌលគិរីបានថ្លែងអំណរគុណដល់អង្គការសមាគមអភិរក្សសត្វព្រៃ (WSC) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានជួយសម្របសម្រួលរៀបចំសិក្ខាសាលាដ៏មានសារ:សំខាន់នេះឡើង។ លោកថ្លែងថា៖ «អង្គសិក្ខាសាលា នៅថ្ងៃនេះនឹងផ្តល់ជាសារ:ប្រយោជន៍ទៅដល់សហគមន៍មូលដ្ឋានក៏ដូចជា អាជ្ញាធរដែនដី មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ច្បាស់ពីផលប៉ះពាល់ និងយុទ្ធសាស្ត្រការងារគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ហើយចូលរួមការពារ និងអភិរក្សសត្វព្រៃឱ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសង្ឃឹមថា អង្គសិក្ខាសាលានេះនឹងផ្តល់សារ:ប្រយោជន៍ទៅដល់សហគមន៍មូលដ្ឋានក៏ដូចជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទាំងអស់បានយល់ច្បាស់ពីផលប៉ះពាល់នៃសកម្មភាពដាក់អន្ទាក់ ការប្រមាញ់ ការជួញដូរ និងការធ្វើពាណិជ្ជកម្មសត្វព្រៃរួមទាំងយុទ្ធសាស្ត្រគ្រប់គ្រងក្នុងដែនសមត្ថកិច្ចពីគ្រប់បណ្តាភាគី ដែលពាក់ព័ន្ធក្នុងកិច្ចការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕