ភ្នំពេញៈ កម្ពុជា​ និង​ក្រូអាស៊ី​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ​ស្តីពី​ការបង្កើត​កិច្ចពិគ្រោះ​យោបល់​ទ្វេភាគី​ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត។​

ការចុះ​ MoU ​នេះ​ធ្វើ​ឡើង​នាថ្ងៃទី ៤ ​ខែឧសភា​ ក្នុង​ជំនួប​ រវាង​លោក ​ចែម វីឌ្យ៉ា ​រដ្ឋលេខាធិការ ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ និង​លោក ​អ៊ីវ៉ាន​វឺលីមៀរ ​ស្តាសឺវ៉ិច ​(Ivan Velimir Starčević) ​ឯកអគ្គរាជ​ទូត​តែង​តាំង​ថ្មី​នៃ​ប្រទេស​ក្រូអាស៊ី​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​កម្ពុជា។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃ​ទី៤ ​ឧសភា ថា​៖«ក្នុង​ឱកាស​នោះ​ផងដែរ ​ភាគី​កម្ពុជា ​និង​ក្រូអាស៊ី​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត​កិច្ចពិគ្រោះ​យោបល់​ទ្វេភាគី ​ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង២​បន្ថែម​ទៀត»។

នៅ​មុន​ជំនួប​នេះ ​លោក​ Starčević ​ បានចូល​ក្រាបបង្គំ​គាល់​ថ្វាយ​សារ​តាំង ​ចំពោះ​ព្រះភ័ក្រ ​ព្រះករុណា ​ព្រះបាទ​សម្តេច​ ព្រះបរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក​លុយ ដាវីត ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ​ក្នុង​ជំនួប​នា​ថ្ងៃទី៤​ ខែ​ឧសភា​ ភាគី​ទាំង២​ បានផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​ដែល​ជា​ផលប្រយោជន៍​រួម​មួយចំនួន​ ហើយ​លោក ​Starčević​ ដែលបាន​ចូលរួម​ក្នុង​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ី-​អឺរ៉ុប​(ASEM)​កន្លង​មកនេះ ​លោក​បានសម្តែង​ការអបអរ​សាទរ​«យ៉ាង​កក់ក្តៅ»​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ជាប្រធាន​ASEM ​លើក​ទី១៣ ​កាលពី​ឆ្នាំ២០២១។

គួរ​បញ្ជាក់ថា ​កាល​ពី​ថ្ងៃទី៧ ​និង​ថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០២១​ កម្ពុជា​បាន​ធ្វើជា​សហប្រធាន​ជាមួយ​សហភាព​អឺរ៉ុប​ដឹកនាំ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ី-​អឺរ៉ុប​(ASEM SOM)​ តាមរយៈ​ប្រព័ន្ធ​វីដេអូ ​ដែល​មាន​ការចូលរួម​ពី​ឧត្តម​មន្ត្រី​ នៃ​បណ្តា​ប្រទេស​ជាដៃគូ ​ASEM ​ចំនួន​៥១រូប​ និង​តំណាង​មកពី​សហភាព​អឺរ៉ុប​ លេខាធិការដ្ឋាន​អាស៊ាន ​និង​មូលនិធិ​អាស៊ី​-អឺរ៉ុប​(ASEF)។

លោក​ Starčević ​នា​ថ្ងៃទី៥ ​ខែឧសភា ​បានជួប​ជាមួយ​លោក​សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា។

លោក​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នា​ថ្ងៃទី៥ ​ខែឧសភា ​ថា​តាមរយៈ​ការ​ចុះMoU រវាងប្រទេស​ទាំង២នេះ​ គឺ​ជាផ្នែក​មួយ​នៃ​ការ​អនុវត្ត​ពិពិធកម្ម​ការទូត​របស់​កម្ពុជា ​ប៉ុន្តែ​កន្លងមក​ ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា ​និង​ក្រូអាស៊ី​ ដូចជា​មិន​មាន​លក្ខណៈ​ពិសេសអ្វី​នោះ​ទេ។ ​វា​គឺជា​ទំនាក់​ទំនង​ធម្មតា។

លោក​ថា ​កម្ពុជា​មិនទាន់​មាន​ការដាក់​ស្ថានទូត​របស់​ខ្លួន​នៅ​ក្រូអាស៊ី ​ហើយ​ក្រូអាស៊ី​ ក៏​មិន​ទាន់ដាក់​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​ផងដែរ។ ទោះយ៉ាង​ណា ​ការដែល​រដ្ឋាភិបាល​កម្ពុជា​ពង្រីក​ទំនាក់ទំនង​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​កាន់តែ​ច្រើន​ គឺ​កាន់​តែ​ប្រសើរ​ដើម្បី​ឱ្យ​កម្ពុជា​មាន​ពិពិធកម្ម​ការទូត​របស់​ខ្លួន៕