The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈ​កម្មការ​អន្តរ​ក្រសួង​ ជំរុញ​ឲ្យ​សមត្ថ​កិច្ច​បន្ត​ចុះ​ល្បាត​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​

គណៈ​កម្មការ​អន្តរ​ក្រសួង​ ជំរុញ​ឲ្យ​សមត្ថ​កិច្ច​បន្ត​ចុះ​ល្បាត​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​

Content image - Phnom Penh Post
សមត្ថកិច្ចពេលចុះបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ៤ ឧសភា ។ រូបថត ប៉ូលិស

គណៈ​កម្មការ​អន្តរ​ក្រសួង​ ជំរុញ​ឲ្យ​សមត្ថ​កិច្ច​បន្ត​ចុះ​ល្បាត​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​

ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​នេ​សាទ​នៅ​បឹង​ទន្លេ​សាប​បន្ត​ជំរុញ​យន្ត​ការចុះ​ល្បាត​ស្រា​វជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ទូទាំង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេ​សាប​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ធន​ធាន​មច្ឆ​ជាតិ​បាន​ប្រសើរ​ប្រកប​ដោយ​ចីរភាព​បន្ទាប់​ពី​រង​ភាព​ខ្ទេច​ខ្ទាំ​ដោយ​សារ​បទ​ល្មើស​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​បន្ទា​ប់ពី​កិច្ច​ប្រជុំ​បូកសរុប​របាយ​ការណ៍​រយៈ​ពេល​២​ខែ​នៃ​ការ​អនុវត្ត​បទ​បញ្ជារ​បស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ស្ដីពី​ការ​បង្ក្រាប​បទល្មើស​ជល​ផល​ជុំវិញ​បឹង​ទន្លេ​សាប​ដោយ​គ្មាន​ការ​លើក​លែង។

លោក​ អ៊ឹង ទ្រី អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ជល​ផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៥​ខែឧសភា​ថា​កាល​ពី​ថ្ងៃទី២ ខែ​ឧសភា គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​នេ​សាទ​នៅ​បឹង​ទន្លេ​សាប​បាន​បើក​កិច្ច
ប្រជុំ​វាយ​តម្លៃ​លើ​លទ្ធ​ផល​បង្ក្រាប​បទ​ល្មើស​ជល​ផល​នៅ​បឹង​ទន្លេ​សាប​ក្នុង​ពេល​កន្លង​មក​និង​លើក​ទិស​ដៅ​សម្រាប់​ការ​អនុវត្ត​បន្ត​ដើម្បី​ធានា​ឲ្យ​បាន​នូវ​និរ​ន្ត​រ​ភាព​ធន​ធាន​ជល​ផល​ក្នុង​បឹង​ទន្លេ​សាប​។

លោក​បាន​បន្ត​ថា​ ក្នុង​កិច្ច​ប្រជុំ​នោះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​បន្ត​សហ​ការ​បន្ថែម​ទៀត​ក្នុង​ការចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេ​សាប ដើម្បី​កុំ​ឲ្យ​ជន​ប្រព្រឹត្ត​ល្មើស​បន្ត​លួច​ធ្វើ​សកម្ម​ភាព​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា៖«​ជា​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​នោះ​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ទប់​ស្កាត់និ​ង​បង្ក្រាប​បទល្មើស​នេ​សាទ​នៅ​បឹង​ទន្លេ​សាប​បាន​ឯកភាព​គ្នា​ទៅ​លើ​វិធាន​ការ​ចំនួន​២ជា​ចម្បង​គឺ​វិធាន​ការ​ចំពោះ​មុខ​និងវិធាន​ការ​រយៈពេល​ម​ធ្យ​ម និង​រយៈ​ពេល​វែង»​។

បើតា​មលោ​ក អ៊ឹង ទ្រី វិធានកា​រ​ចំពោះ​មុខ​នេះគឺ​ផ្ដោត​សំខាន់​លើ​ការបោះ​បង្គោល​ព្រំប្រ​ទល់រ​ង​ក្នុង​តំបន់​អភិរក្ស​ជល​ផល ​ការរក្សា​កម្លាំង​ចម្រុះ​ថ្នាក់​ជាតិ​និង​បញ្ជា​ការ​ស្រាល​ខេត្ត​ទាំង​៦​នៅលើ​ទីតាំង​ឈរ​ជើង​ក្នុង​បឹង​ទន្លេ​សាប ការ​ត្រួត​ពិនិត្យ​ស្រាវ​ជ្រាវ​ពី​ប្រភព​នៃ​ការ​ផលិត​មធ្យោ​បាយ​បម្រើ​ឲ្យ​បទ​ល្មើស ជំរុញ​លើកទឹ​កចិត្ត​ឲ្យ​ប្រជា​សហ​គមន៍​ព្រៃ​ឈើឱ្យ​រួមស​ហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ​ស្រាវ​ជ្រាវ​និង​ទប់​ស្កាត់​និង​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើកូ​នឈើចូ​លទៅក្នុង​បឹង​ទន្លេ​សាបក្នុង​គោល​ដៅ​ធ្វើ​សកម្មភា​ព​បទ​ល្មើស​នេសា​ទនិង​ការ​រៀបចំ​ស្ដារ​និង​គ្រប់​គ្រង​បឹង​ទន្លេ​ឆ្មារដើម្បី​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ធន​ធាន​ជល​ផល​..​.។

ចំណែ​ក​វិធា​នការ​រយៈពេល​មធ្យមនិង​វែង​វិញគឺ​ផ្ដោត​សំខាន់​លើ​ការជំរុញ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ជល​ផល​និង​ការរៀបចំ​លិខិត​គតិ​យុត្ត​ក្រោម​ច្បាប់​លើ​ការ​ងារ​ជល​ផលដើ​ម្បី​ជា​មូលដ្ឋាន​អនុវត្ត​និង​ធានា​បាន​ធន​ធាន​ជលផល​ប្រកប​ដោយ​នីរ​ន្ត​រ​ភាព ការចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ជលផលនិ​ងលិខិ​តគតិ​យុត្ត​ ក្រោម​ច្បាប់​លើ​ការងារ​ជល​ផល ដល់​ប្រជា​ពលរដ្ឋ​នៅតាម​ស​ហគមន៍​មូល​ដ្ឋាន​ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​គោរព​ច្បាប់​និង​ការរៀប​ចំ​កសាង​សារ​មន្ទីរ​ជល​ផល​នៅ​តាម​បណ្ដា​ខេត្តដើម្បី​​រក្សាទុ​ក​ឧបករណ៍​ខុ​សច្បាប់​ដែល​បាន​រឹបអូស​ពីបទ​ល្មើសស​ម្រាប់​ជាកា​រ​សិក្សា​ស្រាវ​ជ្រាវ​ពី​វិធី​សាស្ត្រផ្សេ​ងៗរ​បស់​ជន​ប្រ​ព្រឹត្ត​បទ​ល្មើស​។

ទន្ទឹម​នឹង​នេះ​លោក​ទ្រី បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ច​ប្រជុំ​នោះក៏​បាន​បង្ហាញ​នូវ​របាយ​ការណ៍​ស្ដីពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​របស់​លោក​នាយ​ករដ្ឋ​មន្ត្រី​ក្នុង​រយៈ​ពេល​២ខែ​​គឺ​ចាប់​ពី​ថ្ងៃទី​២ខែ​មីនាដល់​​ថ្ងៃទី១​ខែឧស​ភា ឆ្នាំ
២០២​២ ដោយ​សមត្ថ​កិច្ចពា​ក់ព័ន្ធ​បាន​ចាប់​និង​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាកា​រ​ចំនួន​៤៤​នាក់​ក្នុងនោះ​២៤​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​និង​២០​នាក់​ទៀត​ត្រូវ​បាន​តុលា​ការចេញ​ដីកាកោះ​​ឲ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​កា​រប្រព្រឹ​ត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​។រីឯមនុ​ស្ស៤៣២៦​នាក់​ត្រូវបាន​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្ម​ភាពលួ​ច​ឆ្មក់​ចូល​ទៅ​រាវ​លៀស​ឬ​បង់​សំណា​ញ់​ចាប់​ត្រី​ក្នុង​តំបន់​អភិរក្ស​​ត្រី​មេ​ពូជ​។

ចំណែ​ក​វត្ថុ​តាង​ដែល​ជា​មធ្យោបា​យ​បម្រើ​ឲ្យ​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​មួយចំ​នួន​ដែលបា​នដ​កហូត​​រួមមាន កាណូត​៧០​គ្រឿង,ម៉ា​ស៊ីន​កាណូត​២៥​គ្រឿង,អួន​អូស​ទឹកសាប​៣៤វង់​,ម៉ាញ់៣​វង់,ឆក់​ត្រជាក់​ឆក់​ក្ដៅ​៥៥​គ្រឿង, ឈិ​​ប​យន្ត៥​គ្រឿង,​អួន​ហ៊ុម​១៦​វង់,របាំង​ស្បៃ​មុង​ឬ​សាច់​អួន៤៩ ៤១០ម៉ែត្រ,លូ​ឬ​លប ៤៣៥​មាត់ និង​បង្គោល​ឬ​ចម្រឹង ​៥៨ ៥០៤​ដើម។

ថ្វីបើ​​យ៉ាង​ដូច្នេះ​ក្ដីបទល្មើស​​នេសាទ​នៅតែ​បន្ត​ឃើញ​មាន​នៅ​ក្នុងភូមិ​សាស្ត្រ​ជុំវិញ​តំបន់​បឹង​ទ​ន្លេសាប​ជាពិ​សេស​បទ​ល្មើស​ដាក់​សម្រាស់​។ នេះ​បើ​តាម​ការអះអា​ង​របស់​លោក​ អូត ឡុង សមាជិក​សម្ព័ន្ធ​សហ​គន៍​នេសា​ទ​កម្ពុ​ជា ក្នុង​ខេត្ត​ពោធិ៍សា​ត់​។

លោក​បាន​ឱ្យ​ដឹង​ថា កាលពី​ពេលថ្មីៗ​នេះ ក្រុមកា​រងារ​របស់​លោករួម​ជាមួយ​សមត្ថ​កិច្ច​ចម្រុះបាន​​ចុះ​ល្បាត​ ហើយ​បាន​ប្រទះឃើ​ញ​បទល្មើស​នេសាទ​ដាក់​សម្រាស់​ជា​ច្រើន​កន្លែ​ងក្នុង​ស្រុក​កណ្ដៀង​នាពេល​កន្លេង​មក​។

លោក​​ថ្លែងថា​៖«បទល្មើស​សម្រាស់គឺ​​ទាក់ទា​ញ​ឲ្យ​ត្រី​កុំហើយ​បន្ទាប់មក​គេ​ប្រើ​សំណាញ់​​សាច់​​អួន​ហ៊ុម​ព័ទ្ធ​ដើម្បី​ចាប់យ​ក​ទាំង​តូច​ទាំង​ធំ។ក្រៅពី​បំផ្លាញ​ធនធា​ន​មច្ឆជា​តិ បទ​ល្មើស​នេះ​ស​ម្រះនេះបាន​រួម​ចំណែក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាងធ្ង​ន់ធ្ងរ​ដល់​ធនធាន​ព្រៃ​លិច​ទឹក​និង​ជីវ​ចម្រុះ ព្រម​ទាំង​ប្រព័ន្ធ​អេកូឡូ​ស៊ី​នៃ​បឹង​ទ្លេ​សាប​ផងដែ​រ»។

យ៉ាង​ណាក្ដីលោ​ក​ថាក្រោ​យពីអា​ជ្ញាធរ​ចាត់វិ​ធាន​ការ​ចុះ​ស្រាវ​ជ្រាវ​និង​បង្ក្រាប​យ៉ាងស​កម្មក្រុម​​ជនល្មើស​ហាក់​ដូច​ជា​រ​អាមិន​ហ៊ាន​ចេញ​ធ្វើ​សកម្ម​ភាព​ក្នុង​ទ្រង់​ទ្រាយ​ធំ និង​បើក​ចំហ​ដូច​មុន​​ទេ​។

ជុំវិ​ញ​ករណី​នេះ លោក ភុំ វិមល ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តពោធិ៍​សាត់បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​សប្ដាហ៍​ខាង​មុខ​នេះក្រុ​ម​សមត្ថ​កិច្ច​ចម្រុះ​ថ្នាក់​ខេត្តនឹ​ង​បន្ត​ចុះ​ស្រាវជ្រា​វ​និង​បង្ក្រាប​បទ​ល្មើស​ស​ម្រះ​នេះនៅក្នុង​ស្រុកក​ណ្ដៀងនិ​ងស្រុក​បាកានដោយ​​សារស្រុក​ទាំង២នេះ​ត្រូវបាន​រកឃើញ​ថានៅ​មាន​បទល្មើស​ស​ម្រាស់​ច្រើន។ ប៉ុន្តែ​មិនមែ​នជា​បទល្មើ​ស​ដែល​ទើប​កើតឡើង​ថ្មី​ទេ។

លោក​ថ្លែង​ថា៖«បទល្មើស​ឆក់និង​អូស​អួន​ដោយ​ប្រើ​កាណូតធំៗ​ត្រូវបាន​​បង្ក្រាប​អស់ហើយនៅឡើ​យ​តែ​បទ​ល្មើស​ដាក់​ស​ម្រាស់ដែ​ល​ក្រុម​ជនល្មើស​បាន​លួច​បង្កប់ នៅក្នុ​ង​ទឹក ជា​យូ​រមក​ហើយ​»។

​បើតាម​លោក ​វិមល នៅ​ពេលនេះ​ក្រុម​ការងារ​រប​ស់លោកកំ​ពុង​បន្ត​ចុះ​ដាំ​បង្គោល​កំណត់​ព្រំប្រ​ទល់​​តំបន់​អភិរក្ស​ធន​ធាន​ជល​ផល​ដែល​មក​ទល់​ពេល​នេះ​បាន​សម្រេច​ជាង​៧០​ភាគរយ​ហើយ​និង​កំពុង​បន្ត​រៀបចំ​ធ្វើ​ជំរំ
សុវ​ត្ថិភាព​សម្រាប់​ត្រី​ពង​កូនដោយ​ដាំ​បង្គោល​និង​ទម្លាក់​គល់​ឈើធំ​ៗក្នុ​ង​តំបន់​អភិរក្ស​ត្រី​ពូជដើម្បី​ការពារ​ការ​កុំ​ឲ្យ​ក្រុម​ប្រ​ព្រឹត្ត​បទ​ល្មើស​លួច​ឆ្មក់​ចូល​មក​នេសាទ​ត្រី​ខុស​ច្បាប់​ក្នុង​តំបន់​អ​ភ​រិ​ក្សបាន​​។

ផ្អែក​តាម​វិធាន​ការ​ស្ដារ​និង​អភិរក្ស​ធនធា​ន​ជលផ​ល​ក្នុង​បឹង​ទន្លេ​សាប​និងការ​បេ្ដ​ជ្ញា​ចិត្ត​រួម​គ្នាបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទ​ន្លេសា​ប​នេះត្រូវបាន​គេ​រំពឹងថានៅ​ឆ្នាំ​បន្តប​ន្ទាប់​ខាងមុ​ខនេះទិន្ន​ផល​ត្រី​ក្នុង​បឹង​ទន្លេសា​ប​នឹងមាន​ការ​កើន​ឡើង​បើទោះជា​មិន​សម្បូរ​ដូច​អំឡុង​ទស​វត្ស​រិ៍​ឆ្នាំ១៩៨០​ក៏ដោយ។​

លោកសុ​ខ ទូច ប្រធាន​រាជបណ្ឌិ​ត្យ​សភា​កម្ពុជា​ដែល​បាន​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវជ្រាវ​បទល្មើស​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​​កន្លង​ទៅ​បានលើ​កឡើ​ង​ថា​មាន​ចំណុច​ចំនួ​ន៤ដែល​បង្ហាញ​ថា​ត្រី​នឹង​កើន​ឡើងវិញ​គឺ​ការឈប់​នេសាទ​ខុស​នឹង​ច្បាប់​ជល​ផល កុំ​នេសាទ​នៅ​រដូវ​ត្រី​ពង​ ត្រូវ​អភិរក្ស​តំបន់​ទន្លេ​ឆ្មារ​និង​សំខាន់​មួយទៀត​គឺ​រក្សា​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន។

លោក​មានប្រ​សា​សន៍ថា៖«ទោះយ៉ាងណា​​ទិន្នផល​ត្រី​នឹង​មិនអាច​កើន​ដូចដើម​វិញ​ទេ​ប្រសិនបើ​ទឹក​បឹង​នៅតែ​បន្ត​គោក​រាក់នៅ​រដូវប្រាំង​ហើយ​ការប្រើ​ប្រាស់​ថ្នាំ​គីមី​នៅតែ​បន្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប។តែបើ​ការងារ​នេះ​ត្រូវបាន​ធ្វើឡើង​ប្រកប​ដោយ​ឆន្ទៈ នោះ​ត្រី​នឹង​ត្រឡប់​មក​ដូចដើម​វិញ​ដោយ​ប្រើប្រាស់​ទន្លេ​ឆ្មារ​ជា​ប្រភព​វារីវប្បកម្ម»​។

ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប​មិនត្រូវ​បាន​បង្ហាញ​ជាក់​លាក់​ទេក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ខណៈ​មានក្ដីបារម្ភ​​ថា​ធនធា​ន​ត្រី​បាន​ធ្លាក់ចុះ​ទាប​និង​បន្ត​បាត់បង់​ជា​រៀងរា​ល់ឆ្នាំ។​ក៏ប៉ុន្តែ​បើតាម​របាយការណ៍​ក្រសួងកសិ​កម្ម​នៅក្នុង​ឆ្នាំ​២០២១​ប្រទេស​កម្ពុ​ជាមាន​ទិន្នផល​ត្រី​ទឹកសាប​សរុប​ជាង​៣៨​ម៉ឺន​តោន​ដែល​មាន​ប្រាក់ចំ​ណូល​ជាង១,៧ ​ពាន់​លាន​ដុល្លារ​។

កា​លពី​ថ្ងៃទី២៣​ខែមីនា​ឆ្នាំនេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​កងទ័ព​និង​កង​កម្លាំង​នគ​របាល​ចូលរួម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ចុះបង្ក្រាប​​បទល្មើស​នេសា​ទ​ខុសច្បា​ប់​នៅលើ​បឹង​ទន្លេ​សាប​ក្រោយ​លោក​ទទួល​បាន​ព័ត៌មាន​ថា​មាន​បទ​ល្មើស​នេសាទ​​ក្នុង​ទ្រង់ទ្រា​យ​ធំ។ទន្ទឹ​មនឹង​នេះលោក​បាន​ជំរុញ​ឲ្យ​ដាំដុះ​ដើម​ឈើ​លើដី​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេ​សាប​ជាង​៧ម៉ឺន​ហិកតាដែល​ទើប​រឹបអូស​ពី​ក្រុម​ជន​​បទល្មើស​ថ្មីៗ​នេះ​ឡើង​វិញ​ផងដែរ​។

ជុំវិញ​ករណី​នេះ រដ្ឋបាល​ខេត្តសៀមរា​ប នៅ​ថ្ងៃទី៥​ ខែឧសភា ​ឆ្នាំ២០២២​បាន​សហការ​ជាមួយ​ក្រសួងប​រិស្ថាន​បាន​បន្ត​ដាំ​កូន​ឈើ​១៥​០០០ដើម​លើ​ផ្ទៃដី​៣៥​ហិកតា នៅ​តំបន់​ព្រៃ​លិច​ទឹក ក្នុង​តំបន់៣ នៃ​បឹង​ទន្លេ​សាប​ក្នុងភូមិ​សាស្ត្រ​ សង្កាត់​ចុង​ឃ្នា​ស ក្រុង​សៀម​រាប ។

លោក ​ពិន ប្រាកដ អ​ភិបាល​រង​ខេត្តសៀ​មរាប​ បាន​ថ្លែងថា ស្របតា​ម​យុទ្ធសា​ស្ត្រ​របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា រ​ដ្ឋបាល​ខេត្តសៀ​មរា​បបាន​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃ​លិច​ទឹក​តំបន់​៣ក្នុ​ងភូមិ​សាស្ត្រ​ខេត្ត​សៀមរា​បដើម្បី​ធ្វើ​ឲ្យ​មាន​ជីវ​ចម្រុះ​សម្បូរ​បែប និង​លើក​ស្ទួយ​ជីវភាព​សហ​គមន៍​ឱ្យកាន់​តែប្រ​សើរ​ឡើង​ ។

ចំ​ណែក លោក សេន ណា​ស៊ី រដ្ឋលេខាធិកា​រ​ក្រសួង​បរិ​ស្ថាន បាន​ចាត់​ទុក​ការចូ​លដាំ​​ស្តារ​ព្រៃ​លិច​ទឹក​ឡើង​វិញ​នេះ​ថាជា​ការ​ទទួល​ខុសត្រូវ​លើ​ការគ្រ​ប់គ្រង​ធនធា​នធម្ម​ជាតិ អនាគត​​ភូមិ ឃុំ និង​ជា​ជោគ​វាសនា​នៃ​មាតុ​ភូមិ​កម្ពុជា។​

បើតាម​​លោក ​ណា​ស៊ី នេះ​ជា​លើក​ទី២ហើ​យដែល​មា​នការដាំ​កូនឈើ​ស្តា​​​ព្រៃ​លិច​ទឹក​ឡើង​វិញនៅតំ​បន់៣នៃ​ភូ​មិ​សាស្ត្រ​ខេត្ត​សៀម​រាបដោ​យ​លើក​ទី១​នៅ​ថ្ងៃទី​២៥​ខែម​ករាឆ្នាំ​២០២២​ដោយ​ដាំចំនួន​២០០០​ដើមលើ​ដី​ទំហំ​៥​ហិក​តា​៕

អត្ថបទគួរចាប់អារម្មណ៍