ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​លោក ម៉ម ប៊ុ​នហេង បាន​លើក​ឡើង ពី​កង្វះ​ឆ្មប​ជំនាញ​ នៅ​កម្ពុជា ស្រប​ពេល​បច្ចុប្បន្ន​មាន​ឆ្មប​ជាង ៦ពាន់​នាក់ ទាំង​ផ្នែក​រដ្ឋ និង​ឯក​ជន ខណៈ​លោក​ក៏ជំរុញ​ដល់​ភាគី​ពាក់​ព័ន្ធ​​ត្រូវ​គិត​គូ​ ពីការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ លើវិស័យ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជា​ជន។

ការ​លើក​ឡើង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង នា​ឱកាស​ក្រសួង​សុខា​ភិបាល រួម​នឹង​អង្គការ​ UNFPA ប្រចាំ​កម្ពុជា តំណាង​អង្គការ​ CHAI ប្រចាំ​កម្ពុជា និង​អង្គការ​ដៃ​គូអភិវឌ្ឍន៍ បាន​ប្រារព្ធ ទិវា​ឆ្ម​បជាតិ​ ៥​ឧសភា ២០២២ ក្រោម​ប្រធាន​បទ «ការ​វិនិ​យោគ​លើ​ឆ្មប ដើម្បី​ពង្រឹង​ការ​ថែទាំ​សុខ​ភាព​ប​ឋម សំដៅ​ឈាន​ទៅ​ដល់​ការ​គ្រប​ដណ្តប់​សុខ​ភាព​ជាសកល​» កាល​ពីថ្ងៃ​ទី​៥​ខែឧសភា​នេះ​។

លោក ម៉ម ប៊ុន​ហេង បាន​លើក​ថា៖ «យើង​មាន​ឆ្មប​ទូទាំង​ប្រទេស ​៦ ៦៨៨ ទាំង​ផ្នែក​រដ្ឋ​ និង​ប្រតិ​បត្តិ​ផ្នែក​ឯកជ​ន​ផង។ ខ្ញុំ​យល់​ថា មនុស្ស​យើង​ នៅ​កើត​បន្ត​ទៀត កាល​ណា​កើត​ត្រូវ​មាន​ឆ្មប​បន្ត​ទៅ​មុខ​ទៀត​ ដូច្នេះ យើង​ត្រូវ​គិត​គូរ​អំពីផែន​ការទា​ក់​ទង​វិជ្ជាសាស្រ្ត​ ហើយ​នឹង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​របស់​យើង ដើម្បី​ឱ្យសម​ស្រប​​ទៅ​នឹង​តម្រូវការ​របស់​ប្រជាព​លរដ្ឋ​»។

យ៉ាងណា​ក៏ដោយ​លោក បាន​ថ្លែង​អំណរ​គុណចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​អស់​ពីកំលាំង​កាយ​ចិត្ត របស់​រាជរដ្ឋា​ភិបាល មន្ត្រី​សុខា​ភិបាល អាជ្ញាធរ​ និង​អ្នក​ពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ល្អ​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​កូវី​ដ​១៩ ទើប​មាន​ឱកាស​បាន​រៀបចំ​ទិវា​ឆ្មប​ជាតិ​នេះ​ឡើង​។

ជាពិសេស​នោះ លោក​ថ្លែង​អំណរ​គុណ​ដល់​ឆ្មប​ទាំង​អស់ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​​ ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​គ្រប់​រូប ជាពិសេ​សផ្តល់ សេវា​សុខ​ភាព​បន្តពូជ សុខ​ភាព​ផ្លូវ​ភេទ សុខភាព​មាតា និង​ទារក នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​កម្ពុជា ​ក៏ដូច​ជា​ប្រទេស​នានា​ នៅ​លើពិភព​លោក​កំពុង​ទទួល​រង​នូវ​ការ​​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩​។

ក្នុង​ឱកាស​ទិវា​ឆ្មប​ជាតិ​នេះ​ដែរ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​ នៃផែន​ការ​សកម្មភា​ពរួម​ អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជា​ជាតិ ដើម្បី​សុខ​ភាព​ស្រ្តី និង​កុមារ ​លោក​ស្រី ប៉ុន​ រ៉ានី បាន​អំពាវ​នាវ​ដល់​គ្គលិក​សុខា​ភិបាល ​​ផ្តល់​ប្រឹក្សា អប់រំ ដល់​បុរស នារី ដែល​ជិត​រៀប​ការ​អំពី​សុខ​ភាពបន្ត​ពូជ​ ការបង្ការ​ជំងឺ​ឆ្លង ពិសេស​ទប់​ស្កាត់​ជំងឺ​ឆ្លង​នានា​ពីម្តាយ​ទៅ​កូន។

លោកស្រី ក៏បាន​អំពាវ​នាវ​ឱ្យផ្តល់​សេវាថែ​ទាំក្នុង​ពេល​មាន​ផ្ទៃពោះ​ បង្ការ​ និង​រក​ឃើញ​ទាន់​ពេល​នូវ​ផល​វិបាក​នានា​ និង​ផ្តល់​សេវា​ថែទាំ​ក្នុង​ពេល​ឈឺពោះ​សម្រាល​កូន និង​ការ​ថែទាំ​ក្រោយ​សម្រាល​ ក៏ដូច​ជាផ្ត​ល់​​សេវាពន្យារ​កំណើត​ និង​សេវា​ចាំបាច់​ដទៃ​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ឆ្មប​។

ជាមួយ​គ្នា​នេះ លោក​ស្រី ប៉ុន រ៉ានី ជំរុញ​​ដល់​ស្ត្រីមាន​ផ្ទៃ​ពោះ​ទាំង​អស់ សូម​ទៅ​ពិនិត្យ​សុខ​ភាព​តាម​កាល​កំណត់​ របស់​គ្រូពេទ្យ សូម​ទៅ​សម្រាល​កូន​នៅមណ្ឌល​សុខភា​ព ឬមន្ទីរ​ពេទ្យបង្អែក​ ត្រូវ​ពិនិត្យ​តាម​ដាន​សុខ​ភាព ក្រោយ​សម្រាល និង​យក​ទារ​កទៅ​ចាក់​ថ្នាំ​បង្ការ ១១​មុខ តាម​កាល​កំណត់ និង​យក​កូន​ទៅ​មន្ទីរ​​ពេទ្យជិត​បំផុត ឱ្យ​បាន​ឆាប់​នៅ​ពេល​ទារក​ឬកូន​តូច​គ្រុន​ក្តៅ ឬមាន​អាការៈខុ​ស​ប្រក្រតី​ ឬពិបាក​ដក​ដង្ហើម​។

មូល​និធិប្រជា​ជន​អង្គការ​សហ​ប្រជាជា​តិ (UNFPA)ប្រចាំ​នៅ​កម្ពុជា ដែល​ធ្វើការ​ពាក់​ព័ន្ធ​សុខ​ភាព​មាតា និង​ទារក បាន​ចូល​រួម​អប​អរ​សាទរ ទិវា​ឆ្មប​ជាតិ និង​អន្តរ​ជាតិ​នៅ​កម្ពុជា និង​បាន​ថ្លែង​​​​អំណរ​គុណ​ដល់ឆ្មប​ទាំង​អស់​សម្រាប់ ការថែ​ទាំស្ត្រី ​និង​ទារក​ទើប​នឹង​កើត​ ការ​ផ្តល់​សេវា​ពន្យារ​កំណើត និង​រៀបចំ​ផែន​ការ​គ្រួសារ និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និងក្មេង​ស្រី។

ដោយ​ឡែក​បេឡាជាតិ​សន្តិសុ​ខ​សង្គម បាន​ជូន​ដំណឹង ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ចាប់ពី ២៦​សប្តាហ៍​ឡើង​ទៅ អាច​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​រាជ​រដ្ឋា​ភិបាល ៤០ម៉ឺន​រៀល​ និង​ប្រាក់​បំណាច់​ ៧០% បាន។

ក្រសួង​សុខាភិបា​ល ឱ្យដឹង​ថា បើទោះបី​ជា ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ បាន​ដាក់​សម្ពាធ​មក​លើ​សុខ​ភាព​សាធា​រណៈ និង​ប្រព័ន្ធ​សុខា​ភិបាល​ក៏ដោយ ក៏​ប្រព័​ន្ធ​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​នៅបន្ត​ដំណើរ​ការ​ជា​ប្រចាំ​នៅ​ទូទាំ​ងប្រទេស​ និង​សម្រេច​បាន​លទ្ធ​ផល​ទៅ​តាម​ គោល​ដៅដូច​ជា អត្រាម​រណភាព​មាតា​បាន​បន្ត​ធ្លាក់​ចុះពី​ ១៧០ ក្នុង​ទារ​កកើត​រស់ ១០០ ០០០​នាក់ នៅ​ឆ្នាំ ២០១៤ មក​នៅត្រឹ​ម ១៤១ ក្នុង​ទារក​កើត​រស់ ១០០ ០០០​នាក់ នៅឆ្នាំ​២០១៩។

ជាមួយ​គ្នា​នេះ អត្រា​នៃការ​សម្រាល​កូន​ ដោយ​បុគ្គលិក​សុខា​ភិបាល​ជំនាញ​បាន​កើន​ពី ៨៥% នៅ​ឆ្នាំ២​០១៦ ទៅ​ដល់ ៨៩% នៅ​ឆ្នាំ ២០២០។

រីឯ​អត្រា​នៃ​ការ​សម្រាល​កូន​នៅ​មូល​ដ្ឋាន​សុខាភិបាល​ក៏បាន​កើន​ពី៨០% ទៅ​ ៨៩%នៅក្នុង​ អំឡុង​ពេលដូច​គ្នានេះ​ដែរ​៕