កំពង់​ចាមៈ លោក ហ៊ុន ណេង ប្រធា​នគណៈ​កម្មការ​ទី៤ នៃរដ្ឋ​សភា ដែល​ជាបង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ទទួល​មរណ​ភាព ដោយ​សារ​ជំងឺ​គាំង​បេះដូង នៅ​ល្ងាច​ថ្ងៃទី​ ០៥ ខែ​ ឧសភា ឆ្នាំ ២០២២ ​នេះ ក្នុង​ជន្មាយុ​ ៧២ ​ឆ្នាំ។

នៅយប់​ថ្ងៃទី​ ៥ ខែ​ ឧ​សភា ឆ្នាំ ២០២២ ​នេះ ក្រុម​គ្រួសារ​ បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​ជាផ្លូវ​ការ​ ពី​មរណភាព របស់​លោក ហ៊ុន ណេង ដែល​បាន​ទទួល​មរណ​ភាព ដោយ«​ជំងឺ​បេះ​ដូង» នៅម៉ោង​ ៦និង​ ២៥ ​នាទីល្ងាច​។

សេចក្តី​ជូន​ដំណឹង​បាន​បន្ត​ថា៖ «សព​របស់​ឯក​ឧត្តម​ ហ៊ុន ណេង ​នឹង​ត្រូវ​តម្កល់​ធ្វើបុណ្យនៅ​គេហ​ដ្ឋាន ភូមិ​ទី៧ សង្កាត់​កំពង់​ចាម ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម ទៅតា​មប្រពៃ​ណីព្រះ​ពុទ្ធសាស​នា»​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រុម​គ្រួសារ​ បាន​បន្តទៀត​ថា នៅថ្ងៃទី ៩ ខែ ឧស​ភា ឆ្នាំ ២០២២​ សព​លោក​ ហ៊ុន ណេង នឹង​ត្រូវ​ដង្ហែទៅ​បញ្ចុះ​នៅវត្ត​សុវណ្ណ​គិរីរ​តនៈ ភ្នំប្រុស ភូមិ​ត្រពាំងចា​រ ឃុំក្រឡា ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម៕