កំពតៈ លោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានណែនាំដល់អភិបាលខេត្តដែលនៅជាប់សមុទ្រទាំងអស់ ត្រូវថែរក្សាការពារព្រែកដែលមានចំនួនសរុប ១១១ ព្រែកដោយចៀសវាងកុំឱ្យមានការចាក់ដីលុប ឬកែប្រែទៅជាកន្លែងសំណង់អ្វីមួយ ព្រោះការលុបព្រែកនាំឱ្យបាត់បង់ជីវចម្រុះតាមបែបធម្មជាតិ និងព្រៃកោងកាងដែលជាជម្រកមច្ឆជាតិ។
ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពតនៅព្រឹកថ្ងៃទី ៥ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងថា ឆ្នេរសមុទ្រកម្ពុជាបានចូលជាសមាជិកឆ្នេរសមុទ្រដែលល្អជាងគេលើពិភពលោកនៅឆ្នាំ ២០១៤។ ឆ្នេរសមុទ្រកម្ពុជាចាប់ពីកោះកុង ព្រះសីហនុ កែប និងកំពតមានប្រវែងសរុបចំនួន ៥២៦ គីឡូម៉ែត្រជាកន្លែងទេសចរណ៍ កន្លែងលម្ហែកាយ កន្លែងទាក់ទាញយកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបន្តថា ឆ្នេរសមុទ្រត្រូវបានចាត់ទុកថា ជាកំណប់ទុនមួយរបស់ជាតិ និងប្រជាពលរដ្ឋ ដោយសារសមុទ្រតែងមានព្រែក ហេតុនេះលោកសំណូមពរឱ្យមានការថែរក្សាព្រែកទាំងអស់ ដែលមានចំនួនសរុប ១១១ ព្រែកឱ្យនៅគង់វង្ស ព្រោះព្រែកនេះ គឺជាលក្ខណៈធម្មជាតិ ដែលអាចឱ្យមានទឹកជោរ-នាច ចូលទៅទីកន្លែងទំនាបដទៃទៀតអាចនាំនូវជីជាតិទៅមក នៅពេលទឹកឡើង ទឹកស្រកទឹកជោរទឹកនាច ដែលធ្វើឱ្យដើមកោងកាងនឹងដុះ ហើយរុក្ខជាតិផ្សេងៗទៀតក៏ដុះជាមួយគ្នានោះមច្ឆជាតិក៏កើត បរិស្ថានក៏អាចទទួលបាននូវភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង ១១១ ព្រែក ដែលយើងបានកត់ត្រាទុក សូមឯកឧត្តមអភិបាលខេត្តទាំងអស់ដែលនៅជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងការលុបចៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែ ១ ឬក៏ ២ សំណង់ ប៉ុន្តែខូចផលប្រយោជន៍ទាំងអស់ ហើយមិនមែនជាការដោះស្រាយ វិវាទ តែជាការបន្ថែមនូវការទិតៀនរបស់ប្រជាពលរដ្ឋ»។
លោក ជា សុផារ៉ា បានថ្លែងសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុដែលបានជួយគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរបានល្អធ្វើឱ្យកាន់តែមានអំណោយផលដល់ពលរដ្ឋគ្រប់គ្នាអាចទៅលេងកម្សាន្តដោយមិនបាច់ចំណាយពេលធ្វើដំណើរឆ្លងទៅប្រទេសដទៃ ដែលចំណាយថវិកាច្រើននោះទេ ព្រោះការទៅលេងនៅខេត្តព្រះសីហនុ គឺងូតទឹកសមុទ្រ ងូតទឹកសាប កុមារា-កុមារីចូលបន្ទប់ទឹក គឺមិនគិតថ្លៃទេ រីឯចំណតក៏មិនគិតថ្លៃផងដែរ។ ចំណុចនេះលោកចង់ឱ្យខេត្តជាប់សមុទ្រផ្សេងៗទៀត អនុវត្តប្រហែលគ្នាទៅនឹងខេត្តព្រះសីហនុ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា CNRO ថ្លែងនៅថ្ងៃទី ៥ ឧសភាថា បច្ចុប្បន្ននៅតាមមាត់ព្រែកមាត់ឆ្នេរមួយចំនួន ដែលជាកន្លែងដុះព្រៃកោងកាងត្រូវបានបុគ្គលមួយចំនួន កាប់ឆ្ការព្រៃកោងកាងចោល ហើយចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនកន្លែង។ ព្រៃកោងកាងកាន់តែហិនហោចទៅកាន់តែខ្លាំងឡើងថែមទៀតប្រសិនបើ រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ មិនមានវិធានការទេ។
លោកបន្តថា បើសិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា ព្រៃកោងកាងអាចនៅសល់ខ្លះ ដើម្បីជាជម្រកធនធានធម្មជាតិជីវចម្រុះនៅក្នុងសមុទ្រជាមួយគ្នានោះព្រៃកោងកាងគឺជាវីរជនការពារការបាក់ច្រោះច្រាំងឆ្នេរសមុទ្រ និងព្រែកផងដែរ។ ហេតុនេះមានតែព្រៃកោងកាងប៉ុណ្ណោះ ដែលផ្តល់ធនធានធម្មជាតិជីវចម្រុះសមុទ្រ ការពារការបាក់ច្រោះ និងមានការផ្តល់នូវកាបូនអុកស៊ីដ ដើម្បីផ្តល់នូវខ្យល់អាកាសល្អ។ លោកបញ្ជាក់ថា៖ «សូមឱ្យដាក់វិធានការក្តៅបំផុត ដើម្បីការពារព្រៃកោងកាងដូចនៅតំបន់ទន្លេសាប ដោយធ្វើការស៊ើបអង្កេតចាប់វែកមុខ រកបុគ្គលដែលបំផ្លាញព្រៃកោងកាងឱ្យបានទាន់ពេល។ ឥឡូវហ្នឹងកាន់តែបាត់បង់ទៅបាត់បង់ទៅហើយមួយចំនួន ចាក់ដីលុបព្រែកដោយខ្លួនឯង មួយចំនួន កាប់ព្រៃកោងកាងដោយមានបណ្ណកម្មសិទ្ធិផងដែរ»។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងនៅថ្ងៃទី ៥ ខែឧសភាថា អ្វីដែលជាការទទួលខុសត្រូវ គឺអាជ្ញាធរខេត្តដឹងពីតួនាទី និងភារកិច្ចច្បាស់ណាស់។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គឺជាការដាស់តឿនក្រើនរំឭក។ ប៉ុន្តែអ្វីដែលជាក់ស្តែងគឺអាជ្ញាធរខេត្តបានអនុវត្តជាប្រចាំនូវវិធានការបង្ការ ទប់ស្កាត់ និងឆ្លើយតប។ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកែបក្នុងពេលកន្លងមក គឺធ្វើជាប្រចាំដូចភ្លៀងរលឹម ដោយមានការសហការគ្នាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «វិធានការទប់ស្កាត់ហ្នឹងគឺយើងបង្ការជាមុន ការពារផ្សព្វផ្សាយ អប់រំ ហើយ និងឆ្លើយតបគឺយើងអនុវត្តច្បាប់បានន័យថា យើងចុះពិនិត្យឃើញជាក់ស្តែង បើជួបអ្វីក៏យើងយកដូចជាវត្ថុតាងជាសាក្សីជាអីហើយក៏យើងធ្លាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ ការចាក់ដីលុបព្រែក ជួនកាលយើងទៅមិនទាន់ ធម្មតាប៉ូលិស និងចោរ ប៉ូលិសយើងដើរក្រោយចោរ ១ ជំហានហើយ ចោរទៅលួចក៏មិនដែលប្រាប់ថាទៅលួចដែរ»។ លោកបញ្ជាក់ថា៖ «ខ្ញុំប្រើពាក្យថាចោរ ដោយសារគាត់លួចលក់ដីរដ្ឋ ធ្វើអីអីតែគ្នាគាត់ កាន់កាប់ អាស្រ័យផល អីទៅស៊ីញ៉េតែគ្នាគាត់ ប៉ុន្តែគ្មានអាជ្ញាធរណាទទួលស្គាល់ទេ យើងទៅទាន់ ក៏ហាមឃាត់ ហាមអ៊ីចឹងទៅ គ្មានជំនាញណាទៅចេញបណ្ណប្លង់រឹងនៅលើដីរបស់រដ្ឋទេ»៕