
ក្រសួងទេសចរណ៍គ្រោងជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើមជាមួយប្រទេសផ្សេងៗក្នុងឆ្នាំនេះ។ រូបថត DTKS
ភ្នំពេញៈ ក្រសួងទេសចរណ៍គ្រោងជ្រើសរើសភូមិគំរូចំនួន ៣ តំណាងឱ្យប្រទេសកម្ពុជាសម្រាប់ការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមជាមួយប្រទេសផ្សេងៗលើពិភពលោក ដែលរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់ឆ្នាំ ២០២២។ នេះបើតាមប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍។
លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ថ្លែងនៅថ្ងៃទី ៥ ឧសភា ថា ចលនាប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមនេះ ក្រសួងទេសចរណ៍ធ្វើតាមសូចនាកររបស់អង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើការប្រឡងប្រណាំងដំបូងចាប់ពីឆ្នាំ ២០២១។ ប៉ុន្តែដោយបញ្ហាកូវីដ ១៩ កម្ពុជាបានអាក់ខានក្នុងការចូលរួមនេះ រហូតដល់ឆ្នាំ ២០២២ នេះទើបរៀបចំធ្វើការជ្រើសរើស ដើម្បីចូលរួមប្រឡងប្រណាំង។
លោកប្រាប់ថា ការប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើមនេះ មាន ២ កម្រិត ទី ១ គឺ Best Tourism Villages Label មានន័យថា ភូមិណាដែលអាចឆ្លើយតបសូចនាករទាំង ៩ របស់អង្គការ UNWTO នឹងឈ្នះជាភូមិទេសចរណ៍ឆ្នើម។ ប៉ុន្តែបើសិនជាភូមិណាមិនអាចឆ្លើយតបសូចនាករនោះទេនឹងជាប់ក្នុងការ Upgrade Program ដែលប្រយោជន៍នឹងទទួលបានការណែនាំបន្ថែមពីអង្គការ UNWTO ដើម្បីឆ្នាំបន្ទាប់អាចធ្វើការចូលរួមប្រកួតប្រជែងម្តងទៀត។ សូចនាករទាំង ៩ នោះ មានដូចជា ទី១ ទាក់ទងនឹងការថែរក្សាធនធានវប្បធម៌ និងធម្មជាតិ ទី២ ការលើកកម្ពស់ និងអភិរក្សធនធានវប្បធម៌ ទី៣ ទាក់ទងនឹងនិរន្តរភាពសេដ្ឋកិច្ច។ ទី៤ និរន្តរភាពសង្គម ទី៥ និរន្តរភាពបរិស្ថាន ទី៦ ទាក់ទងការអភិវឌ្ឍវិស័យទេសចរណ៍ ទី៧ ទាក់ទងអភិបាលកិច្ចអាទិភាព និងវិស័យទេសចរណ៍ ទី៨ ទាក់ទងហេដ្ឋារចនាសម្ព័ន្ធ និង ការតភ្ជាប់ទំនាក់ទំនង និងទី៩ ទាក់ទងនឹងសុខភាព និងសន្តិសុខ។
លោកថ្លែងថា៖ «អ្វីដែល UWTO ទាមទារសំខាន់ៗមាន ៣ គឺ ទី១ យើងត្រូវផ្ញើរូបភាពជូនគាត់មើល ទី២ គាត់ឱ្យយើងថតវីដេអូឱ្យគាត់ ដើម្បីឆ្លើយតបសូចនាករដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹង ហើយទី៣ គឺទាក់ទងនឹងការសរសេរ យើងត្រូវសរសេររៀបរាប់ពីសូចនាករមួយៗ តើភូមិយើងមានអ្វីខ្លះ យើងមានជាលក្ខណៈបំពេញ Form [ហ្វម] ជូនគាត់»។
លោក ហួត រិទ្ធី បន្តថា ក្រសួងទេសចរណ៍បានរៀបចំលិខិតព្រមទាំងភ្ជាប់ឯកសារទាំងអស់បញ្ជូនទៅគ្រប់រាជធានី-ខេត្តរួចហើយ។ តាមការកំណត់រាជធានី-ខេត្ត ត្រូវដាក់ឯកសារមកវិញត្រឹមថ្ងៃទី ២០ ឧសភា ដោយសារអង្គការ UNWTO បានកំណត់ត្រឹមថ្ងៃទី ២៨ មិថុនា។ ក្រសួងទេសចរណ៍ នឹងចម្រាញ់យកភូមិចំនួន ៣ ដើម្បីដាក់ពាក្យទៅ UNWTO។
លោកថ្លែងថា៖ «យើងគិតថាត្រឹមថ្ងៃទី ២០ ឧសភា បេក្ខភាពទាំងអស់គាត់អាចដាក់ពាក្យមកឱ្យក្រុមការងារក្រសួងធ្វើការពិភាក្សាគ្នាបន្ថែមថាតើយើងអាចរៀបចំឯកសារយ៉ាងម៉េចថែមទៀត ដើម្បីអាចដាក់ទៅជាមួយខាង UN ដើម្បីឈ្នះជយលាភី»។
លោកប្រធាននាយកដ្ឋានឱ្យដឹងថា បើភូមិរបស់ប្រទេសកម្ពុជាជាប់ជយលាភីក្នុងការប្រកួតប្រជែងនេះ ទី១ កម្ពុជានឹងអាចចូលរួមក្នុងការផ្សព្វផ្សាយទាក់ទងនឹងវិស័យទេសចរណ៍ជាមួយបណ្តាញអង្គការ UNWTO ដែលមានរាប់រយប្រទេសលើពិភពលោក។ ទី២ បើសិនជាមិនជាប់ក្នុងការប្រកួតប្រជែងនេះ កម្ពុជាក៏អាចចូលក្នុងកម្មវិធី Upgrade Program ដែលអាចទទួលបានអនុសាសន៍ ឬវិធីសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនបន្ថែមទៀតមកពីអង្គការ UNWTO ក្នុងការអភិវឌ្ឍភូមិទេសចរណ៍គំរូរបស់កម្ពុជា។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺថ្លែងនៅថ្ងៃទី ៥ ឧសភាថា បន្ទាប់ពីទទួលបានលិខិត និងឯកសារពីក្រសួងទេសចរណ៍ ខេត្តកំពង់ស្ពឺបានរូតរះពិនិត្យមើលតំបន់ ដែលត្រូវជ្រើសរើសភូមិ ហើយព្រមទាំងបានធ្វើការប្រជុំសម្រេចផងដែរ។
តាមរយៈកិច្ចប្រជុំស្តីពីការជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមកាលពីថ្ងៃទី ៤ ខែឧសភា រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចជ្រើសយកតែ ១ គត់ គឺ ភូមិតាំងបំពង់ ដែលស្ថិតក្នុងតំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ជាភូមិទេសចរណ៍ជនបទដែលតំណាងឱ្យខេត្តកំពង់ស្ពឺ។ លោកប្រធានមន្ទីរប្រាប់ថា ការជ្រើសរើសភូមិតាំងបំពង់ក្នុងតំបន់រលាក់កងជើងនៃឃុំតាសាល ស្រុកឱរ៉ាល់នេះ ដោយសារតែចង់ប្រែក្លាយតំបន់រលាក់កងជើងឱ្យទៅជាភូមិទេសចរណ៍គំរូមួយ។ ទោះបីការដាក់ប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ឆ្នាំ ២០២២ មិនបានជាប់ក៏ដោយ ក៏អាចអភិវឌ្ឍបន្ថែមនឹងដាក់បន្តទៀតនៅឆ្នាំក្រោយ។
លោកបន្តថា លក្ខណៈភូមិសាស្ត្រដែលបានដាក់សម្រាប់ការប្រកួតប្រជែងនេះ ដើមឡើយ គឺជាភូមិមួយដែលប្រជាពលរដ្ឋរកទទួលទានដោយកាប់ព្រៃឈើ និងការធ្វើកសិកម្មតិចតួច។ ប៉ុន្តែដោយសារមានសហគមន៍ការពារព្រៃឈើក៏មានការកែប្រែតំបន់នោះក្លាយជាសហគមន៍នាំភ្ញៀវទេសចរឡើងទៅ លេងភ្នំខ្នងផ្សារ។ មន្ត្រីទេសចរណ៍ខេត្តកំពង់ស្ពឺនឹងកែប្រែតំបន់នោះឱ្យកាន់តែមានភាពទាក់ទាញ។
លោកថ្លែងថា៖ «យើងនឹងខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតនូវក្រុមការងារមួយ ដើម្បីរៀបចំភូមិនេះឱ្យក្លាយជាភូមិទេសចរណ៍គំរូ»។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបថ្លែងថា មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាបកំពុងរៀបចំដាក់ឯកសារប្រជុំជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើសភូមិគំរូសម្រាប់ដាក់ប្រឡងប្រណាំង។ ខេត្តសៀមរាបអាចនឹងជ្រើសរើសយកភូមិព្រះដាក់នៅស្រុកបន្ទាយស្រីដាក់ក្នុងការប្រឡងប្រណាំង។
លោកថ្លែងថា៖ «យើងនៅមានភូមិច្រើនទៀតកំពុងកែលម្អ ប៉ុន្តែដោយសារតំបន់សៀមរាបយើង វាស្ថិតនៅក្នុងតំបន់អាជ្ញាធរអប្សរា អ៊ីចឹងការធ្វើភូមិមួយដែលជាភូមិទេសចរណ៍គំរូ មិនមែនចេះតែយើងដាក់ទៅនោះទេ គឺត្រូវតែគិតគូរការអភិរក្ស និងផលប៉ះពាល់ផ្សេងៗ»។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតក៏បានបញ្ជាក់ដែរថា ខេត្តកំពតក៏នៅមិនទាន់សម្រេចយកភូមិណាមួយដាក់ក្នុងការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមនៅឡើយទេ។ ប៉ុន្តែលោកបង្ហាញតំបន់ចំនួន ៣ សម្រាប់ក្រុមការងារពិគ្រោះ ជ្រើសយកភូមិណាមួយដាក់ក្នុងការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម។ តំបន់ទាំង ៣ ដូចជា តំបន់ទឹកឈូ តំបន់ទំនប់ម្លេច និងតំបន់កូនសត្វ។
លោកថា៖ «យើងសម្លឹងមើលឃើញគោលដៅធំៗ ៣ ហ្នឹង ដែលយើងត្រូវការពិគ្រោះគ្នាហើយដាក់សំណើ ដើម្បីពិចារណាដាក់ជូនទៅរដ្ឋបាលខេត្តធ្វើការសម្រេច»៕