បាត់ដំបងៈ មន្ត្រីជំនាញនៃក្រសួង-បរិស្ថានបានលើកឡើងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកដែលត្រូវមកដល់នៅថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២ នឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីស្រស់បំព្រង ប្រកបដោយសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។
ដោយបានចាប់ផ្ដើមមុនកំណត់ ១ ខែ ទិវានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក ទូច វីណា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានព្រមទាំងលោក ហេង ធា អភិបាលក្រុងបាត់ដំបងផងដែរ។
ថ្លែងទៅកាន់អ្នកចូលរួមលោក ទូច វីណា បានបញ្ជាក់ថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថាន។
ជាមួយគ្នានេះលោកបានបង្ហាញក្ដីសង្ឃឹមថា៖ «ការប្រារព្ធទិវានាថ្ងៃនេះនឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថានរួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប»។
ក្នុងឱកាសនោះដែរ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការជួបជុំគ្នាក្នុងក្របខ័ណ្ឌធំនេះគឺជាការបង្ហាញពីភាពខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធនាការស្រោចស្រពវ៉ាក់សាំងជំរុញភាពស៊ាំក្នុងសហគមន៍ការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតនិន្នាការនយោបាយឡើយ។
លោកស្រីបន្តថា ចំណែកក្របខ័ណ្ឌដោយឡែក សម្រាប់ក្រសួងបរិស្ថានគឺមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីភាពចាំបាច់ និងសារៈសំខាន់នៃកិច្ចគាំពារបរិស្ថានការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជនគ្រប់មជ្ឈដ្ឋានឱ្យក្លាយទៅជាកម្លាំងចលករ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅលើភពផែនដី ស្របតាមទស្សនទានការអភិវឌ្ឍដោយចីរភាព។
លោកស្រីបានបញ្ជាក់ថា៖ «ការងារបរិស្ថានជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងហើយតម្រូវឱ្យគ្រប់ភាគីទាំងអស់ ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោកចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព»។
បើតាមក្រសួងបរិស្ថានការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក៏ក្នុងគោលបំណងសំខាន់ៗមួយចំនួនដែរ រួមមាន បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថានលើកទឹកចិត្តដល់ពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន។ ផ្សព្វផ្សាយដល់ប្រជាសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន។
ម្យ៉ាងទៀតក៏ដើម្បីទទួលបានការគាំទ្រជាសកលដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាយុទ្ធនាការមួយទទួលបានជោគជ័យនៅទូទាំងពិភពលោក និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅជិតលំនៅឋានរបស់ពួកគេដែលជាការចាប់ផ្តើមយុទ្ធនាការនេះធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត។
គួរបញ្ជាក់ឱ្យដឹងថា ឆ្នាំ ២០២២ នេះ គឺជាខួបលើកទី ២៩ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកក្រោមប្រធានបទ «ថែទាំភពផែនដីដើម្បីសុខភាពយើង» ដោយឡែកប្រធានបទរបស់ទិវាបរិស្ថានពិភពលោកគឺ «ភពផែនដីតែមួយ»។
ពិធីនេះក៏មានការចូលរួមពីមន្ត្រីរាជការក្រសួងបរិស្ថានអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិក្រោមជាតិ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន ប្រជាសហគមន៍ និងក្រុមហ៊ុនសហការគាំទ្រ រួមមាន ក្រុមហ៊ុន Minebea Cambodia ក្រុមហ៊ុន Coca Cola អង្គការ DCA ក្រុមហ៊ុន CAMBREW LTD អង្គការ Caritas និងអង្គការសង្គ្រោះសត្វព្រៃផងដែរ៕