ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើឱ្យ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​អតីត​បុគ្គលិក​ដែល​ត្រូវបាន​បញ្ឈប់​ចំនួន​ ២០០ ​នាក់​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​រួម ខណៈ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើក​ ៩ នៅ​មិនទាន់​ឯកភាព​។

សេចក្តី​ជូនដំណឹង​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ឱ្យដឹងថា ក្រសួង​ការងារ​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មកជួប​ប្រជុំ​ដោះស្រាយ​ជា​លើក​ទី​ ៩ នៅ​ថ្ងៃទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ ដោយមាន​ការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករនិយោជិត​ផងដែរ ប៉ុន្តែ​ភាគី​ទាំង ​២ មិនទាន់​ឯកភាពគ្នា​លើ​ចំណុច​ណាមួយ​នៅឡើយ​។ ដូចនេះ​ក្រសួង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី​ ១១ ឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៤:៣០​ នាទី ដើម្បីឱ្យ​ភាគី​ទាំង​ ២​ មានឱកាស​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​។

ជាថ្មី​ម្តងទៀត ក្រសួង​ការងារ​បញ្ជាក់ថា​៖ «​ក្រសួង​ស្នើឱ្យ​ភាគី​ទាំង ​២ ​មានការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​»​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា សម្រាប់​មតិ​របស់​សហ​ជីព និង​តំណាង​ភាគី​កម្មករនិយោជិត គឺ​នៅ​ដដែល​ដោយ​ស្នើឱ្យ​កម្មករ​ ២០០​ នាក់ ដែល​បាន​បញ្ឈប់​ពី​ការងារ​រួមចូល​ធ្វើ​ការងារ និង​ធ្វើការ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ ហើយ​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល ៣០០ ​នាក់ និង​ធ្វើការ​ខែ​ទី​ ១ ​ចំនួន ៥០% ខែ​ទី​ ២​ ចំនួន​ ៧០% រហូតដល់​មាន​វេន​ធ្វើ​ការងារ​ពេញ​វិញ​។

ភាគី​សហជីព​ស្នើឱ្យ​ក្រុមហ៊ុន​បង្កើត​ជម្រើស​ផ្សេង​ម្តង ដោយសារ​កន្លងមក ភាគី​តំណាង​កម្មករ​-​និយោជិត​ជា​អ្នកបង្កើត​ជម្រើស​។ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​ប្រកាន់​ជំហរ​ដាច់ណាត់​ថា​មិន​ទទួលយក​ចូលធ្វើការ​វិញ​។ ម្យ៉ាងទៀត​ភាគី​សហជីព​ស្នើសុំ​តាមរយៈ​ក្រសួង​ការងារ ទម្លាក់​បទចោទ​ចំពោះ​តំណាង​កម្មករ​-​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំងអស់ និង​ស្នើសុំ​បើក​ការិយាល័យ​សហជីព​ឡើងវិញ ដោយ​សុំ​យក​ទូរស័ព្ទ កុំព្យូទ័រ និង​សម្ភារ​ផ្សេងៗ​មកប្រើប្រាស់ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ការងារ​វិញ​។

ចំណែក​មតិ​របស់​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រក្សា​ជំហរ​ក្នុងការ​ដោះស្រាយ គឺ​នៅ​បន្ត​ដូច​កន្លងមក ដោយ​មិន​យល់ព្រម​ទទួលយក​កម្មករ​ដែល​បាន​បញ្ឈប់​ពី​ការងារ​រួម​ឱ្យចូល​ធ្វើការ​វិញ​ទេ​។

ភាគី​ក្រុមហ៊ុន​បន្តថា អ្នក​ដែល​មិនទាន់​មក​ទទួល​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ដោយ​ការព្រមព្រៀង​នៅសល់តែ​ជាង​ ១៩០ ​នាក់​ប៉ុណ្ណោះ ហើយ​ចំពោះ​អតីត​កម្មករនិយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ គឺ​ក្រុមហ៊ុន​នៅ​រក្សា​កញ្ចប់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ដោយ​ការព្រមព្រៀង​ដដែល​។ តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ចំនួន​បុគ្គលិក​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន គឺ​លើសពី​តម្រូវការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ហើយ​ជាក់ស្តែង​ទោះបីជា​កម្មករ​និយោជិត​ដែល​អវត្តមាន​ដោយ​គ្មាន​ច្បាប់​ជាច្រើន​រយ​នាក់​ក៏ដោយ ក៏​សកម្មភាព​អាជីវកម្ម​ក្រុមហ៊ុន​នៅតែ​ដំណើរការ​ជាធម្មតា​ដដែល​។

ភាគី​ក្រុមហ៊ុន​បន្តថា រយៈពេល​ចុងក្រោយ​នេះ កម្មករ​អវត្តមាន​ដោយ​គ្មាន​ច្បាប់​ទាំងនោះ​បាន​វិលត្រឡប់​ចូលធ្វើការ​វិញ​ជា​ហូរហែ ដែល​ពេលនេះ​មាន​ប្រមាណ​តែ​ ៤០០ ​នាក់​ប៉ុណ្ណោះ ដែល​នៅ​បន្ត​អវត្តមាន​ដោយ​គ្មាន​ច្បាប់ តែ​ក្រុមហ៊ុន​នៅតែ​អនុញ្ញាតឱ្យ​អ្នក​ទាំង​នោះមក​ធ្វើការ​វិញ​ដោយមិន​ប្រកាន់​កំហុស​ឡើយ​។

ចំពោះ​ការលើកឡើង​របស់​សហជីព​ឱ្យ​ក្រុមហ៊ុន​បង្កើត​ជម្រើស​ផ្សេងទៀត គឺ​ក្រុមហ៊ុន​មិនមាន​ជម្រើស​អ្វី​ផ្សេង​នោះទេ​។ ក្រុមហ៊ុន​អះអាងថា នៅតែ​ទទួល​អ្នក​អវត្តមាន​គ្មាន​ច្បាប់​ទាំងនោះ​ឱ្យចូល​ធ្វើការ​វិញ​ធម្មតា ហើយ​អ្នក​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យាការងារ​ជារួម​ក្រុមហ៊ុន​នៅតែ​រក្សា​កញ្ចប់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ដោយ​ការព្រមព្រៀង​ដដែល​។ ភាគី​ក្រុមហ៊ុន​បន្តថា គម្រោង​កាត់បន្ថយ​បុគ្គលិក​នេះ ជា​គម្រោង​ដែល​បាន​អនុវត្ត​រួចរាល់​ហើយ​។ ក្រុមហ៊ុន​បង្ហាញ​ក្តីសង្ឃឹម​ថា បងប្អូន​ ១៩០ ​នាក់​ជាង​នេះ​នឹង​ព្រម​ទទួលយក​កញ្ចប់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ដោយ​ការព្រមព្រៀង​នេះ​។

ជាមួយ​គ្នានេះ ក្រសួង​ការងារ​បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ហើយ​ពិនិត្យឃើញថា ការទូទាត់​ចំនួន​ ៤ ​ចំណុច គឺ​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​ពី​ការងារ​រួម​។ ទន្ទឹមនឹងនេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​បាននិង​កំពុង​រង់ចាំ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បន្ថែម​ជាមួយ​បងប្អូន​អតីត​បុគ្គលិក ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម និង​នៅមាន​ចម្ងល់​អំពី​ការទូទាត់​នេះ​។

បន្ថែម​ពីនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​ក៏បាន​ជួយ​ស្វែងរក​ឱកាស​ការងារ ថ្មី​សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែរ​។

ក្រសួង​បញ្ជាក់ថា ទោះបីជា​មិនទាន់​មាន​ការឯកភាព​គ្នា​ក៏​ក្រសួង​នឹង​បន្ត​ខិតខំ​សម្របសម្រួល និង​កំណត់​ពេល​ប្រជុំ​បន្តទៀត​ស្របតាម​តួនាទី​កំណត់ដោយ​ច្បាប់ ក៏​ដូចជា​ការទាមទារ​របស់​គូភាគី​៕