ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ត្រូវ​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​រយៈពេល ៣០ ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៥ ខែឧសភា ដល់​ថ្ងៃទី​ ៣ ​ខែមិថុនា ឆ្នាំ​ ២០២២​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៥ ខែឧសភា​ថា មាត្រា​ ៤៦ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​កំណត់ថា ដើម្បី​បោះឆ្នោត​បាន​ពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង គឺ​មាន​ឃើញ​ពលរដ្ឋ​មួយចំនួន​អត់​មាន​អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព​ខូច​ ឬក៏​បាត់​។ លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ប្រជាពលរដ្ឋ​ទាំងនោះ ដែល​មិនទាន់​មាន​អត្តសញ្ញាណប័ណ្ណ ឬ​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព​ ឬ អត្តសញ្ញាណប័ណ្ណ​ខូច ឬ​បាត់​ករណី​នេះ នៅក្នុង​មាត្រា ១៦៩ ​ច្បាប់​ស្តីពី​ជ្រើសតាំង​តំណាងរាស្ត្រ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ដើម្បី​ប្រើប្រាស់​នៅពេល​បោះឆ្នោត​»​។

លោក​បន្តថា ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល គជប និង ក្រសួង​មហាផ្ទៃ​កន្លងមក​បានចេញ​សេចក្តី​ណែនាំ​រួមមួយ​ពាក់ព័ន្ធ​នឹង​បែបបទ និង​នីតិវិធី​នៃ​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​ផង និង​បម្រើ ឱ្យ​ការបោះឆ្នោត​ផង​។ សេចក្តី​ណែនាំ​រួម​នេះ​នឹង​យកមក​អនុវត្ត​ក្នុង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ដែល​ពលរដ្ឋ​បាត់ ខូច ឬ​ហួស​សុពលភាព ត្រូវ​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ដើម្បី​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ហើយ​ពេលវេលា​នៃ​ការស្នើសុំ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ​៥ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក​បញ្ជាក់ទៀតថា ក្នុង​រយៈពេល ៣០ ថ្ងៃនេះ​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុងស្ថានភាព​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​អស់​សុពលភាព ខូច ឬ​បាត់​ត្រូវ​ទៅ​ជួប​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ដើម្បី​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ឯកសារ​បញ្ជាក់​បម្រើឱ្យ​ការបោះឆ្នោត ។ បើតាម​លោក សូរីដា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត​នេះ​ត្រូវ​ស្នើសុំ​នៅ​ទីស្នាក់ការ​ឃុំ- សង្កាត់​រៀបចំ​ការបោះឆ្នោត បន្ទាប់មក​នៅពេល​ដែល​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​អត្តសញ្ញាណ​ដែល​ត្រូវ​បោះពុម្ព​ចេញពី​ប្រព័ន្ធ​បោះឆ្នោត អ្នកស្នើសុំ​ត្រូវ​យក​ឯកសារ​បញ្ជាក់​នេះ​ទៅ​ជួប​មេឃុំ​ចៅសង្កាត់ ដើម្បី​ចុះហត្ថលេខា​បោះត្រា​ផ្តល់​សុពលភាព ជា​ឯកសារ​សម្រាប់​បោះឆ្នោត​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

ពាក់ព័ន្ធ​នឹង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត​លោក ប្រាជ្ញ ចន្ទ​ប្រធាន គ.ជ.ប កាលពី​ថ្ងៃទី​ ៤ ខែឧសភា បាន​ស្នើសុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ជា​បន្តទៀត​ជូន​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើ​សម្រាប់​បោះឆ្នោត ដោយ​ពួកគាត់​ត្រូវ​ស្នើសុំ​ធ្វើឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​។

លោក សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​និកហ្វិក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែឧសភា ថា សម្រាប់​អ្នក​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ ហើយ​មិនមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត គឺ​មិនអាច​បោះឆ្នោត​បានទេ​។ លោក​ថ្លែងថា​៖ «​ករណីនេះ កន្លងមក​ក៏មាន​អ្នក​បាត់​អត្តសញ្ញាណប័ណ្ណ ឥឡូវនេះ អត្តសញ្ញាណប័ណ្ណ​អាចាស់​អស់​សុពលភាព​ហើយ​អាស៊េរី​ក្រោយ​បាន​អាច​បោះឆ្នោត​បាន​។ បើ​អត់​មាន យើង​ទៅ​បញ្ជាក់​គេ​នឹង​ចេញ​ឱ្យ​។ យើង​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ហើយ ប៉ុន្តែ​ឥឡូវ​បាត់​អត្តសញ្ញាណប័ណ្ណ គេ​នឹង​ចេញ​លិខិតបញ្ជាក់​ដើម្បី​បាន​បោះឆ្នោត​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះដែរ គ.ជ.ប នៅ​ថ្ងៃទី ​៦ ខែឧសភា នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ពី​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​នៅ​ទីតាំង​រោងពុម្ព សួន វឌ្ឍនៈ នៅ​សង្កាត់​បឹងកក់​ទី​ ១ ​ខណ្ឌទួលគោក​ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ​៕