
អ្នកភូមិ និងសមត្ថកិច្ចសែងសពអ្នកលង់ទឹកពីថ្ងៃ ៤ ឧសភា។ រូបថត ប៉ូលិស
កណ្ដាលៈ ក្មេងប្រុសជាសិស្សសាលាចំនួន ២ នាក់បានលង់ទឹកទន្លេស្លាប់ កាលពីថ្ងៃទី ៤ ឧសភា បន្ទាប់ពីពួកគេ និងក្មេងៗជាច្រើននាក់ទៀតបាននាំគ្នាចុះងូតទឹកទន្លេនៅភូមិព្រែកតាកែវ ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ។
លោក គង់ ធឿន នាយនគរបាលប៉ុស្តិ៍ស្តីទីសំរោងធំបានឱ្យដឹងនៅថ្ងៃទី ៥ ឧសភា ថា ក្មេងរងគ្រោះទី ១- ឈ្មោះ ឃុន សេរីសោភា អាយុ ១៤ ឆ្នាំ មានលំនៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ និងឈ្មោះ សុតពិសិដ្ឋ អាយុ ១៥ ឆ្នាំ មានលំនៅក្នុងភូមិព្រែកត្រែង ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពួកគេទាំង ២ នាក់ជាសិស្សរៀននៅវិទ្យាល័យសាន់នីវូ សំរោងធំ ។
លោកបានប្រាប់ថា៖ «ក្មេងរងគ្រោះទាំង ២ នាក់ មិនមែនជាបងប្អូនគ្នាទេ តែពេលលង់ទឹកវាជួយគ្នាក៏លង់ស្លាប់ទាំង ២ នាក់តែម្ដងទៅ។ សាកសពក្មេងរងគ្រោះទាំង ២ នាក់សមត្ថកិច្ចយើងពិនិត្យកោសល្យវិច័យទៅឃើញថា ពួកគេពិតជាស្លាប់ដោយសារលង់ទឹក»។
លោកបានរៀបរាប់តាមសម្តីសាក្សីក្មេងៗដែលបាននៅជាមួយក្មេងរងគ្រោះទាំង ២ នាក់ថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី ៤ ឧសភា ក្មេងរងគ្រោះត្រូវចំវេនរៀននៅពេលរសៀល ក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាពួកគេទាំង ២ នាក់ រួមជាមួយក្មេងជិត ១០ នាក់ផ្សេងទៀតបាននាំគ្នាទៅលេងទឹកទន្លេ។ នៅពេលនោះក្មេងរងគ្រោះរួមទាំងក្មេងដទៃទៀតបាននាំគ្នាចុះងូតទឹកទន្លេលេង ហើយពេលនោះស្រាប់តែមានក្មេងឈ្មោះ សុត ពិសិដ្ឋ បានរអិលជើងចូលទៅក្នុងទឹកជ្រៅ ហើយភ្លាមនោះស្រាប់តែក្មេង ឈ្មោះ ឃុន សេរីសោភា បានចុះទៅហុចដៃឱ្យឈ្មោះ សុត ពិសិដ្ឋ តោង ហើយក៏រអិលជើងចូលទៅក្នុងទឹកជ្រៅលង់ស្លាប់ទាំង ២ នាក់តែម្ដងទៅ។ លោកបន្តទៀតថា ភ្លាមៗនោះ ក្រុមក្មេងៗដែលទៅជាមួយបាននាំគ្នារត់មកប្រាប់អ្នកភូមិ ហើយអ្នកភូមិបានរាយការណ៍ប្រាប់នគរបាល-ប៉ុស្តិ៍របស់លោកចុះទៅកន្លែងកើតហេតុ និងបាននាំគ្នាចុះរាវរកសាកសពអស់ពេលប្រហែលជាកន្លះម៉ោងទើបបានរកឃើញនៅឃ្លាតពីកន្លែងចុះងូតទឹកប្រមាណជាង ១០ ម៉ែត្រ។ បន្ទាប់ពីអ្នកភូមិរួមនឹងសមត្ថកិច្ចស្រង់បានសាកសពក្មេងទាំង ២ ពីទឹករួចមក ក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំសំរោងធំ ដើម្បីឱ្យជួយដឹកសាកសពយកទៅដាក់នៅតាមផ្ទះ។
បើតាមលោក គង់ ធឿន នៅថ្ងៃទី ៥ ខែឧសភា អាជ្ញាធរ ឃុំសំរោងធំ និងអាជ្ញាធរស្រុកកៀនស្វាយក៏បានយកថវិកាមួយចំនួនទៅចូលរួមបុណ្យសពរបស់ក្មេងរងគ្រោះទាំង ២ នាក់ផងដែរ៕