ភ្នំពេញៈ ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​បន្ត​ភាព​ជា​ដៃគូ ដើម្បី​ពង្រឹងសមត្ថភាព អ្នកជំនាញ​ជំនាន់​ក្រោយ​របស់​កម្ពុជា​ក្នុង​ការតាមដាន និង​គ្រប់គ្រង​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស ដែលជា​អាទិភាព​សកល​។

យោង​សេចក្តី​ប្រកាស​រួមគ្នា​រវាង USAID និង KOICA ចុះ​ថ្ងៃទី​ ៤ ខែឧសភា បានឱ្យដឹងថា អ្នកជំនាញ​ជំនាន់​ក្រោយ​របស់​កម្ពុជា លើ​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស បានទទួល​ការជំរុញ​ពង្រឹងសមត្ថភាព​បន្ថែម​តាមរយៈ​ភាពជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​។

ភាពជា​ដៃគូ​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ បានទទួល​នូវ​ភាពជោគជ័យ​យ៉ាង​ធំធេង​តាមរយៈ​គម្រោង​ធនធាន​មនុស្ស​សុខភាព​តែមួយ ដែល​បាន​បង្កើត​នូវ​បណ្តាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​ ( CAMBOHUN) ដែល​ក្នុងនោះ​សាកលវិទ្យាល័យ​ចំនួន​ ៥ បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​សមត្ថភាព​អ្នកជំនាញ​ជំនាន់​ក្រោយ​នៃ​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។

សមាជិក​នៃ​បណ្តាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ-​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម-​ព្រែកលៀប សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ វិទ្យាស្ថាន​ជាតិ​កសិកម្ម-​កំពង់ចាម​ និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

លោកស្រី Nancy J. Eslick នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ​បានធ្វើឱ្យ​សន្តិសុខ​ផ្នែក​សុខភាព​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​មេគង្គ​មាន​ភាពជឿនលឿន​តាមរយៈ​ការពង្រឹងសមត្ថភាព​ធន​ធាន​ផ្នែក​សុខភាព​សត្វ​ និង​មនុស្ស​ក្នុងការ​ស្វែងរក​ និង​គ្រប់គ្រង​ការផ្ទុះ​នូវ​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។

លោកស្រី​ថា​៖ «​ថ្ងៃនេះ យើង​អបអរសាទរ​ភាព​ជា​ដៃគូ​ដ៏រឹងមាំ​របស់​យើង​ក្នុង​ផ្នែក​សន្តិសុខ​សុខភាព​ពិភពលោក តាមរយៈ​ការគាំទ្រ​រួមគ្នា​លើ​ផ្នែក​ការចាក់​វ៉ាក់សាំង​បង្ការ​ និង​ការកសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល​ជំនាន់​ក្រោយ​របស់​កម្ពុជា ក្នុងការ​តាមដាន​ និង​គ្រប់គ្រង​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដែលជា​អាទិភាព​សកល​»​។ សុខភាព​តែមួយ​ (One Health)​ សំដៅលើ​អភិក្រម​ពហុជំនាញ​ដែល​ទទួល​ស្គាល់​នូវ​ទំនាក់ទំនង​សុខភាព​រវាង​មនុស្ស​ និង​សត្វ​ព្រមទាំង​បរិស្ថាន​។

សេចក្តី​ប្រកាស​បានឱ្យដឹង​ថា សមាជិក​ចំនួន​ ៤ ​រូប ដែល​មកពី​សាកលវិទ្យាល័យ​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់​ជា​គ្រូ​បង្គោល​សម្រាប់​ការបណ្តុះបណ្តាល​ពី​បណ្តាញ​អេពីដេមីសាស្ត្រ​តាមបែប​ការចូលរួម សម្រាប់​សុខភាព​មនុស្ស​ និង​សត្វ ហើយ​បណ្តាញ​និស្សិត​សុខភាព​តែមួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​អភិវឌ្ឍ​ជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត​សម្រាប់​សុខភាព​តែមួយ​។

លោក Hyunjun Rho នាយក​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ KOICA ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍​ថា តំណាងឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ទីភ្នាក់ងារ USAID និង​ក្រុមការងារ​គម្រោង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​គម្រោង One Health នៅ​កម្ពុជា​។ លោក​បន្តថា គម្រោង One Health គឺជា​ផ្នែក​មួយ​នៃ​របៀបវារៈ​សន្តិសុខ​សុខភាព​សកល ដែលជា​សំណុំ​អាទិភាព​ដែល​ត្រូវ​អភិវឌ្ឍ​សម្រាប់​វិស័យ​សុខាភិបាល​ហើយ​វា​ជា​ផ្នែក​មួយ​នៃ​សហប្រតិបត្តិការ​ដ៏​សំខាន់​របស់​ប្រទេស​កូរ៉េ​។ លោក​ថា​៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានឃើញ​សមិទ្ធផល​នេះ​តាមរយៈ​គម្រោង​សន្តិសុខ​សុខភាព​ពិភពលោក​តាំងពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​ ២០១៩ ហើយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ជាមួយ USAID នៅតែ​បន្ត​នាពេល​អនាគត​»​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​របស់ USAID និង KOICA ឥឡូវនេះ មណ្ឌល​សុខភាព​សាធារណៈ​ចំនួន​ ៥​ នៅក្នុង​ខេត្ត​ភាគ​ឦសាន ដែលមាន​ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​វ៉ាក់សាំង ឧបករណ៍​ទុកដាក់​ត្រជាក់​ហើយ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ទុកដាក់​ត្រជាក់​នៃ​ថ្នាំ​បង្ការ​ចំនួន ២៥៥ នាក់​ត្រូវបាន​បណ្តុះបណ្តាល​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​។ នៅ​ថ្ងៃទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង KOICA ក៏បាន​រួមគ្នា​ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​លក់​សត្វ​បក្សី នៅ​​ទីក្រុង​ភ្នំពេញ​ផងដែរ ដើម្បី​មើល​ការចុះ​ធ្វើ​កម្មសិក្សា​របស់​សិស្ស​នៃ​បណ្តាញ CAMBOHUN​។

សេចក្តី​ប្រកាស​រួម​បញ្ជាក់ថា​៖ «​តាមរយៈ​ភាពជា​ដៃគូ​បែបនេះ​ទីភ្នាក់ងារ USAID គាំទ្រ​ដល់​ការត្រៀមលក្ខណៈ​សម្រាប់​ជំងឺ​រាតត្បាត​ដើម្បីឱ្យ​កម្ពុជា​អាច​ទប់ស្កាត់​ និង​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ដែល​ឆ្លង​ពីសត្វ​ទៅ​មនុស្ស​ដូចជា​ជំងឺ​គ្រុនផ្តាសាយ​បក្សី ជំងឺ​ឆ្កែឆ្កួត និង​ការគំរាមកំហែង​នៃ​ជំងឺឆ្លង​ថ្មីៗ​ផ្សេងទៀត​»៕