ភ្នំពេញៈ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) ដោយមាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​មជ្ឈមណ្ឌល​សាមគ្គីភាព​នៅ​ថ្ងៃទី​ ៥ ខែឧសភា បានប្រកាស​ចាប់ផ្តើម​អនុវត្ត «​យុទ្ធនាការ​ហ៊ាន​និយាយ​» ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​កម្មករនិយោជិត​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា ការប្រកាស​អនុវត្ត​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​កម្មករនិយោជិត ដើម្បី​កៀរគរ​ការយកចិត្តទុកដាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពង្រឹង​ទំនាក់ទំនង និង​លើ​កម្ពស់​កិច្ចសហការ និង​សកម្មភាព​រួមគ្នា​​រវាង​ភាគី​ពាក់ព័ន្ធ​ដែល​ខិតខំ​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​។

ដូច្នេះ​កម្មវិធី «​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​» គឺមាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ តាមរយៈ​សកម្មភាព​នានា ដូចជា​ការផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន​នៅ​កម្រិត​រោងចក្រ កិច្ចសន្ទនា និង​ការបង្កើត និង​អនុវត្ត​គោលនយោបាយ​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្រិត​រោងចក្រ​។ នេះ​បើតាម អង្គការ AIP ។

សេចក្ដី​ប្រកាស​ឱ្យដឹងថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ​ការធ្វើសកម្មភាព​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​នឹង​ជួយ​ពង្រឹង និង​ពង្រីក​តម្រូវការ​សម្រាប់​ការផ្លាស់ប្តូរ​នេះ ចំពោះ​កម្មករ​និយោជិត​ដែលមាន​ហានិភ័យ​ខ្ពស់​»​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ផ្តើម​អនុវត្ត​យុទ្ធនាការ​នេះ​ថា ការប្រកាស​ផ្តើម​អនុវត្ត​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត ដើម្បី​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​ដល់​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី «​យុទ្ធនាការ​ហ៊ាន​និយាយ​» នេះ​។ «​យុទ្ធនាការ​នេះ​ក៏​ដើម្បី​កៀរគរ​ការយកចិត្តទុកដាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធានាថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​យន្តការ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ការ​គ្របដណ្តប់​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​យុទ្ធនាការ​ហ៊ាន​និយាយ​យ៉ាង​ទូលំទូលាយ​។ ផ្សព្វផ្សាយ​អំពី​កម្មវិធី និង​លើកទឹកចិត្ត​ឱ្យ​សំឡេង​របស់​ជន​បង្គោល​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​បានឮ និង​យកចិត្តទុកដាក់​ឆ្លើយតប​»​។

តាមរយៈ​សន្និសីទ​នេះ​លោក បញ្ញា លើកទឹកចិត្ត​ដល់​អ្នក​ពាក់ព័ន្ធ​ពិសេស​អ្នកសារព័ត៌មាន​ពិនិត្យ​លទ្ធភាព​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ជំរុញឱ្យមាន​ការចូលរួម​ពី​កម្មករនិយោជិត​នៅ​រោងចក្រ​ផ្សេងទៀត​លើ​ការហ៊ាន​និយាយ​ ដើម្បី​សុវត្ថិភាព​ចរាចរណ៍​,​ហ៊ាន​និយាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​បង្ការ​ខ្លួនឯង​ និង​កម្មករនិយោជិត​ដទៃទៀត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ហ៊ាន​និយាយ ដើម្បី​ទទួល​បាន​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ និង​មាន​សុវត្ថិភាព​ជាដើម​។

លោក​ថា​៖ «​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត ដែលជា​អ្នក​រួមចំណែក​យ៉ាងសំខាន់​ (​តាមរយៈ​ការផ្តល់​កម្លាំង​ពលកម្ម និង​ចំណូល​) ចំពោះ​ការរីកចម្រើន​របស់​រោងចក្រ សហគ្រាស​គ្រួសារ សហគមន៍​ដែល​គាត់​រស់នៅ និង​សេដ្ឋកិច្ចជាតិ​ផង​ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការការពារ​ការ​ខាតបង់​របស់​រដ្ឋាភិបាល រោងចក្រ អ្នកពាក់ព័ន្ធ​ក្នុង​ឧស្សាហក​ម្ម និង​សង្គម​ទាំងមូល​»​។

បើតាម​លោក​បញ្ញា​ក្នុង​ចំណោម​ជនរងគ្រោះ ២ ១៥២ នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​ ២០១៩ មាន​ប្រមាណ​ជិត​ ៣០% គឺជា​កម្មករនិយោជិត (​គ្រប់​វិស័យ​) ហើយ​បើ​យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​សម្រេចបាន​នៅក្នុង​ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០២២ របស់​បេឡា​ជាតិ​សនិ្តសុខ​សង្គម​បាន​បង្ហាញថា​ជាង ៤៩% នៃ​កម្មករនិយោជិត ដែល​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​ដែល​បាន​រាយការណ៍​គឺជា​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ (​គ្រោះថ្នាក់​ចរាចរណ៍​)​។ លោក​បញ្ជាក់ថា​៖ «​ក្នុងចំណោម​កម្មករនិយោជិត​ដែល​ទទួលរង​គ្រោះថ្នាក់​ប្រមាណ​ពាក់កណ្តាល​នៃ​ពួកគេ គឺជា​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​»​។

តាម ប.ស.ស ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ដែល​ធ្វើឱ្យ​លំហូរ​ចរាចរណ៍​នៅលើ​ដងផ្លូវ មានការ​ថយចុះ​ក៏ដោយ ក៏​គិត​ជា​មធ្យម​មាន​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដែល​ធ្វើដំណើរ​ទៅមក​បំពេញ​ការងារ​ប្រមាណ​ ២០៩​ នាក់​ទទួលរង​គ្រោះ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង ​១ ​ខែៗ​។

ចំណែក​ករណី​ជាច្រើន​កម្មករនិយោជិត​ដែល​រងគ្រោះ​ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​ថ្ងៃខែ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ បាត់បង់​សមត្ថភាព​បំពេញ​ការងារ និង​ការងារ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​តម្រូវឱ្យ​ឪពុកម្តាយ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួល​បន្ទុក​នៅ​មើលថែទាំ​ជាប្រចាំ​ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតភាព​របស់​រោងចក្រ​។​ល​៕